លោក ប្រាយុទ្ធ ចាន់អូចា ៖ ផែនការវិលចូលស្រុករបស់លោក ថាក់ស៊ីន គឺជាបញ្ហារបស់ប៉ូលិស
បាងកក៖ លោក ប្រាយុទ្ធ ចាន់អូចា ថ្លែងថា ផែនការវិលត្រឡប់ចូលស្រុកវិញរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា គឺទុកឲ្យខាងប៉ូលិសជាអ្នកចាត់ចែង។
នាយករដ្ឋមន្ត្រីផុតអាណត្តិថៃ លោក ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃអង្គារនេះ បានគូសបញ្ជាក់ថា ផែនការរបស់វិលត្រឡប់ចូលស្រុកវិញរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា គឺទុកឲ្យខាងប៉ូលិសជាអ្នកចាត់ចែង ព្រោះបញ្ហានេះ លោកមិនបានលើកឡើងក្នុងជំនួបជាមួយមេប៉ូលិសជាតិនោះទេ។

ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន ថាតើប៉ូលិសត្រូវរៀបចំអ្វីខ្លះ ប្រសិនបើលោក ថាក់ស៊ីន វិលត្រឡប់ចូលស្រុកវិញនោះ លោក ប្រាយុទ្ធ បាននិយាយថា រឿងនេះមិនពាក់ព័ន្ធនឹងរដ្ឋាភិបាលនោះទេ ព្រោះវាជារឿងនីតិរដ្ឋ និងថា ប្រសិនបើលោក ថាក់ស៊ីន វិលត្រឡប់ចូលស្រុកវិញមែននោះ គាត់នឹងត្រូវប្រឈមនិតិវិធីច្បាប់ ហើយខ្ញុំមិនមានអ្វីទាក់ទងនឹងគាត់ឡើយ។

សូមរម្លឹកថា លោក ថាក់ស៊ីន បានបង្ហោះសារនៅមុនការបោះឆ្នោតថ្ងៃទី១៤ ខែឧសភាថា លោកបានប្តេជ្ញាចិត្តវិលត្រឡប់ទៅប្រទេសថៃវិញ មុនអាយុ ៧៤ឆ្នាំ នៅថ្ងៃទី២៦ ខែកក្កដាខាងមុខ។ លោកថា លោកចង់ត្រឡប់ទៅផ្ទះវិញដើម្បីមើលថែចៅៗរបស់គាត់ ហើយលោកក៏បានត្រៀមខ្លួនរួចរាល់អស់ហើយផងដែរ ដើម្បីប្រឈមមុខនឹងផ្លូវច្បាប់៕

ប្រភព៖ Bangkok Post ប្រែសម្រួលដោយ៖ ឈឹម ទីណា