រលកកម្តៅឆក់យកអាយុជីវិតមនុស្សជិត ១០០នាក់នៅឥណ្ឌា
ញូវដេលី៖ យ៉ាងហោចមនុស្ស ៩៦នាក់បានបាត់បង់ជីវិត នៅក្នុងរដ្ឋចំនួនពីរដែលមានចំនួនប្រជាជនច្រើនបំផុតរបស់ប្រទេសឥណ្ឌា ដោយសារតែការវាយប្រហារពីរលកកម្ដៅដ៏អាក្រក់។
ក្រុមមន្ត្រីឥណ្ឌា នៅថ្ងៃទី១៨ ខែមិថុនា បាននិយាយថា យ៉ាងហោចមនុស្ស ៩៦នាក់បានស្លាប់ ដោយសារតែរលកកម្ដៅ នៅក្នុងរដ្ឋចំនួនពីរ ក្នុងនោះមានរដ្ឋ អ៊ូតតា ប្រាដែស ស្ថិតនៅភាគខាងជើង និងរដ្ឋប៊ីហា ស្ថិតនៅភាគខាងកើតប្រទេសឥណ្ឌា ខណៈអាជ្ញាធរបានណែនាំឱ្យមនុស្សមានអាយុ៦០ឆ្នាំឡើងទៅ និងអ្នកមានបញ្ហាសុខភាពត្រូវស្នាក់នៅក្នុងផ្ទះ កំលុងពេលថ្ងៃ។
កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ សីតុណ្ហភាពក្នុងទីក្រុងផាតណា បានកើនឡើងដល់ ៤៤.៧អង្សាសេ។ ដោយឡែកកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍មុននេះ សីតុណ្ហភាពក្នុងស្រុកមួយចំនួនបានកើនឡើងដល់ ៤៣អង្សាសេ ពោលគឺលើសកម្រិតសីតុណ្ហភាពធម្មតា ៥អង្សាសេ។
ទន្ទឹមគ្នា អាជ្ញាធរឥណ្ឌាក៏បានរកឃើញដែរថា អ្នកស្លាប់ភាគច្រើន សុទ្ធសឹងតែជាមនុស្សមានអាយុ៦០ឆ្នាំឡើង និងមានបញ្ហាសុខភាពស្រាប់ ឬមានជំងឺប្រចាំកាយ ដែលមិនអាចទ្រាំទ្រនឹងកម្ដៅក្ដៅខ្លាំងបាន។
សូមជម្រាបផងដែរថា ខែក្នុងរដូវក្តៅ មានដូចជាខែមេសា ខែឧសភា និងខែមិថុនា ជាទូទៅគឺជាខែមានសីតុណ្ហភាពក្តៅបំផុតនៅក្នុងប្រទេសឥណ្ឌា មុនពេលភ្លៀងមូសុងផ្លាស់ប្តូរសីតុណ្ហភាពត្រជាក់វិញ។ ប៉ុន្តែសីតុណ្ហភាពបានហក់ឡើងកាន់តែខ្ពស់ក្នុងទសវត្សរ៍កន្លងទៅ។
ជាក់ស្តែងក្នុងអំឡុងពេលរលកកំដៅ ប្រទេសឥណ្ឌាតែងតែទទួលរងការខ្វះខាតទឹកយ៉ាងធ្ងន់ធ្ងរ ដោយមនុស្សរាប់សិបលាននាក់ ក្នុងចំណោមប្រជាជនសរុបចំនួន ១.៤ពាន់លាននាក់របស់ខ្លួនបានខ្វះទឹកប្រើប្រាស់៕ ប្រភព៖ CNA ប្រែសម្រួលដោយ៖ ឈឹម ទីណា