សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យមានការយកចិត្តទុកដាក់ចំពោះសុខភាពស្រ្ដីជាកម្មការិនីម្នាក់ នៅខេត្តកំពង់ឆ្នាំង ដែលបានសម្រាលកូនភ្លោះ មិនទាន់គ្រប់ខែ
កំពង់ស្ពឺ៖ សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់អភិបាលខេត្តកំពង់ឆ្នាំង និងផ្នែកសុខាភិបាលពាក់ព័ន្ធ យកចិត្តទុកដាក់ពិនិត្យតាមដានចំពោះសុខភាពស្រ្ដីជាកម្មការិនីម្នាក់ នៅខេត្តកំពង់ឆ្នាំង ដែលបានសម្រាលកូនភ្លោះកាលពីថ្ងៃទី៨ ខែមិថុនា ខណៈការសម្រាលកូនមិនទាន់គ្រប់ខែ ហើយបានបញ្ចូនទៅចិញ្ចឹមក្នុងកែវ នៅរាជធានីភ្នំពេញ។ សម្ដេចតេជោ ក៏បានឧបត្ថម្ភថវិកាចំនួន ៥លានរៀល ដល់ក្រុមគ្រួសារស្រ្ដីសម្រាលកូនភ្លោះនេះផងដែរ។
សម្ដេចតេជោ បានមានប្រសាសន៍ដូច្នេះថា ម្សិលមិញខ្ញុំ មានកំហុសមួយដោយសារពេលដែលចុះពីលើយន្តហោះមក មានការជូនដំណឹងពីឯកឧត្តម អ៊ុក រ៉ាប៊ុន ថា មានស្ត្រីម្នាក់ បានឆ្លងទន្លេ តែកំហុសនេះអាចកែបាន។
សម្តេចបន្តថា ឥឡូវបានដំណឹងថា កូននោះកើតមិនទាន់គ្រប់ខែទេ។ អញ្ចឹងទេ ឪពុក យកកូនទៅភ្នំពេញ ដើម្បីដាក់ក្នុងកែវ នៃមន្ទីរពេទ្យកុមារជាតិ ដើម្បីចិញ្ចឹមក្នុងកែវ ចំណែកម្ដាយនៅមន្ទីរពេទ្យ ។
ជាមួយគ្នានេះ សម្ដេចតេជោ បានស្នើឲ្យអភិបាលខេត្តកំពង់ឆ្នាំង តាមមើលការខុសត្រូវចំពោះស្រ្តីដែលបានឆ្លងទន្លេ និងស្នើឲ្យរដ្ឋមន្រ្តី សុខាភិបាល ត្រូវតាមពិនិត្យមើលសុខភាពរបស់ទារកនោះ ដែលកំពុងព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ នៅព្រឹកថ្ងៃសុក្រ ទី៩ ខែមិថុនា ឆ្នាំ២០២៣ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីចំនួន១៨០៥៧នាក់ មកពីរោងចក្រសហគ្រាស ចំនួន១១ នៅស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ


