មន្ត្រីជំនាញរបស់ក្រសួងផែនការ នឹងចុះទៅសម្ភាសដើម្បីផ្ដល់បណ្ណក្រីក្រដល់អ្នកធ្វើការក្នុងវិស័យសេវាកម្សាន្ត

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងផែនការបានលើកឡើងថា ចាប់ពីដើមខែកក្កដា ឆ្នាំ២០២៣នេះ ក្រសួងនឹងចាប់ផ្ដើមអនុវត្តនូវយុទ្ធនាការចុះធ្វើបទសម្ភាស ដើម្បីកំណត់ពីការផ្ដល់បណ្ណក្រីក្រ ដល់អ្នកធ្វើការក្នុងវិស័យសេវាកម្សាន្ត នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ឯកឧត្តម ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផែនការ នៃក្រសួងផែនការ បានលើកឡើងកាលពីចុងខែមិថុនាកន្លងទៅនេះថា រាជរដ្ឋាភិបាលបានសម្រេចឱ្យក្រសួងផែនការចាប់ផ្ដើមយុទ្ធនាការចុះកំណត់អត្តសញ្ញាណគ្រួសារក្រីក្របន្ថែម សម្រាប់អ្នកធ្វើការក្នុងវិស័យសេវាកម្សាន្ត នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងនោះរួមមាន៖ អ្នកធ្វើការក្នុងរង្គសាល ឌីស្កូតែក ខារ៉ាអូខេ បៀរហ្កាឌិន កន្លែងម៉ាស្សា និងស៉្បាជាដើម។យុទ្ធនាការនេះ ធ្វើឡើងក្នុងរយៈពេលខ្លី ហេតុដូចនេះហើយ គឺចាំបាច់ឱ្យអ្នកដែលមានជីវភាពខ្វះខាត កំពុងធ្វើការក្នុងវិស័យសេវាកម្សាន្ត ទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវត្រៀមខ្លួន និងត្រៀមឯកសារចាំបាច់សំខាន់ៗមួយចំនួនឱ្យរួចរាល់សម្រាប់ការសម្ភាស ដែលឯកសារចាំបាច់ទាំងនោះរួមមាន៖ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារជាដើម។

បើតាមឯកឧត្តម ថេង បញ្ញាធន ការសម្ភាសនេះដែរ គឺអាចធ្វើឡើងនៅទីតាំងបំពេញការងាររបស់អ្នកធ្វើការក្នុងវិស័យកម្សាន្តទាំងនោះ ឬក៏ជាទីកន្លែងរស់នៅរបស់ពួកគាត់តែម្តង។ ក្រៅពីនេះទៀត ការចុះសម្ភាសនេះដែរ ក៏អាចផ្អែកទៅលើរបាយការណ៍របស់ក្រសួងទេសចរណ៍ ដែលបានស្រង់មួយចំនួនរួចរាល់ ទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត សម្រាប់បញ្ជាក់ឱ្យមន្ត្រីរបស់ក្រសួងផែនការ បានដឹងថាតើអ្នកធ្វើការក្នុងវិស័យសេវាកម្សាន្ត មាននៅទីកន្លែងណាខ្លះ?។

ឯកឧត្តមមានប្រសាសន៍ថា៖«នៅពេលដែលយើងបានដឹងថានៅទីណាហើយយើងនឹងពិនិត្យមើល ប្រសិនជាពួកគាត់នៅខណ្ឌប៉ុន្មាននៃរាជធានីភ្នំពេញ យើងនឹងប្រមូលផ្តុំគាត់នៅកន្លែងណាមួយ ហើយយើងនឹងចុះទៅទីនោះតែម្តង»។

សម្រាប់អ្នកដែលរស់នៅ និងធ្វើការនៅតាមបណ្តាខេត្ត ក៏ការអនុវត្តយុទ្ធនាការចុះសម្ភាសនេះដូចគ្នាក្នុងរាជធានីភ្នំពេញដែរ ប៉ុន្តែតាមអ្វីដែលក្រសួងបានគិតរួចហើយជាបឋមនេះ គឺតាមខេត្ត ក្រសួងអាចនឹងដាក់ជាពីរគោលដៅនៃការប្រមូលផ្ដុំនេះ ដើម្បីចុះធ្វើសម្ភាសដែរ។

សូមបញ្ជាក់ថា ចាប់តាំងពីអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលផ្ទុះជំងឺកូវីដ១៩ ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣នេះ រដ្ឋបានចំណាយថវិកាប្រមាណ ១ ០៨៨ លានដុល្លារអាមេរិក។ ក្នុងនោះអ្នកទទួលផលជាង ៧០ម៉ឺនគ្រួសារ៕ ដោយ៖ ជា សុខនី

ads banner