ក្រសួងសេដ្ឋកិច្ចដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី ៣

ភ្នំពេញ៖ ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន គឺជាការកែទម្រង់ដ៏សំខាន់ និងមុតស្រួចជាកញ្ចប់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងគោលដៅសម្រួល និងសម្រាលបន្ទុករបស់ធុរជនក្នុងការធ្វើធុរកិច្ចនៅកម្ពុជា។

Read. ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ត្រូវបានដាក់ដំណើរការដំណាក់កាលទី ១ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ដើម្បីជួយសម្រួលដល់នីតិវិធីនៃការធ្វើធុរកិច្ចទូទៅក្នុងប្រទេសកម្ពុជា ដោយផ្អែកលើគោលការណ៍កាត់បន្ថយនីតិវិធីស្មុគស្មាញ, កាត់បន្ថយចំណាយ និងកាត់បន្ថយថិរវេលា។ ជាមួយនឹងការបន្តពង្រីកវិសាលភាព, ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី២ ត្រូវបានដាក់ឱ្យដំណើរការកាលពីថ្ងៃទី0១ ខែកញ្ញា ឆ្នាំ២០២១ ហើយនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ដំណាក់កាលទី ៣ ក៏ត្រូវបានដាក់ដំណើរការជាបន្តបន្ទាប់។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានមានប្រសាសន៍ថា ការរៀបចំប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាពត៌មាន ទាំង ៣ ដំណាក់កាលកន្លងមក តែងមានការកាត់បន្ថយនូវនីតិវិធី, ជីរវេលា និង ថវិកា ក្នុងគោលដៅផ្ដល់ភាពងាយស្រួលឱ្យបានជាអតិបរមា ដល់ការបង្កើតអាជីវកម្មស្របច្បាប់របស់វិស័យឯកជន។ ក្នុងស្មារតីនេះ, រាជរដ្ឋាភិបាលតែងតែកែសម្រួល និង បន្ថែមមុខងារថ្មីៗជាបន្តបន្ទាប់ នៅលើថ្នាលបច្ចេកវិទ្យាព័ត៌មាន, ជាពិសេស មុខងារដែលអនុញ្ញាតឱ្យធុរជន និង វិនិយោគិន អាចលើកឡើងអំពីបញ្ហាប្រឈម និង ផ្ដល់មតិយោបល់កែលម្អ ក្នុងន័យស្ថាបនា។

ឯកឧត្តមបន្តថា បច្ចុប្បន្ននេះ ប្រព័ន្ធចុះលើអាជីវកម្មទាំង ៣ ដំណាក់កាល ត្រូវបានដាក់ឱ្យអនុវត្តលើថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (ឬ ហៅកាត់ថា ថ្នាល CamDX)។ ថ្នាល CamDX នេះ គឺជាថ្នាលបច្ចេកវិទ្យាព័ត៌មានឈានមុខមួយនៅកម្ពុជា ដែលទើបទទួលបានជ័យលាភី “ការសម្របខ្លួនប្រើប្រាស់បច្ចេកវិទ្យាបើកចំហកូដ” ពីកម្មវីធីពានរង្វាន់អនាគតនៃរដ្ឋាភិបាលប្រចាំឆ្នាំ ២០២២។ ជាមួយនឹងការដាក់ឱ្យដំណើរការនូវដំណាក់កាលទី ៣ នៅថ្ងៃនេះ ក្រសួង-ស្ថាប័ន ដែលប្រើប្រាស់ថ្នាល CamDX ដើម្បីផ្ដល់សេវាសាធារណៈ នឹងមានចំនួនសរុប ១៩។ នាឱកាសនោះដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានថ្លែងកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះក្រុមការងារអន្តរក្រសួងដែលរៀបចំប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ជាពិសេស អគ្គលេខាធិការដ្ឋានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិញ្ញវត្ថុ និង មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ដែលបានខិតខំសម្របសម្រួលជាមួយគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ទាំងផ្នែកនីតិវីធី និង បច្ចេកទេស ដើម្បីរៀបចំកិច្ចការដ៏មានសារៈសំខាន់នេះ ឱ្យសម្រេចបានជោគជ័យ តាំងពីដំណាក់កាលទី ១ រហូតដល់ដំណាក់កាលទី ៣។

បន្ថែមលើនេះ ឯកឧត្តមបានលើកទឹកចិត្តឱ្យក្រុមការងារអន្តរក្រសួង បន្តរៀបចំកិច្ចការនេះ ប្រកបដោយស្មារតីបុរសកម្ម និង អន្តរសកម្ម សំដៅពង្រីកវិសាលភាពនៃការរៀបចំឱ្យគ្របដណ្តប់ដល់សេវាសំខាន់ៗ និង ចាំបាច់ផ្សេងទៀត ក្នុងគោលបំណងលើកកម្ពស់បរិយាកាសធុរកិច្ចកម្ពុជាឱ្យបានកាន់តែប្រសើរបន្ថែមទៀត។ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យធុរជន និង វិនិយោគិនទាំងអស់ ចូលរួមទាញយកអត្ថប្រយោជន៍ឱ្យបានជាអតិបរមា ពីថ្នាលបច្ចេកវិទ្យាព័ត៌មាននេះ ទាំងការប្រើប្រាស់សេវា ទាំងការផ្តល់មតិស្ថាបនាល្អៗ ដើម្បីបន្តអភិវឌ្ឍថ្នាលឱ្យកាន់តែមានប្រសិទ្ធភាព និង ងាយប្រើប្រាស់៕

អត្ថបទ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner