សម្តេចតេជោ ហ៊ុន សែន បញ្ជាក់អំពីការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតដែលទាក់ទងទៅនឹងអ្នកមានសិទ្ធិឈរឈ្មោះ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា យើងនឹងមានការកែទម្រង់ច្បាប់បោះឆ្នោតដែលទាក់ទងទៅនឹងអ្នកមានសិទ្ធិឈរឈ្មោះ ដើម្បីពង្រឹងការទទួលខុសត្រូវរបស់មន្ត្រីនយោបាយ។ ចំណុចទាក់ទងនឹងអ្នកដែលមានសិទ្ធិឈរឈ្មោះ ក្នុងនឹងគេបានចែងថា បានអនុវត្តនូវសិទ្ធិបោះឆ្នោត ដោយបានបោះឆ្នោតសម្រាប់ការបោះឆ្នោតជាសកលចំនួន ២ដង លើកចុងក្រោយជាប់គ្នា ដែលរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លើកតែករណីដែលមិនអាចអនុវត្តសិទ្ធិបោះឆ្នោតដោយមានមូលហេតុសមស្រប។ … ប៉ុន្តែដោយសារតែអ្នកឯងផ្គើនពេក សម្តេចក្រឡាហោម ស ខេង បានណែនាំឯកឧត្តម កើត រិទ្ធ រឹតបន្តឹងកន្លែងនឹង ហើយខ្ញុំគាំទ្រ។ ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត២ម៉ឺននាក់ នៅតំបន់ព្រៃស្ពឺ មកពីរោងចក្រ សហគ្រាសចំនួន៩ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា ពង្រាងច្បាប់បោះឆ្នោតថ្មីមាត្រា ១៤២ថ្មី ត្រូវផាកពិន័យជាប្រាក់ ៥លានរៀល ទៅ២០លានរៀល ដោយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀតចំពោះជនណាដែលប្រើតាមគ្រប់មធ្យោបាយទុច្ចរិត រារាំង ឬញុះញង់ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតមិនឱ្យទៅចុះឈ្មោះបោះឆ្នោត ឬរារាំងមិនឲ្យចុះឈ្មោះប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតក្នុងបញ្ជីបោះឆ្នោត និងសៀវភៅបញ្ជីបោះឆ្នោត។ បង្កការអុកឡុ ឬរារាំងសកម្មភាពជាប្រក្រតីក្នុងទីកន្លែងសម្រាប់ការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតនៅក្នុងអំឡុងពេលនៃការពិនិត្យបញ្ជី និងចុះឈ្មោះបោះឆ្នោត។ ឱ្យអ្នកគាំទ្រ ឬអ្នកបោះឆ្នោតប្រព្រឹត្តអំពើរំលោភបំពាន អំពើគំរាមកំហែង អំពើហិង្សាទៅលើបេក្ខជន ឬទៅលើគណបក្សនយោបាយដទៃ រារាំង ឬញុះញង់ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតមិនឲ្យទៅបោះឆ្នោត។

រារាំងបេក្ខជន ឬអ្នកគាំទ្រគណបក្សនយោបាយមិនឲ្យឃោសនាបោះឆ្នោតតាមការកំណត់។ ធ្វើឲ្យបាត់ទំនុកចិត្តលើការសម្ងាត់ នៃការបោះឆ្នោត ធ្វើឲ្យមានការភ័ន្តច្រឡំនាំឲ្យបាត់ទំនុកចិត្តលើការបោះឆ្នោត។ បង្កការរំខានមិនឲ្យដំណើរការបោះឆ្នោតបាន។ បង្កការរំខានមិនឲ្យរាប់សន្លឹកឆ្នោតបាន ធ្វើឲ្យខូចរបៀបរៀបរយក្នុងការបោះឆ្នោត។ ទិញសន្លឹកឆ្នោតដោយសម្ភារៈ ឬដោយប្រាក់កាក់។ ត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ឬលប់បេក្ខភាពរបស់សាម៉ីខ្លួន ឬដកសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតរបស់សាម៉ីខ្លួនសម្រាប់រយៈពេល៥ឆ្នាំយ៉ាងតិច ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ បន្ថែមលើទណ្ឌកម្មដែលបានចែងក្នុងកថាខណ្ឌ១ ខាងលើ ចំពោះជនដែលបានប្រព្រឹត្តបទល្មើសណាមួយ ដូចមានចែងក្នុងកថាខណ្ឌទី១ ខាងលើ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា មាត្រា១៤៣ថ្មី ត្រូវលុបបេក្ខភាពឈរឈ្មោះបោះឆ្នោតរបស់គណបក្សនយ បាយ ឬត្រូវផាកពិន័យជាប្រាក់ពី ១០លានរៀលទៅ ៣០លានរៀល ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌដទៃទៀតចំពោះគណបក្សនយោ បាយដែលបានប្រព្រឹត្តល្មើសដូចមានចែងក្នុងមាត្រា១៤២ ថ្មីខាងលើ។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា “អ៊ីចឹងលោកឯងប្រហើនទៀតទៅ កាន់តែរើកាន់តែដូចត្រីជាប់ជុច។ ឥឡូវវាប្រហើនស្រែកមកទៀតថា ឲ្យចូលទៅដើម្បីគូសបំផ្លាញសន្លឹកឆ្នោត។ ចាំមើលជាប់គុកប៉ុន្មាន ហើយចាំមើលបង់ផាកប៉ុន្មាន បង្កអុកឡុកសាកមើល ហើយពួកអានៅខាងក្រៅ ពួកអាក្រុមនេះ កំពុងតែរុញច្រានឲ្យយើងឈានឆ្ពោះទៅរកការរំលាយគណបក្សដែលបញ្ជាពីខាងក្រៅ ក្រែងពីនៅខាងក្នុងគេមិនយល់ស្របជាមួយពួកអ្នកឯងទេ។ ប៉ុន្តែបើអ្នកនៅខាងក្នុងបើសិនជាហ៊ានធ្វើតាមសកម្មភាពរបស់ពួកអាខាងក្រៅ គឺច្បាស់ណាស់ថានឹងរងនៅទណ្ឌកម្ម។

អ៊ីចឹងទេ អ្នកឯកសាកមើលទៅ។ រឹតបន្តឹងជាមួយនឹងសកម្មភាពបំផ្លាញសិទ្ធិរបស់ប្រជាពលរដ្ឋ។ កន្លងទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រតិកម្មទៅលើយុទ្ធនាការរបស់គេនោះដែលថា (ខ្ញុំមិនទៅបោះឆ្នោតដោយសារគ្មានឈ្មោះគណបក្សដែលខ្ញុំពេញចិត្ត) ឥឡូវបើអ្នកឯងមកធុនហ្នឹងទៀត បើនៅក្នុងស្រុកគឺត្រូវជាប់ហើយ បើនៅក្រៅស្រុកអ្នកឯងរួចខ្លួន។ ប៉ុន្តែអ្នកឯងនៅក្រៅស្រុកកុំភ្លេចថា បើភ្ជាប់ទំនាក់ទំនងជាមួយក្នុងស្រុក អ្នកនៅក្នុងស្រុក គឺអាលាយ និយាយគ្នាឲ្យច្បាស់ ត្រង់ៗជាមួយគ្នាចឹងម៉ង”៕
ដោយ៖ពលជ័យ

ads banner