សម្ដេចតេជោ ហ៊ុន សែន៖ ចិន កំពុងចូលរួមយ៉ាងសកម្ម ក្នុងការគាំទ្របណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញ

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ម្ពុជា បានថ្លែងក្នុងកិច្ចប្រជុំជាន់ខ្ពស់លើកទី ១ នៃវេទិកាស្តីពីសកម្មភាពសកលសម្រាប់ការអភិវឌ្ឍរួម នៅថ្ងៃទី៩-១០ ខែកក្កដា ឆ្នាំ ២០២៣ តាមរយៈប្រព័ន្ធវីដេអូ ថា យើងបាននិងកំពុងងើបចេញពីវិបត្តិជំងឺកូវីដ-១៩, ប៉ុន្តែស្ថានភាពសេដ្ឋកិច្ច និងការអភិឌ្ឍសកល បន្តប្រឈមនឹងបញ្ហាកាន់តែស្មុគស្មាញ និងស្រួចស្រាល់ឡើងៗ ទាំងក្នុងទិដ្ឋភាពសេដ្ឋកិច្ច, សង្គម និង បរិស្ថាន ។

សម្ដេចបន្តថា នៅក្នុងបរិបទនេះ យើងបានមើលឃើញយ៉ាងច្បាស់ពីការចូលរួមយ៉ាងសកម្មរបស់សាធារណរដ្ឋប្រជាមានិតចិន តាមរយៈការជំរុញសមាហរណកម្មតំបន់ និង ការបន្តលើកស្ទួយពហុភាគីនិយម ជាពិសេស ការដាក់ចេញនូវ «គំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍សកល (GDI)» និង «គំនិតផ្តួចផ្តើម សន្តិសុខសកល (GSI) ដោយ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង, ដែលបាននិងកំពុងក្លាយជាកម្លាំងចលករដ៏សំខាន់ សម្រាប់គាំទ្រដល់បណ្តាប្រទេសកំពុងអភិវឌ្ឍ ក្នុងការស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញ និងការសម្រេចឱ្យបាននូវរបៀបវារៈ ឆ្នាំ២០៣០ ។

សម្ដេចតេជោ បានបន្តទៀតថា នៅក្នុងបរិការណ៍សកលបច្ចុប្បន្ន ដែលមាននិន្នាការបែកខ្ញែកទៅជាពហុប៉ូល, ការលើកកម្ពស់ការជួយបំពេញឱ្យគ្នាទៅវិញទៅមកសម្រាប់អភិវឌ្ឍន៍ ពិតជាមានភាពចាំបាច់មិនអាចខ្វះបាន តាមរយៈការដាក់ចេញនូវសកម្មភាពអនុវត្តជាក់ស្ដែងលើការអភិវឌ្ឍមូលធនមនុស្ស, ការកាត់បន្ថយគម្លាតឌីជីថល, ការពង្រឹងច្រវាក់ផ្គត់ផ្គង់ និងផលិតកម្មតំបន់ និង សកល, ការជំរុញការវិនិយោគដោយផ្ទាល់, ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ, ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងការអភិវឌ្ឍសេដ្ឋកិច្ចបៃតង និងភាពធន់ទៅនឹងអាកាសធាតុ ព្រមទាំងការគាំទ្រផ្នែកហិរញ្ញប្បទាន ដើម្បីចូលរួមដោះស្រាយ នូវបញ្ហាប្រឈម និងចាប់ឱ្យបាននូវកាលានុវត្តភាពនៅក្នុងប្រទេសនីមួយៗ ។

ជាមួយគ្នានេះ, សម្ដេចយល់ថា យើងគប្បីគួរមានក្របខណ្ឌរួមមួយ ដែលគិតគូរលម្អិតអំពីយុទ្ធសាស្ត្រ និងយន្តការសហប្រតិបត្តិការ ជាពិសេស ការរៀបចំផែនការ និង ការផ្គត់ផ្គង់ហិរញ្ញប្បទាន សម្រាប់គម្រោងអាទិភាព នានា សំដៅធានាឱ្យបាននូវប្រសិទ្ធភាពក្នុងការអនុវត្តគំនិតផ្តួចផ្តើមទាំងនេះ ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅក្នុងក្របខណ្ឌទ្វេភាគី, កម្ពុជា និងចិន បានខិតខំលើកកម្ពស់កិច្ចសហប្រតិបត្តិការដល់ កម្រិតកំពូល ក្លាយជាកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និង បានដាក់ចេញនូវសេចក្តីថ្លែងការណ៍រួម ស្តីពីការកសាងសហគមន៍វាសនារួមកម្ពុជា-ចិននៅក្នុងយុគសម័យថ្មី (២០២៤-២០២៨)។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី ជឿជាក់ថា ការលើកកម្ពស់កិច្ចសហប្រតិបត្តិការកម្ពុជា-ចិននេះ នឹងបំពេញបន្ថែមដល់គំនិតផ្ដួចផ្ដើមនានា សម្រាប់ការអភិវឌ្ឍសកល ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ៕
ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner