អាមេរិកបារម្ភថា កូរ៉េខាងជើងគ្រោងនឹងបញ្ជូនអាវុធបន្ថែមទៅរុស្ស៊ី
អាមេរិក: អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បាននិយាយកាលពីថ្ងៃទី១២ ខែមិថុនា ថា សហរដ្ឋអាមេរិកមានការព្រួយបារម្ភដែលថា កូរ៉េខាងជើងគ្រោងនឹងបញ្ជូនសព្វាវុធបន្ថែមទៀតដល់ប្រទេសរុស្ស៊ី បន្ទាប់ពីមេដឹកនាំលោក គីម ជុងអ៊ុន បានប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយទីក្រុងមូស្គូ។ នេះតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
អ្នកនាំពាក្យក្រសួងការបរទេសបាននិយាយថា ទោះបីជាទីក្រុងព្យុងយ៉ាងបដិសេធថា ខ្លួនមិនបានលក់អាវុធទៅឱ្យរុស្ស៊ីដោយសង្ងាត់ ដើម្បីយកទៅប្រើប្រាស់ក្នុងសង្រ្គាមឈ្លានពានអ៊ុយក្រែនក៏ដោយ សហរដ្ឋអាមេរិកបានដឹងច្បាស់ថា កូរ៉េខាងជើងបានបញ្ចប់ការផ្ដល់អាវុធ រួមទាំងគ្រាប់រ៉ុក្កែត និងមីស៊ីលទៅឱ្យក្រុមទាហានស៊ីឈ្នួលរុស្ស៊ី Wagner ក្នុងខែវិច្ឆិកា កាលពីឆ្នាំមុន។
អ្នកនាំពាក្យដដែលបានបន្ថែមថា ៖ «យើងមានការព្រួយបារម្ភថា កូរ៉េខាងជើងកំពុងរៀបចំផែនការបញ្ជូនសម្ភារៈយោធាបន្ថែមទៀតទៅឱ្យរុស្ស៊ី»។
ការបង្ហាញក្ដីព្រួយបារម្ភយ៉ាងដូច្នេះ ធ្វើឡើងបន្ទាប់ពីលោក គីម ថ្មីៗនេះបានអំពាវនាវឱ្យមាន «កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រកាន់តែជិតស្និទ្ធ» ជាមួយទីក្រុងមូស្គូ ដោយថានឹងកាន់ដៃគ្នាយ៉ាងរឹងមាំជាមួយប្រធានាធិបតីរុស្ស៊ី ដើម្បីសម្រេចបាននូវគោលដៅធំនៃការកសាងប្រទេសដ៏មានឥទ្ធិពលមួយ។
គេមើលឃើញថា កូរ៉េខាងជើងបានពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយរុស្ស៊ី និងគាំទ្ររុស្ស៊ីចំពោះការឈ្លានពានអ៊ុយក្រែនទ្រង់ទ្រាយធំ ដែលចាប់ផ្ដើមកាលពីឆ្នាំមុន ហើយបន្ទោសទៅលើ «គោលនយោបាយអនុត្តរភាព» របស់សហរដ្ឋអាមេរិក និងលោកខាងលិច។ កាលពីខែមីនាកន្លងទៅ សហរដ្ឋអាមេរិកបាននិយាយថា ខ្លួនមានព័ត៌មានថ្មីថា រុស្ស៊ីកំពុងចង់បានអាវុធបន្ថែមពីកូរ៉េខាងជើងយ៉ាងសស្រាក់សស្រាំ ជាថ្នូរនឹងជំនួយស្បៀងអាហារ ខណៈកូរ៉េខាងកំពុងជួបប្រទះនូវវិបត្តិស្បៀងអាហារធ្ងន់ធ្ងរ៕
ដោយ៖ ហួន ឌីណា
ប្រភព៖ US concerned North Korea planning to deliver more weapons to Russia