ពន្ធដារ ប្រមូលចំណូលពន្ធបានជាង ១ ៨២៦ លានដុល្លារ ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២៣

ភ្នំពេញ៖
យោងតាមសេចក្តីប្រកាសព័ត៌មានពីអគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា សរុបរយៈពេល ៥ខែ ចាប់ពីខែមករា ដល់ឧសភា ឆ្នាំ២០២៣ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្តែងតាមប្រព័ន្ធ គ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ មានចំនួន ប្រមាណជា ១ ៨២៦,៦៩ លានដុល្លារ ស្មើនឹង ៥១,១៤ភាគរយ នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។

ជាមួយគ្នានោះដែរ ចំពោះលទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបង្ហាញថាក្នុង ខែឧសភា ឆ្នាំ២០២៣ ចំណូលពន្ធ-អាករគ្រប់ប្រភេទដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្តែងតាមប្រព័ន្ធ គ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ មានចំនួន ប្រមាណជា ២៣៥,៨៩ លានដុល្លារ ស្មើនឹង ៦,៦០ភាគរយ នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។
ក្នុងកិច្ចប្រជុំតាមរយៈស្ថានភាពនៃចំណូលពន្ធសម្រាប់រយៈពេល ៥ខែ ឆ្នាំ២០២៣ ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានពន្ធដារ មានប្រសាសន៍ ថសការអនុវត្ត ការងារគ្រប់គ្រងប្រមូលចំណូលពន្ធសម្រាប់ឆ្នាំ២០២៣ អាចនឹងសម្រេចបានគ្រប់តាមផែនការច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ចំនួន ដែលមានប្រមាណជា ៣ ៥៧១,៦៩ លានដុល្លារ។
លោកបានបន្ថែមថា ចំណូលពន្ធបានហក់ខ្ពស់ក្នុងខែមីនា ឆ្នាំ២០២៣ ដែលសម្រេចបានប្រមាណជា ៨០៤,៤៥ លានដុល្លារ ធៀបនឹងខែមីនា ឆ្នាំ២០២២ សម្រេចបាន ប្រមាណជា ៧៥០,៧១ លានដុល្លារ។
ឯកឧត្តម គង់ វិបុល មានប្រសាសន៍ទៀតថា ទទួលបានលទ្ធផលបែបនេះ ដោយសារតែ ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធដារគ្រប់លំដាប់ថ្នាក់ បានខិតខំប្រឹងប្រែងស្រុះដៃគ្នា អនុវត្តការងារប្រកបដោយស្មារតីបុរេសកម្ម និងកាន់តែសកម្មថែមទៀត ។
ដោយឡែក សម្រាប់វិស័យផលិតបារីនិងថ្នាំជក់ (កម្មន្តសាលផលិតផលថ្នាំជក់)វិញ អគ្គនាយកដ្ឋានពន្ធដារ (អពដ) បាននិងកំពុង បន្តចុះត្រួតពិនិត្យ អប់រំ ណែនាំ និងផ្សព្វផ្សាយអំពីការអនុវត្តកាតព្វកិច្ចបិទតែមប្រិ៍អាករប្រភេទថ្មីសម្រាប់បារី (តែមប្រិ៍បារី) ដោយបារីផលិតក្នុងស្រុកត្រូវបិទតែមប្រិ៍របស់ អពដ និងបារីនាំចូលត្រូវបិទតែមប្រិ៍របស់ អគ្គនាយក ដ្ឋានគយនិងរដ្ឋាករកម្ពុជា។ ជាមួយគ្នានេះ អពដ បាននិងកំពុងចាត់វិធានការពន្ធដារយ៉ាងម៉ឺងម៉ាត់លើការគេចវេះ ការបន្លំ និងការបំពានការអនុវត្តកាតព្វកិច្ចនេះ ដើម្បីធានាបាននូវតម្លាភាពនិងការប្រកួតប្រជែងស្មើភាពសម្រាប់វិស័យនេះ ចំណូលពន្ធពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce)។
សូមជម្រាបថា បច្ចុប្បន្ន ពន្ធដារមានកំណប់ទ្រព្យដែលជាសក្តានុពលចំណូលពន្ធ តាមរយៈទិន្នន័យទទួលពី កម្មវិធីវិក្កយបត្រនាំ សំណាង (GDT Lucky Draw) និង ប្រព័ន្ធ E-Filing និង ToI E-Filing ដែលរឹងមាំនិងមានតម្លាភាព ហើយជាយន្តការសំខាន់ក្នុងការពង្រឹងការផ្ទៀងផ្ទាត់ការដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធ (Cross Check),ការ Cross Check លើទិន្នន័យទទួលបានពីកម្មវិធីវិក្កយបត្រនាំសំណាង (GDT Lucky Draw) បានរកឃើញនូវ សហគ្រាសមិនបានចុះបញ្ជីពន្ធដារជាច្រើន ដែលក្នុងនោះមួយចំនួនធំមានកម្រិតផលរបរត្រូវមានកាតព្វកិច្ចចុះបញ្ជីពន្ធដារ ៕
ដោយ:វណ្ណ សុជាតា

ads banner