ចិនព្រមានពីគ្រោះមហន្តរាយធម្មជាតិក្នុងស្រុកផ្សេង ក្នុងខែកក្កដានេះ

ប៉េកាំង៖ អាជ្ញាធរចិនបានព្រមានពីធាតុអាកាសប្រែប្រួលខ្លាំងនិងគ្រោះមហន្តរាយធម្មជាតិក្នុងជាច្រើនផ្សេងៗគ្នាទៅតាមតំបន់នីមួយៗ ដែលនឹងកើតមានឡើងនៅក្នុងខែកក្កដានេះ ខណៈភ្លៀងធ្លាក់ខ្លាំងបង្កឱ្យមានការជម្លៀសប្រជាជនចេញពីតំបន់មួយចំនួននៃប្រទេសចិន ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ។

យោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ ការប្រកាសអាសន្នដែលចេញផ្សាយថ្ងៃអង្គារទី ០៤ខែកក្កដាឆ្នាំ២០២៣ រួមមានទាំងគ្រោះមហន្តរាយដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងជោកជាំនៅតំបន់ដ៏ធំនៃភាគកណ្តាល និងភាគនិរតីនៃប្រទេស។

ស៊ីនហួររាយការណ៍ថា ភ្នាក់ងារឧតុនិយមចិនបានព្រមានថា ប្រទេសនឹងប្រឈមមុខនឹង «គ្រោះមហន្តរាយធម្មជាតិជាច្រើននៅក្នុងខែកក្កដា រួមទាំងទឹកជំនន់ ភ្លៀងធ្លាក់ធ្ងន់ធ្ងរ ព្យុះទីហ្វុង និងសីតុណ្ហភាពឡើងខ្ពស់»។

ការព្រមានពីអាសន្ននេះ ធ្វើឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ក្នុងស្រុកកាលពីថ្ងៃចន្ទថា ផ្ទះ និងផ្លូវរាប់សិបបានរងការខូចខាតនៅក្នុងខេត្ត សានស៊ី(Shaanxi) ភាគពាយ័ព្យនៃប្រទេសចិន ក្រោយភ្លៀងធ្លាក់ខ្លាំងហួសហេតុ ដែលមិនធ្លាប់មានក្នុងរយៈពេល៥០ឆ្នាំចុងក្រោយ កាលពីចុងសប្ដាហ៍កន្លងទៅ។

ចំណែកនៅឯតំបន់ម៉ុងហ្គោលីខាងក្នុងវិញ ភ្លៀងធ្លាក់ខ្លាំងបានបង្កឲ្យមានទឹកជំនន់ភ្លាមៗកាលពីថ្ងៃអាទិត្យ ដោយបានសម្លាប់មនុស្សម្នាក់ និងបាត់ខ្លួនពីរនាក់។ នេះបើយោងតាមការផ្សាយរបស់ទូរទស្សន៍រដ្ឋចិន CCTV ។

ជាមួយគ្នានេះ មន្ត្រីខេត្ត Hunan ភាគកណ្តាលរបស់ចិនវិញ បាននិយាយថា មនុស្សជាង ១០ ០០០ នាក់ ត្រូវបានជម្លៀសចេញពីផ្ទះរបស់ខ្លួន ដោយសារតែទឹកជំនន់កាលពីសប្ដាហ៍មុន ដែលបំផ្លិចបំផ្លាញផ្ទះជាង ២ ០០០ ខ្នង។

លើសពីនេះថែមទៀត សារព័ត៌មានរដ្ឋចិន CGTN បានរាយការណ៍ផងដែរថា ចាប់តាំងពីថ្ងៃសុក្រមក ក្រុមអ្នកជួយសង្គ្រោះនៅតំបន់ផ្សេងៗនៃភាគខាងត្បូងប្រទេសចិន រួមទាំងខេត្ត Guizhou ភាគនិរតី បាននិងកំពុងជម្លៀសមនុស្ស និងសត្វពាហនៈទៅកាន់ទីសុវត្ថិភាពពីទឹកជំនន់ និងការរអិលបាក់ដី។ បណ្ដាខេត្តភាគនិរតីរបស់ចិនផ្សេងទៀតក៏រងគ្រោះដូចគ្នា ដោយភ្លៀងធ្លាក់ខ្លាំងបានបោកបក់លើតំបន់ខ្លះនៃខេត្តយូណាន ខណៈការរអិលបាក់ដីនៅខេត្ត Sichuan បានសម្លាប់មនុស្សជាច្រើននាក់ កាលពីសប្តាហ៍មុនកន្លងទៅ។

ស្របពេលដែលភ្លៀងធ្លាក់ខ្លាំងជោកជាំ ទឹកជំនន់ និងការរអិលបាក់ដីកើតឡើងនៅតំបន់ទាំងនោះ ផ្នែកផ្សេងទៀតរបស់ប្រទេសចិន បានប្រឈមមុខនឹងការឡើងខ្ពស់នៃសីតុណ្ហភាព ដោយភ្នាក់ងារឧតុនិយមជាតិរបស់ប្រទេស បានព្រមានឱ្យប្រជាជនក្នុងរដ្ឋធានីប៉េកាំង និងតំបន់ជាច្រើនផ្សេងទៀតស្នាក់នៅក្នុងផ្ទះ ដោយសារកម្ដៅឡើងខ្ពស់ជាង ៣៥ អង្សាសេ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ដោយដកស្រង់ភ្នាក់ងារធាតុអាកាសជាតិថា ភាគខាងជើងប្រទេសចិន នៅតែប្រឈមនឹងអាកាសធាតុក្តៅខុសពីធម្មតា ខណៈអាកាសធាតុបែបនេះរំពឹងថានឹងអូសបន្លាយរយៈពេល ១០ ថ្ងៃទៀត។

អ្នកវិទ្យាសាស្ត្រនិយាយថា ការកើនឡើងសីតុណ្ហភាពពិភពលោក ដែលភាគច្រើនបណ្តាលមកពីការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល កំពុងធ្វើឱ្យការប្រែប្រួសធាតុអាកាសកាន់តែធ្ងន់ធ្ងរទៅៗនៅទូទាំងពិភពលោក រួមមានទាំងប្រទេសចិន៕ ប្រែសម្រួល៖ ហួន ឌីណា

ads banner