ក្រុង​ហូជីមិញ​ គ្រោង​​នឹង​បង្កើត​លំហ​​បៃតង​ក្នុង​ក្រុង​បន្ថែម​​ទៀត​

ហាណូយ:​ អាជ្ញាធរ​ទីក្រុង​ហូជីមិញ​ បាន​ដឹក​នាំ​ភ្នាក់ងារ​ពាក់​ព័ន្ធ​ ពិនិត្យ​មើល​ការ​ប្រើ​ប្រាស់​ដី​ដែល​បាន​គ្រោង​ទុក​សម្រា​​ប់​សួន​ច្បារ​សាធារណៈ ​ដើម្បី​​បង្កើត​ឱ្យ​មាន​​លំហ​បៃតង​ក្នុង​ទីក្រុង​បន្ថែម​ទៀត​ ពី​ឆ្នាំ​ ២០២៣​ ដល់​ឆ្នាំ​ ២០២៥​។ ​នេះ​បើ​តាម​ការ​ចុះ​​ផ្សាយ​របស់​កាសែត​អនឡាញ​វៀតណាម​ VnExpress កាល​ពី​ថ្ងៃ​ទី១២ ខែមិថុនា​​។

​យោង​តាម​នាយកដ្ឋាន​សំណង់​របស់​ទីក្រុង​ ទីក្រុង​ហូជីមិញ​ដែល​មាន​ប្រជាជន​ប្រមាណ​ ៩ លាន​នាក់​រស់​នៅ​ ​​មាន​សួន​ច្បារ​សាធារណៈ ​និង​សួន​លំនៅឋាន​ប្រមាណ ​៣៦៩ ​កន្លែង​ លើ​​ផ្ទៃ​ដី​សរុប​ ៥០០​ ​ហិកតា​។​ យ៉ាង​ណា​មិញ​ សមាមាត្រ​បច្ចុប្បន្ន​នៃ​តំបន់​បៃតង​ និង​​ចំនួន​ប្រជាជន​ទីក្រុង​ មាន​កម្រិត​ទាប​បំផុត​ត្រឹម​តែ​ ០,៥៥ ម៉ែត្រការ៉េ​ក្នុង​មនុស្ស​ម្នាក់​ (ម២/ម្នាក់)។

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ទីក្រុង​ធំ​ៗ​របស់​វៀតណាម​រួម​ទាំងក្រុង​ហូជីមិញ​ និង​​រដ្ឋធានី​ហូជីមិញ​ បាន​ខិត​ខំ​បង្កើន​ទីធ្លា​សាធារណៈ​ ​​ពង្រីក​សួន​ច្បារ​សាធារណៈ​ និង​​បង្កើន​ការ​ដាំ​ដើម​ឈើ​ជា​ដើម​។

​យ៉ាង​ណា​មិញ សម្រាប់​ក្រុង​ហូជីមិញ​ ​លទ្ធផល​មិន​ដូច​ការ​រំពឹង​ទុក​នោះ​ទេ ដោយ​សួន​សាធារណៈ​ភាគ​ច្រើន​មាន​ទីតាំង​នៅ​ខាង​ក្នុង​ទីក្រុង​ ហើយ​ខ្វះ​​សួន​ច្បារ​សាធារណៈ​នៅ​ក្នុង​សង្កាត់​ដែល​នៅ​ជាយ​ៗ​ក្រុង​​ ខណៈ​​ផ្ទៃ​ដី​នៃ​សួន​សាធារណៈ​មួយ​ចំនួន​ ត្រូវ​បាន​រួម​តូច​ដោយ​សារ​ការ​​​ពង្រីក​ផ្លូវ​។

​យោង​តាម​នាយកដ្ឋាន​សំណង់​ក្រុង​ហូជីមិញ​ដដែល​ បន្ទាប់​ពី​ពិនិត្យ​លើ​ដី​បម្រុង​សម្រាប់​សួន​ច្បារ​សាធារណៈ​ នាយកដ្ឋាន​នឹង​ស្នើ​រៀប​ចំ​គម្រោង​សាង​សង់​ និង​អំពាវ​នាវ​ឱ្យ​មាន​ការ​វិនិយោគ​បន្ថែម​។​ បច្ចុប្បន្ន​ ទីក្រុង​នេះ​មាន​​​​គោលដៅ​​ឱ្យ​មាន​លំហ​​បៃតង​​​ពី​ ២,៥-១២ ម២/ម្នាក់នៅ​ឆ្នាំ​ ២០២៥​។​

​នៅ​ឆ្នាំ​ ២០២៣​នេះ​ អាជ្ញាធរ​ក្រុង​នឹង​សម្រេច​ផែនការ​សាង​សង់​សួន​ច្បារ​សាធារណៈ​ទំហំ​ ១០​ ហិកតា ​និ​ង​​ទីធ្លា​សាធារណៈ​​បៃតង​ចំនួន​ ២​ ហិកតា ​ដាំ ​និង​ជួស​ជុល​ដើម​ឈើ​​ចំនួន​ ៦ ០០០ ដើម​ ​ដើម្បី​បំពេញ​តា​ម​​គោលដៅ​នៃ​ផ្ទៃ​ដី​បៃតង​ ៣-៤ ម២/ម្នាក់។ 

សូម​​បញ្ជាក់​ថា​ លំហ​បៃតង​មាន​សារៈ​សំខាន់​ណាស់​ សម្រាប់​សុខុមាល​ភាព​របស់​ប្រជាជន​ ជា​ពិសេស​នៅ​ទីក្រុង​។ វា​ជួយ​កាត់​បន្ថយ​ផល​ប៉ះ​ពាល់​នៃ​ការ​បំពុល​ និង​អាច​កាត់​​កំដៅ​ក្នុង​ទីក្រុង​​ ដែល​បង្ក​ឡើង​ពី​សក​ម្ម​ភាព​របស់​មនុស្ស​៕ ដោយ៖ ហួន ឌីណា ​​

ប្រភព​៖ HCMC plans to have more urban green spaces  

ads banner