ពូជរុក្ខជាតិចំនួនបួនប្រភេទ ត្រូវបានអាជ្ញាធរខេត្តមណ្ឌលគិរីដាំដុះលើផ្ទៃដីបីហិកតា ក្នុងឱកាសពិធីបុណ្យរុក្ខទិវា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ អភិបាលខេត្តមណ្ឌលគិរីបានចែកចាយ និងដាំដុះពូជរុក្ខជាតិចំនួនបួនប្រភេទ នៅលើផ្ទៃដីចំនួន បីហិកតា ក្នុងពិធីបុណ្យរុក្ខទិវា ខណៈដែលខេត្តកំពង់ឆ្នាំង កំពុងត្រៀមរៀបចំព្រះរាជពិធី «រុក្ខទិវា ៩ កក្កដា» ក្រោមព្រះរាជាធិបតីភាពព្រះករុណាព្រះមហាក្សត្រកម្ពុជា។

មន្ទីរព័ត៌មានខេត្តមណ្ឌលគិរីបានឱ្យដឹងនៅថ្ងៃទី៤ ខែកក្កដាថា ពិធីបុណ្យរុក្ខទិវាក្នុងខេត្តមណ្ឌលគិរី ត្រូវបានធ្វើឡើងក្រោមវត្តមានឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និងមានការចូលរួមពីសំណាក់មន្រ្តីរាជការ យុវជន និងសិស្សានុសិស្សជាច្រើននាក់ ដែលប្រព្រឹត្តទៅនៅបរិវេណសាលាបឋមសិក្សាពូត្រុំ ក្នុងភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ។

លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានឲ្យដឹងថា នៅខេត្តមណ្ឌលគិរីឆ្នាំនេះ បានកំណត់ជ្រើសរើសយកកូនឈើប្រភេទស្រល់ ចំនួន២៤០ដើម, បេង ៣០០ដើម, គគីរ ៨៥០ដើម និងកកោះ ៥០ ដើម។

លោកបានបន្តថា ៖ «កូនឈើសរុប ចំនួន ១ ៤៤០ ដើម សម្រាប់ដាំដុះលើផ្ទៃដីចំនួន ៣ហិកតា និងចំនួន៣០០ដើម សម្រាប់ចែកចាយក្នុងពិធីបុណ្យរុក្ខទិវានេះផងដែរ»។

តាមរយៈមន្ទីរព័ត៌មានខេត្តឯកឧត្តម ថង សាវុន បានថ្លែងក្នុងឱកាសនោះដោយលោកបានជម្រុញដល់មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវរិះរកកែច្នៃបង្កាត់ពូជឈើ ឬពូជរុក្ខជាតិ ដែលមានតម្លៃ លក់ក្នុងទីផ្សារ ដើម្បីផ្តល់ជូនដល់ប្រជាពលរដ្ឋដាំដុះជាលក្ខណៈគ្រួសារ ចៀសវាងការចូលព្រៃកាប់បំផ្លាញដែលនាំដល់ការបាត់បង់ប្រភពធនធានធម្មជាតិ។

ក្រៅពីនេះទៀតលោកក៏ណែនាំដល់មន្រ្តីជំនាញ ត្រូវសិក្សាពីប្រភេទពូជរុក្ខជាតិ ដែលទីផ្សារកំពុងមានតម្រូវការ បង្កាត់ ឬបណ្តុះចែកដល់ប្រជាពលរដ្ឋអាចដាំដុះដោយខ្លួនឯង ហើយលោកក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សទាំងអស់ ត្រូវចូលរួមថែរក្សាសុខភាព ព្រោះរដូវនេះមានភ្លៀងធ្លាក់ច្រើន ងាយកើតជំងឺគ្រុនឈាម គ្រុនចាញ់។

ឯកឧត្តម ថង សាវុន មានប្រសាសន៍ថា៖ «គោលបំណងនៃការប្រារព្វពិធីនេះ គឺដើម្បីបំផុសស្មារតីដល់ប្រជាពលរដ្ឋ គ្រប់ទីកន្លែងឱ្យចូលរួមដាំដើមឈើ ដើម្បីបង្កើនគម្របព្រៃឈើ និងការគ្រប់គ្រងបរិស្ថាន ឱ្យកាន់តែមានភាពស្រស់បំព្រង និងអាចទាក់ទាញភ្ញៀវទេសចរមកទស្សនាក្នុងខេត្តកាន់តែច្រើនឡើង»។

ដោយឡែក នៅថ្ងៃទី៤ខែកក្កដាដែរឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងសម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានចុះត្រួតពិនិត្យការរៀបចំទីតាំងត្រៀមរៀបចំព្រះរាជពិធី «រុក្ខទិវា ៩ កក្កដា» នៅស្ថានីយដាំឈើម្សៅក្រដាស ហ៊ុន សែន ក្នុងឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ដែលនឹងប្រព្រឹត្តទៅក្រោមព្រះរាជាធិបតីភាពព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។

សូមបញ្ជាក់ថា ពិធីបុណ្យ «រុក្ខទិវា» គឺជាចលនាបំផុសបំផុលការដាំដុះដើមឈើដ៏ធំមួយ ដែលចលនានេះចាប់មានតាំងពីសម័យសង្គមរាស្រ្តនិយម ក្រោមព្រះរាជបូជនីយកិច្ចផ្ដួចផ្ដើម និងដឹកនាំដោយព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ។ ក្នុងចលនាដាំដើមឈើនេះ នៅទីបំផុតក៏ត្រូវបានទទួលស្គាល់ជាពិធីប្រពៃណីជាតិមួយហៅថា «ពិធីរុក្ខទិវា» ដែលបានកំណត់ដោយព្រះរាជកិច្ច លេខ៧៣៨ នស.រកត ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៥២៕ ដោយ៖ ជា សុខនី

ads banner