អង្គការណាតូនឹងបង្កើតការិយាល័យទំនាក់ទំនងនៅទីក្រុងតូក្យូ ដើម្បីពង្រឹងទំនាក់ទំនងក្នុងតំបន់
តូក្យូ៖ កាសែត នីកកេ(Nikkei) បានចុះផ្សាយនៅថ្ងៃអង្គារ ទី១៣ ខែមិថុនា ថា នៅឆ្នាំ២០២៤ ខាងមុខ អង្គការណាតូនឹងបង្កើតការិយាល័យទំនាក់ទំនងមួយនៅទីក្រុងតូក្យូ ហើយប្រើប្រាស់វាជាមជ្ឈមណ្ឌលសម្រាប់កិច្ចសហប្រតិបត្តិការជាមួយប្រទេសអូស្ត្រាលី ជប៉ុន នូវែលសេឡង់ និងកូរ៉េខាងត្បូង។
កាលពីខែឧសភា ឯកអគ្គរាជទូតជប៉ុនប្រចាំនៅសហរដ្ឋអាមេរិកបានឱ្យដឹងថា សម្ព័ន្ធភាពយោធាណាតូ ដឹកនាំដោយសហរដ្ឋអាមេរិក កំពុងរៀបចំផែនការរៀបចំបើកការិយាល័យមួយនៅទីក្រុងតូក្យូ ដែលជាការិយាល័យដំបូងគេបង្អស់នៅអាស៊ី ដើម្បីជំរុញភាពងាយស្រួលដល់ការពិគ្រោះយោបល់នៅក្នុងតំបន់ ប៉ុន្តែប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុន (Emmanuel Macron) បានជំទាស់នឹងផែនការនេះ។
កាលទើបនឹងលើកឡើងអំពីផែនការនេះដំបូង ប្រទេសចិនបានសម្ដែងការមិនពេញចិត្ត ដោយអះអាងថា តំបន់អាស៊ីប៉ាស៊ីហ្វ៊ិកមិនស្វាគមន៍ ក្រុមប្រទេសដែលចង់តែប្រឈមមុខដាក់គ្នាជាក្រុមនោះទេ ហើយចិនបានជំរុញឱ្យប្រទេសជប៉ុន ប្រុងប្រយ័ត្នបន្ថែមលើបញ្ហាសន្តិសុខយោធា ដោយសារតែជប៉ុនមានប្រវត្តិសាស្រ្តឈ្លានពានប្រទេសគេដទៃ។
កាសែត Nikkei បានបញ្ជាក់បន្ថែមថា អង្គការណាតូនឹងខិតខំកសាងទំនាក់ទំនងឱ្យបានកាន់តែស៊ីជម្រៅជាមួយដៃគូធំៗចំនួនបួនរបស់ខ្លួននៅតំបន់ប៉ាស៊ីហ្វិក នោះគឺអូស្ត្រាលី ជប៉ុន នូវែលសេឡង់ និងកូរ៉េខាងត្បូង។ អង្គការសម្ព័ន្ធភាពមួយនេះកំពុងធ្វើការលើការបង្កើតកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយប្រទេសដៃគូនីមួយៗ ដើម្បីបង្កើតមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដូចជា សន្តិសុខតាមអ៊ីនធឺណិត និងសន្តិសុខនៅលើលំហអាកាស។
ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុនកាលពីខែមករា ប្រធានអង្គការណាតូលោក ចេនស៍ ស្តូលថិនបឺក (Jens Stoltenberg) បានសន្យាជាមួយនាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វ៊ូមីអូ គីស៊ីដា (Fumio Kishida) ថានឹងពង្រឹងទំនាក់ទំនងរវាងភាគីទាំងពីរ ដើម្បីរួមគ្នាប្រឈមមុខនឹងបញ្ហាសន្តិសុខ ដោយលោកបានលើកឡើងពីការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន និងឥទ្ធិពលយោធារបស់ចិនដែលកំពុងកើនឡើងខ្លាំងនៅក្នុងតំបន់។
អ្នកនាំពាក្យផ្នែកអគ្គនាយកដ្ឋានកិច្ចការបរទេស និងពាណិជ្ជកម្មរបស់ណាតូ បាននិយាយថា ៖ «ប្រទេសអូស្ត្រាលីនឹងធ្វើបច្ចុប្បន្នភាពបន្ថែមទៀតទៅលើការរៀបចំភាពជាដៃគូក្នុងតំបន់»។ លោកបន្តថា «ប្រទេសដែលជាដៃគូរបស់អង្គការណាតូទាំងអស់ នឹងប្តូរទៅកម្មវិធីភាពជាដៃគូដែលតម្រូវតាមលក្ខណៈពិសេសរបស់ប្រទេសនីមួយៗ នៅពេលដែលកិច្ចព្រមព្រៀងភាពជាដៃគូបច្ចុប្បន្នរបស់ពួកគេត្រូវបានផុតកំណត់»។
អូស្ដ្រាលីគឺជាប្រទេសដែលស្ថិតនៅក្នុងចំណោមប្រទេសដៃគូចំនួន ៥ ដែលមិនមែនជាសមាជិកណាតូ ប៉ុន្តែបានបង្កើតកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ ដូចជាការបើវគ្គបណ្តុះបណ្តាល និងការចែករំលែកព័ត៌មាន ដើម្បីរៀបចំត្រៀមខ្លួនគ្រប់គ្រងវិបត្តិណាមួយដែលអាចកើតមាននៅពេលអនាគត នេះបើយោងតាមការលើកឡើងរបស់អង្គការមួយនេះកាលពីខែមេសា កន្លងទៅ។
កាលពីខែមុន លោក គីស៊ីដា បានអះអាងថា ៖ «ប្រទេសជប៉ុនមិនមានគម្រោងចូលជាសមាជិករបស់អង្គការណាតូនោះទេ ឬសូម្បីតែរដ្ឋពាក់កណ្តាលសមាជិកក៏អត់ដែរ»។ យ៉ាងណាក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានចុះផ្សាយថា នៅពេលនេះ លោក គីស៊ីដា កំពុងរៀបចំខ្លួនដើម្បីធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការណាតូ នៅក្នុងប្រទេសលីទុយអានី ក្នុងខែកក្កដាខាងមុខនេះ៕
ប្រែសម្រួល៖ធា សុណា
ប្រភពព័ត៌មាន៖ Channel NewsAsia
NATO to set up liaison office in Tokyo, beef up regional ties: Report
https://www.channelnewsasia.com/asia/nato-liason-office-japan-tokyo-military-security-3558806