សម្តេចតេជោ ហ៊ុន សែន ទម្លាយថា លោក ស ឡុងដេត មិនអាចចេញទៅក្រៅប្រទេសបានឡើយ ព្រោះមន្ត្រីគណបក្សភ្លើងទៀនរូបនេះ ត្រូវឡើងតុលាការ រឿងក្តីពាក់ព័ន្ធនឹងស៊ីហ្គេម

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទម្លាយថា លោក ស ឡុងដេត មិនអាចចេញទៅក្រៅប្រទេសបានឡើយ ។ សម្ដេចបានហៅ មន្ត្រីគណបក្សភ្លើងទៀនរូបនេះ ត្រឡប់មកវិញ ដើម្បីត្រៀមខ្លួនឡើងតុលាការ រឿងក្តីពាក់ព័ន្ធនឹងបញ្ហានិយាយពីព្រឹត្តិការណ៍ស៊ីហ្គេម។

សម្តេច បញ្ជាក់ថា លោក ស ឡុងដេត មិនអាចចេញទៅក្រៅប្រទេសបាននោះឡើយ ព្រោះមានដីកាពីតុលាការហាមចេញក្រៅប្រទេស ដោយសារត្រូវបានគេប្តឹង រឿងនិយាយបង្ខូចពាក់ព័ន្ធនឹងព្រឹត្តិការណ៍ស៉ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សម្តេច ថា ទោះបីជា ស ឡុងដេត រត់ទៅដល់ថៃក៏សម្តេចស្នើសុំថៃ ឲ្យចាប់បញ្ជូនមកវិញដែរ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា ឥឡូវ សូមអំពាវនាវ ស ឡុងដេត សូមត្រលប់មកវិញ យប់មិញចាកចេញពីភ្នំពេញ ចាំបាច់រត់ធ្វើអី? បើគង់តែរត់ទៅ ខ្ញុំសុំឲ្យថៃចាប់បញ្ជូនមកវិញដែរ។ យប់មិញ ទៅដល់ថ្មដា ថៃគេអត់ឲ្យឆ្លងទេ ឥលូវកំពុងតែឆ្ពោះទៅចាំយាម។ ចៅហ្វាយខេត្តចាំយាម ដីកាតុលាការហាមចេញក្រៅប្រទេស បើចេញក្រៅប្រទេសចាប់ភ្លាម នៅនឹងទល់ដែន។ ឥលូវ ស ឡុងដេត បានលឺហើយ ត្រលប់មកវិញ។ ត្រលប់មកដេកផ្ទះឲ្យស្រួល ហើយទៅឆ្លើយជាមួយតុលាការទៅ អាបញ្ហាចោទប្រកាន់រឿងស៊ីហ្គេម។ គណៈកម្មការស៊ីហ្គេមគេប្តឹង ព្រោះចោទប្រកាន់គេវាធ្ងន់ពេក។

សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងដូច្នេះក្នុងឱកាសបន្តចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ជិត២ម៉ឺននាក់ ក្នុងខណ្ឌពោធ៌សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានថ្លែងសារព្រមាន លោក ស ឡុងដេត និងបន្តប្រកាសថា សម្តេចមិនអត់ឱនជនណា ដែលមានទំនាក់ទំនងជាមួយជនក្បត់ជាតិ ៣ជំនាន់នោះឡើយ។ សារព្រមានរបស់សម្តេចតេជោ បានធ្វើឡងបន្ទាប់ពី លោក ស ឡុងដេត ក្នុងកិច្ចប្រជុំថ្មីៗនេះ ចង់បង្កើតឃុំមួយរបស់បក្សប្រជាជនកម្ពុជា និងឃុំមួយរបស់ភ្លើងទៀន។ ជាមួយគ្នានេះ លោក ស ឡុងដេត ក៏បានរិះគន់លើការរៀបចំស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាមិនយកថ្លៃសំបុត្រ មិនយកថ្លៃស្នាក់នៅនិងអាហារ ព្រមទាំងមិនយកថ្លៃលើសិទ្ធិផ្សាយ ។

យោងតាមខ្លឹមសាររបស់សម្តេចតេជោ ហ៊ុន សែន លើបណ្តាញ Telegram គឺលោក ស ឡុងដេត បានប្រជុំជាមួយមន្ត្រីបក្សភ្លើងទៀនខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌទួលគោកនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner