អភិបាលរាជធានីភ្នំពេញបានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរ ចុះធ្វើការបោសសំអាត និងបាញ់ទឹកលាងតាមដងផ្លូវ
ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំមន្ទីរជំនាញនិងអាជ្ញាធរខណ្ឌទួលគោក ចុះធ្វើការបោសសំអាតនិងបាញ់ទឹកលាងតាមដងផ្លូវ ម៉ៅសេទុង ក្នុងភូមិសាស្ត្រខណ្ឌទួលគោក ក្រោយពីទទួលរងការលិចលង់ដោយជំនន់ទឹកភ្លៀងយ៉ាងខ្លាំងកាលពីព្រលប់ថ្ងៃទី០៣ខែកក្កដាម្សិលមិញ។
ក្នុងឱកាសនោះឯកឧត្តម ឃួង ស្រេងបានធ្វើការណែនាំអោយមន្ទីរសាធារណការដឹកជញ្ជូនរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌ ធ្វើការបោសនិងលាងសម្អាតឲ្យស្អាតនៅតាមបណ្ដោយផ្លូវមួយចំនួនដែលទទួលរងការលិចលង់កាលពីយប់មិញ ដូចជាផ្លូវម៉ៅសេទុង ផ្លូវកម្ពុជាក្រោម ផ្លូវ២០០៤និងបណ្តាលផ្លូវមួយចំនួនទៀត សំខាន់គឺសម្អាតអោយបានស្អាតក្នុងថ្ងៃនេះតែម្តង ដើម្បីអោយរាជធានីភ្នំពេញមានអនាម័យស្អាត បរិស្ថានល្អ ដូចធម្មតាឡើងវិញ។

លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា ៖កាលពីព្រលប់ និងយប់ថ្ងៃទី០៣ ខែកក្កដា ម្សិលម៉ិញ ភ្លៀងបានបង្អុលឡើងយ៉ាងខ្លាំង ធ្វើឱ្យកម្ពស់ទឹកភ្លៀងខ្ពស់ខ្លាំងមិនធ្លាប់មាន ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ ដោយកម្ពស់ទឹកមាន រហូតដល់ ១៥៣ មី លី ម៉ែត្រ ( វាស់នៅស្ថានីយ៍បឹងត្របែក) ដែលបានធ្វើឲ្យតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ បានទទួលរងការលិចលង់ ។ ប៉ុន្តែទោះបីជាយ៉ាងក្តី ក្រោយពីមានការណែនាំពីលោកឃួង ស្រេង ក្រុមការងារនៃមន្ទីរសាធារណការដឹកជញ្ជូនរាជធានីភ្នំពេញ បានប្រើប្រាស់ មន្ត្រីនិងកម្មករទាំងអស់ដើម្បីធ្វើយ៉ាងណាអោយទឹកបានស្រកអស់ពីផ្លូវ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ជូនប្រជាពលរដ្ឋ ។

លោកសាំ ពិសិដ្ឋ បានបញ្ជាក់ផងដែរថា ទន្ទឹមនិងកម្រិតទុកភ្លៀងខ្លាំងរហូតដល់កំពស់ ១៥៣មីលីម៉ែត្រនេះ ស្ថានីយ៍បូមទឹករបស់យើង ដែលមានសមត្ថភាពបូមទឹក បានខ្លាំងជាងមុន ៣ដងនោះ បានធ្វើសកម្មភាពបូមទឹកទាំងយប់ ដែលបានធ្វើឲ្យតំបន់មួយចំនួនបានស្រកចុះទៅវិញលឿន។ ក្នុងនោះផ្លូវកម្ពុជាក្រោមបានស្រកអស់នៅម៉ោង ១២យប់ ផ្លូវ២០០៤បានស្រកអស់នៅម៉ោង ១យប់ និងផ្លូវម៉ៅសេទុង បានស្រកអស់នៅម៉ោងប្រមាណ ៣ភ្លឺ ។ ដោយឡែកនៅព្រឹកថ្ងៃដដែលនេះតំបន់មួយចំនួននៅបឹងទំពន់ គឺបាននិងកំពុងទទួលរងការលិចលង់នៅឡើយ ព្រោះតំបន់នោះទៀបជាងគេ ។ ប៉ុន្តែទោះបីយ៉ាងណាក្តី ក្រោមការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ ពីអាជ្ញាធររាជធានី នៅម៉ោង១១ ឬ ១២ថ្ងៃនេះ ទឹក ច្រកចុះអស់ពីតំបន់ទាំងនោះហើយ ៕








ដោយ ៖ ហេង សម្បត្តិ