លោក ពូទីន ព្រមានអង្គការណាតូ ប្រឆាំងនឹងការផ្គត់ផ្គង់យន្តហោះចម្បាំង F-16 ដល់អ៊ុយក្រែន
មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានអង្គការណាតូ ជុំវិញការផ្ទេរយន្តហោះចម្បាំង F-16 របស់ខ្លួនទៅឱ្យអ៊ុយក្រែន ខណៈដែលកងកម្លាំងអ៊ុយក្រែនបានបង្កើនការវាយលុករបស់ពួកគេ។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានអង្គការណាតូ ដើម្បីសម្តែងការប្រឆាំងនឹងការផ្គត់ផ្គង់យន្តហោះចម្បាំង F-16 ទៅឱ្យអ៊ុយក្រែន ខណៈការគំរាមនេះធ្វើឡើងក្នុងអំឡុងពេលថ្លែងសុន្ទរកថារបស់លោក ក្នុងសន្និសីទអន្តរជាតិនៅទីក្រុង St. Petersburg កាលពីពេលថ្មីៗនេះ។
នាឱកាសនោះដែរ លោក ពូទីន បាននិយាយថា កងកម្លាំងរុស្ស៊ីបានបំផ្លាញរថក្រោះខ្លារខិន Leopard ផលិតដោយអាល្លឺម៉ង់មួយចំនួន និងថា កងទ័ពរុស្ស៊ីក៏នឹងកម្ទេចយន្តហោះចម្បាំង F-16 ផងដែរ ប្រសិនបើយន្តហោះទាំងនោះត្រូវបានផ្ទេរទៅឱ្យអ៊ុយក្រែន។
មេដឹកនាំរុស្ស៊ីរូបនេះបានបន្ថែមទៀតថា ប្រសិនបើយន្តហោះទាំងនោះ ត្រូវបានដាក់ពង្រាយនៅមូលដ្ឋាននានានៅខាងក្រៅប្រទេសអ៊ុយក្រែន ក្នុងការប្រើប្រាស់ដើម្បីបង្កអរិភាព នោះប្រទេសរបស់លោកនឹងត្រូវពិចារណាលើទីតាំង និងរបៀបបំផ្លាញអាវុធទាំងនោះ។ លោក ពូទីន ក៏បានព្រមានដែរថា មានគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុត ដែលអង្គការណាតូត្រូវបានទាញចូលទៅក្នុងជម្លោះប្រដាប់អាវុធនេះបន្ថែមទៀត៕
ប្រភព៖ NHK ប្រែសម្រួលដោយ៖ ឈឹម ទីណា