ឯកឧត្តម នេត្រ ភក្ត្រា៖ សូមបងប្អូនដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់គ្នា និងសូមបោះជូនគណបក្សប្រជាជនកម្ពុជាលេខរៀងទី១៨ ដើម្បីសន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍ!
ក្នុងថ្ងៃទី២ នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឯកឧត្តម នេត្រ ភក្ត្រា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោ និងស្រុកទឹកឈូ ខេត្តកំពត បានបន្តដឹកនាំក្រុមការងារគណបក្សមូលដ្ឋានសង្កាត់ទាំង៣ ដើម្បីផ្សព្វផ្សាយតាមខ្នងផ្ទះប្រជាពលរដ្ឋពីកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជាក្នុងការកសាង និងការពារមាតុភូមិឆ្នាំ ២០២៣-២០២៨ ព្រមទាំងគោលនយោបាយអាទិភាពនានាដែលគណបក្សបានដាក់ចុះសម្រាប់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភាអនុវត្ត។ គោលនយោបាយដែលបានគិតគូរយ៉ាងហ្មត់ចត់ និងជាក់ស្តែងនិយមដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋគ្រប់ៗរូប និងដើម្បីឈានទៅសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០ ប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលខ្ពស់។

«នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧នេះ គណបក្សប្រជាជនកម្ពុជាមានរូបទេវតាបាចផ្កាជាសញ្ញា មានលេខរៀងទី១៨ នៅលើសន្លឹកឆ្នោត, សូមបងប្អូនប្រជាពលរដ្ឋបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ព្រោះបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតឱ្យខ្លួនឯង! បោះជូនគណបក្សប្រជាជនកម្ពុជាដើម្បីសន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍ! បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺដើម្បីឯករាជ្យជាតិ អធិបតេយ្យជាតិ និងបូរណភាពទឹកដីដ៏ពេញលេញ! គណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត គឺប្រជាជនកម្ពុជា ជាអ្នកឈ្នះ!»។ នេះគឺជាសារដែលឯកឧត្តមអនុប្រធានក្រុមការងារគណបក្សបានពន្យល់ជូនប្រជាពលរដ្ឋ ព្រមទាំងបានពន្យល់ពីគោលនយោបាយគណបក្ស និងកិច្ចការអាទិភាពមួយចំនួនដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជានឹងអនុវត្តពេលជាប់ឆ្នោតដឹកនាំប្រទេសអាណត្តិទី៧។

ឯកឧត្តម នេត្រ ភក្ត្រា បានផ្សព្វផ្សាយជូនបងប្អូនប្រជាពលរដ្ឋក្នុងក្រុងបូកគោនូវគោលនយោបាយអាទិភាព និងកម្មវិធីនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដូចជាការផ្តល់នូវការគាំទ្រថវិកាជូនស្ត្រីមានផ្ទៃពោះ និងសម្រាលបុត្រ, ការពង្រីករបបថែទាំសុខភាពរបស់ ប.ស.ស. ទាំងសម្រាប់កម្មករ-និយោជិត និងសម្រាប់មន្ត្រីសាធារណៈដែលគ្របដណ្ដប់បន្ថែមដល់សមាជិកគ្រួសារ និងអ្នកក្នុងបន្ទុករបស់ពួកគាត់ ប្រមាណជាង ៣លាននាក់ តាមគោលការណ៍ស្ម័គ្រចិត្ត។ គម្រោងទាំងពីរនេះ នឹងធ្វើឱ្យប្រជាជនប្រមាណ ៧,៤លាននាក់ មានលទ្ធភាពទទួលបាននូវរបបសន្តិសុខសង្គមផ្នែកសេវាថែទាំសុខភាព, ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសដែលមានចំនួនប្រមាណជាង ១,៥លាននាក់ នៅតាមបណ្ដាគ្រឹះស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈនានារបស់រដ្ឋ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត១ ដោយមិនបង់ថ្លៃសិក្សា និងទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែរួមនឹងគោលនយោបាយគាំពារសង្គមជាច្រើនទៀតដែលរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជានឹងផ្តល់ជូនពលរដ្ឋ។

ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោបានថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋដែលបានស្រឡាញ់ និងគាំទ្រគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សបង្កើតឡើងដោយប្រជាជន សម្រាប់ប្រជាជន និងដើម្បីប្រជាជន។ ឯកឧត្តម នេត្រ ភក្ត្រា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមត្រៀមឯកសារបញ្ជាក់អត្តសញ្ញាណ និងសូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីបំពេញភារកិច្ចជាពលរដ្ឋល្អ និងសូមគូសសញ្ញាគាំទ្រគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨ លើសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវស្របតាមការណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីឱ្យសន្លឹកឆ្នោតរបស់យើងបានការនិងមានតម្លៃដែលជាសំឡេងគាំទ្រគណបក្សប្រជាជនកម្ពុជា៕










