គណៈបញ្ជាការឯកភាពខេត្តកំពង់ធំអំពាវនាវឱ្យដល់អាជ្ញាធរ និងប្រជាពលរដ្ឋបន្ត អនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព និង ត្រៀមឯកសារទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឱ្យបានគ្រប់ៗគ្នា
ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការ សឹករងកំពង់ធំ អនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និង ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានអំពាវនាវ ដល់ អាជ្ញាធរដែនដី រួមជាមួយប្រជាការពារ ក្រុមគ្រួសារអតីតយុទ្ធជន និង ប្រជាពលរដ្ឋទាំងអស់បន្តអនុវត្តបន្ថែមទៀតនូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ហើយត្រូវរួមគ្នាថែរក្សាឱ្យបាន នូវ សុខសន្តិភាព ដែល កំពុងមានដូចសព្វថ្ងៃនេះ ឱ្យនៅគង់វង្សជារៀងរហូត និងត្រូវត្រៀម ខ្លួន និងឯកសារគ្រប់គ្រាន់ ដើម្បីអញ្ជើញទៅ ចូលរួមបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី៧ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ខាង មុខនេះឱ្យបានគ្រប់ៗគ្នា ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន អំពាវនាវដូច្នេះ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ក្នុងពិធីផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ចែកបំពាក់សម្លៀកបំពាក់ជូនប្រជាការពារ និងសំណេះសំណាល សាកសួរ សុខទុក្ខ ព្រមចែកជូនឧបត្ថម្ភគ្រឿង ឧបភោគ បរិភោគ ជាអំណោយឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនដល់ក្រុមគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត នៅ ឃុំនីពេជ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ក្នុងឱកាសនេះដែរឯកឧត្តមអនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរូបនេះ បានថ្លែងកោតសរសើរដល់អាជ្ញាធរដែនដី គ្រប់ លំដាប់ថ្នាក់ រួមជា មួយប្រជាការពារ ដែលបានខិតខំបំពេញភារកិច្ចក្នុងការបម្រើប្រជាជន និងរក្សាបាននូវសុខសុវត្ថិភាព និងសណ្ដាប់ ធ្នាប់ល្អនៅទូទាំងឃុំ ធ្វើឱ្យ ប្រជាជនមានភាពកក់ក្តៅ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេស ជាតិ ឱ្យមានការរីក ចម្រើន លើគ្រប់វិស័យ ៕
ដោយ៖ ប៊ុន រដ្ឋា
