អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរជាតិព្រះវិហារ កាត់មែកនិងថែទាំដើមឈើ ដែលមានហានិភ័យនៅតំបន់ប្រាសាទតាព្រហ្ម និងប្រាសាទព្រះវិហារ

អត្ថបទដោយ៖
CPA

សៀមរាប៖ អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរជាតិព្រះវិហារកំពុងថែទាំដើមឈើចំណាស់ និងបានកាត់ក្រីមែកឈើ ដែលមានហានិភ័យនៅតំបន់ប្រាសាទតាព្រហ្ម និងប្រាសាទព្រះវិហារ ដើម្បីការពារសុវត្ថិភាពភ្ញៀវទេសចរ និងលើកកម្ពស់សោភ័ណភាពរបស់ប្រាសាទ។

យោងតាមអាជ្ញាធរជាតិអប្សរាបានឱ្យដឹងនៅថ្ងៃទី៤ ខែកក្កដាថា ក្រុមការងារព្រៃឈើនៃនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ពន្ធនៃអាជ្ញាធរជាតិអប្សរា កំពុងកាត់ក្រីមែកឈើ និងព្យាបាលដើម និងឫសដើមស្ពង់ចំណាស់មួយដើមនៅជ្រុងខាងកើតប្រាសាទតាព្រហ្ម។

តាមរយៈអាជ្ញាធរជាតិអប្សរា លោក គង់ សុវណ្ណារិទ្ធ មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានគ្រប់គ្រងទឹកព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធបានលើកឡើងថា ដើមស្ពង់ចំណាស់ដែលក្រុមការងារលោកកំពុងកាត់ក្រី និងព្យាបាលនេះ មានសភាពទ្រុឌទ្រោម និងត្រូវការការថែទាំ ព្យាបាល ដើម្បីទប់ស្កាត់ហានិភ័យ។

លោកបានបន្តថា ៖ «ប្រសិនជាខ្វះការថែទាំដិតដល់ ដើមឈើនេះអាចនឹងប្រឈមឆាប់ងាប់ និងបង្កគ្រោះថ្នាក់ដល់ប្រាសាទដូចគ្នា ព្រោះតួដើម និងឫសរបស់វាដុះជាប់យ៉ាងជិតស្និទ្ធជាមួយប្រាសាទ។ បន្ថែមពីនេះ វាក៏អាចនឹងបាត់បង់សោភ័ណភាព ដែលទីតាំងនេះជាកន្លែងទាក់ទាញទេសចរ ដែលតែងឈរថតជានិច្ចនៅពេលបានមកដល់»។

ក្រៅពីប្រយោជន៍ទាំងនេះ លោក គង់ សុវណ្ណារិទ្ធ ក៏បានលើកឡើងដែរថា ព្រៃឈើក្នុងតំបន់រមណីយដ្ឋានអង្គរ ក៏ជារបាំងសម្រាប់ ការពារខ្យល់បាំងប្រាសាទ ជាម្លប់ និងជាសោភ័ណភាពទាក់ទាញទេសចរមួយផ្នែកធំផងដែរ។ តួយ៉ាង ដើមស្ពង់ដែលកំពុងព្យាបាលខាងលើ គឺកម្រត្រូវបានទេសចរមើលរំលងណាស់។

ចំពោះការព្យាបាល និងថែទាំ ក្រុមការងារព្រៃឈើបានដំឡើងរន្ទាឡើងកាត់មែកផ្នែកខាងចុង ដែលពុកផុយ ចំណែកនៅផ្នែកឫស គេបានចាំងនិងចោះសាច់ស្អុយឬពុកផុយចេញ បន្ទាប់មកគេព្យាបាលវាដោយប្រើជ័រទឹកលាយជាមួយខ្លាញ់គោ និងដីដំបូងបិទផ្ចិតរន្ធ។

លោក គង់ សុវណ្ណារិទ្ធ បន្ថែមថា ៖ «គ្រឹះប្រាសាទនៅតំបន់រមណីយដ្ឋានអង្គរ មានទំនាក់ទំនងខ្លាំងជាមួយទឹកក្រោមដី ហើយតំបន់ដែលមានទឹកក្រោមដីច្រើន ជាតំបន់ដែលសម្បូរដើមឈើដូចគ្នា។ ដូច្នេះហើយទើបការអភិរក្សប្រាសាទនៅ តំបន់រមណីយដ្ឋានអង្គរ ក៏ត្រូវការចាំបាច់នូវដើមឈើ និងទឹកដូចគ្នា»។

ក្រៅពីតំបន់ប្រាសាទតាព្រហ្មហើយ កន្លងមកក្រុមការងារព្រៃឈើក៏បានព្យាបាលដើមឈើធំៗនៅតាមប្រាសាទមួយចំនួនទៀត ដូចជាប្រាសាទបាយ័ន តាកែវ ព្រះខ័ន និងតាមដងផ្លូវវង់តូចវង់ធំ ក្នុងរមណីយដ្ឋានអង្គរ។

អ្នកជំនាញព្រៃឈើ លោក គង់ សុវណ្ណារិទ្ធ ក៏សំណូមពរដល់ភ្ញៀវទេសចរមានការ ប្រុងប្រយ័ត្នកំលុងពេលដើរតាមប្រាសាទ និងមានដើមឈើធំៗពិសេសនៅរដូវភ្លៀងនេះ និងសូមឱ្យពួកគេកុំយកដៃកេះ និងបកសំបកដើមឈើ ដែលការណ៍នេះអាចបង្កឱ្យដើមឈើទាំងនោះងាយមានជំងឺ។

ដោយឡែកនាយដ្ឋានបរិស្ថាន ព្រៃឈើ និងទឹក នៃអាជ្ញាធរជាតិព្រះវិហារ ក៏បានដកហូតដើមឈើ និងកាត់ក្រីមែកឈើ ដែលមានហានិភ័យខ្ពស់នៅទីតាំងសំខាន់ៗនៃបរិវេណរមណីដ្ឋានប្រាសាទព្រះវិហារផងដែរ ដើម្បីធានាសុវត្ថិភាពដល់ភ្ញៀវទេសចរ និងសាធារណជន ហើយក៏ដូចជាដើម្បីលើកកម្ពស់ និងថែរក្សាសោភ័ណភាពនៅតំបន់ទាំងនោះផងដែរ។

តាមរយៈសេចក្ដីប្រកាសបានឱ្យដឹងទៀតថា ការដកហូតដើមឈើ និងកាត់មែកក្រី ដែលមានហានិភ័យនៅតំបន់សំខាន់ៗនៃបរិវេណរមណីដ្ឋានប្រាសាទព្រះវិហារដែលបានចាប់ផ្ដើមពីថ្ងៃទី២៩ខែមិថុនា៕ ជា សុខនី

ads banner