កម្ពុជាកសាងវិមានរដ្ឋធម្មនុញ្ញ (Video Inside)
កម្ពុជាបានសាងសង់វិមានរដ្ឋធម្មនុញ្ញ ដើម្បីជានិមិត្តរូបប្រវត្តិសាស្រ្ត នៃការបង្កើតរដ្ឋធម្មនុញ្ញ។ ពិធីបញ្ចុះបឋមសិលាសាងសង់វិមានរដ្ឋធម្មនុញ្ញ បានប្រព្រឹត្តទៅនៅថ្ងៃទី១២ មិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ រួមជាមួយសមាជិក នៃក្រុមប្រឹក្សាធម្មនុញ្ញជាច្រើនរូបទៀត។
កន្លែងបញ្ចុះបឋមសិលាមានទីតាំងនៅជិតវិមានឯករាជរាជ្យ ដែលក្រុមប្រឹក្សាធម្មនុញ្ញបានចាត់ទុកថា «ជានិមិត្តរូបប្រវត្តិសាស្រ្តរម្លឹកដល់ភាពជោគជ័យ នៃការបង្កើតរដ្ឋធម្មនុញ្ញ ដែលមានអាយុកាល ៣០ឆ្នាំ» កន្លងមកនេះ។
លោក អ៊ឹម ឈុនលឹម បានថ្លែងប្រាប់អ្នកសារព័ត៌មានថា «ការសាងសង់វិមានរដ្ឋធម្មនុញ្ញនេះ គឺក្នុងគោលបំណង លើកតម្កើងដល់ការអនុវត្តរដ្ឋធម្មនុញ្ញ តាំងពីឆ្នាំ១៩៩៣ ដែលមានអាយុកាល ៣០ឆ្នាំ»។
លោកបានថ្លែងបន្តថា រដ្ឋធម្មនុញ្ញរបស់កម្ពុជាកាន់តែទទួលបានការអនុវត្តកាន់តែរឹងមាំ និងកាន់មានប្រសិទ្ធភាពថែមទៀត គឺនៅក្រោយដែលមាន ការធ្វើសមាហរណកម្មក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលធានាបាននូវស្ថិរភាពនយោបាយពេញលេញ។
លោក អ៊ឹម ឈុនលឹម បញ្ជាក់តៀតថា ការសាងសង់វិមានរដ្ឋធម្មនុញ្ញនេះ ក្នុងគោលដៅឲ្យយុវជនជំនាន់ក្រោយបានចងចាំ និងស្វែងយល់ពីតម្លៃរដ្ឋធម្មនុញ្ញ ដែលរដ្ឋធម្មនុញ្ញនេះបង្កើតមកដោយសារសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ភាគីពាក់ព័ន្ធ ជាពិសេសភាពប៉ិនប្រសព្វរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ទើបអាចធានាឲ្យកម្ពុជាអនុវត្តរដ្ឋធម្មនុញ្ញដោយជោគជ័យ។
វិមានរដ្ឋធម្មនុញ្ញ ត្រូវបានស្ថាបត្យកររៀបចំសាងសង់ឡើងពាក់ព័ន្ធនឹងការរចនានៅលើសន្លឹកទ្វារទាំង ៤ ដែលឆ្លុះបញ្ចាំងទៅលើទស្សនៈគុណតម្លៃ នៃរដ្ឋធម្មនុញ្ញនិយមទំនើប ដូចជា គុណតម្លៃនីតិរដ្ឋ, គុណតម្លៃប្រជាធិបតេយ្យ, គុណតម្លៃនៃការបែងចែកអំណាចដាច់ពីគ្នានៃអំណាចទាំង ៣ របស់កម្ពុជា និងគុណតម្លៃនៃសិទ្ធិមនុស្សផងដែរ៕