រដ្ឋមន្រ្តីអប់រំ៖ការគាំពារនិងអភិវឌ្ឍន៍កុមារតូច បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំ
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ក្នុងបរិបទនេះ ការគាំពារ និងអភិវឌ្ឍន៍កុមារតូច បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុងការអភិឌ្ឍធនធានមនុស្ស ដោយផ្តើមចេញពីការគាំទ្រការអនុវត្តតាមបែបពហុវិស័យបញ្ចូលគ្នា។
ការថ្លែងបែបនេះនៅក្នុងឱកាសលោកអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយដាក់ឱ្យអនុវត្តកញ្ចប់អប់រំមាតាបិតាស្តីពីការចិញ្ចឹមបីបាច់កុមារតូចកាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ ២០២៣។

ឯកឧត្តម ហង់ជួន ណារ៉ុន បានគូសបញ្ជាក់ដែរថា៖«ដើម្បីសម្រេចនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការគាំពារ និងអភិវឌ្ឍន៍កុមារតូច ដែលបានកំណត់ចក្ខុវិស័យ កុមារតូចទាំងអស់ចាប់តាំងពី កំណើតរហូតដល់អាយុក្រោម៦ឆ្នាំ ត្រូវទទួលបានសេវាគាំពារ និងអភិវឌ្ឍន៍ ជាពិសេសកុមារតូចរងគ្រោះ កុមារតូចងាយរងគ្រោះ និងក្រខ្សត់ ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា» ។
ក្រសួងអប់រំ បានឱ្យដឹងថា ក្នុងរយៈ១០ឆ្នាំចុងក្រោយនេះ ថ្នាក់មត្តេយ្យសិក្សាគ្រប់រូបភាពមានការកើនឡើងពី ៨៩១១ ថ្នាក់ នៅឆ្នាំសិក្សា ២០១៣-២០១៤ ដល់ ១៤ ៩៥៦ថ្នាក់ នៅឆ្នាំសិក្សា ២០២២-២០២៣។ ក្នុងនោះឆ្នាំសិក្សា ២០២២-២០២៣ ថ្នាក់មត្តេយ្យសិក្សារដ្ឋមាន ៨ ៤៥២ ថ្នាក់មត្តេយ្យសិក្សាសហគមន៍មាន ៣ ៤៥៩ (ក្នុងនោះមត្តេយ្យសិក្សាសហគមន៍ មានលក្ខណៈស្តង់ដារមាន ១ ៣០៥ថ្នាក់) និងថ្នាក់មត្តេយ្យសិក្សាឯកជនមាន ៣ ០៤៥។

ចំពោះកុមារអាយុ ៥ឆ្នាំ ទទួលបានសេវាអប់រំកុមារតូចគ្រប់រូបភាព ៦៤.៨ភាគរយ។ រីឯកុមារ ៣៦ភាគរយផ្សេងទៀត ដែលមិនទាន់ទទួលបានអត្ថប្រយោជន៍នៃការអភិវឌ្ឍ ចាំបាច់ត្រូវរួមគ្នាវិនិយោគបែបពហុវិស័យ ដើម្បីពួកគេមានលទ្ធភាពទទួលបានការអប់រំបានទាន់ពេលវេលា ដែលជាមូលដ្ឋានគ្រឹះមិនអាចខ្វះបាននាំឱ្យមានការផ្លាស់ប្ដូរនៅក្នុងជីវិតនៃការសិក្សា។
ក្រសួងអប់រំ យុវជន និងកីឡា បន្តថា យើងក៏លើកទឹកចិត្តមាតាបិតា ឱ្យដើរតួនាទីយ៉ាងសកម្មក្នុងការជួយដល់កុមារតូចបានទទួលការសិក្សាពីដំបូង តាមរយៈការទទួលចំណេះដឹងពីគ្រូមត្តេយ្យសិក្សានិងអ្នកជំនាញផ្សេងទៀត ដើម្បីជួយពួកគេឱ្យយល់ដឹងពីសារៈសំខាន់នៃការគាំពារ និងអភិវឌ្ឍកុមារតូច៕

ដោយ៖ សុខ រក្សា