ឯកឧត្តម សាយ សំអាល់ ដឹកនាំសមាជិក-សមាជិកា គណបក្សខេត្តព្រះសីហនុ ជិត៧ពាន់នាក់ ហែរក្បួនឃោសនាធំលើកទី៣ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣
(ព្រះសីហនុ )៖ ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ បានដឹកនាំសមាជិក-សមាជិកា គណបក្សខេត្តព្រះសីហនុ ជិត៧ពាន់នាក់ ហែរក្បួនឃោសនាលើកទី៣ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ។

នៅក្នុងក្បែរដង្ហែរបស់សមាជិក-សមាជិកាគណបក្សប្រជាជនខេត្តព្រះសីហនុ ដែលដឹកនាំដោយ ឯកឧត្តម សាយ សំអាល់ គឺមានភាពអធឹកអធម៌ជាមួយការភ្ជាប់ទៅនឹងទិសស្លោក និងសារនយោបាយសំខាន់ៗ រំលេចនូវកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបន្តដឹកនាំនិងកសាងជាតិមាតុភូមិកម្ពុជា ឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត នៅលើមាគ៌ាសុខសន្តិភាព ស្ថិរភាពនយោបាយ និងវឌ្ឍនភាពសង្គម ។

បើតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឲ្យដឹងថា គ.ជ.ប បានផ្តល់រយៈពេល ៣សប្តាហ៍ ដោយចាប់ផ្ដើមពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ដល់គ្រប់
បណ្តាគណបក្សនយោបាយ ដែលបានចុះឈ្មោះប្រកួតប្រជែងនៅគណៈកម្មាធិការជាតិរៀបចំការបោះ
ឆ្នោត ឱ្យធ្វើយុទ្ធនាការឃោសនារកសម្លេងឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងទី២៣ ខែកក្កដា ឆ្នាំ២០២៣ ។ អាសនៈក្នុងរដ្ឋសភាមានចំនួន ១២៥អាសនៈ តំណាងឱ្យ មណ្ឌលទាំង ២៥ទូទាំងប្រទេសដែលបានដាក់ឱ្យគ្រប់បណ្តាគណបក្ស ប្រកួតប្រជែងគ្នា ។

គួររំលឹកផងដែរថា ៖ នៅក្នុងខេត្តព្រះសីហនុ ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មានចំនួន ១៤៩ ៨០៧ នាក់ មានការិយាល័យបោះឆ្នោតសរុបចំនួន ៣២៦ និងមានគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ចំនួន១២ រួមមាន ៖ គណបក្សខ្មែរតែមួយ , គណបក្សសញ្ជាតិកម្ពុជា , គណបក្សកម្លាំងប្រជាធិបតេយ្យ , គណបក្សខ្មែររួបរួមជាតិ,គណបក្សស្រ្តីដើម្បីស្រ្តី , គណបក្សខ្មែរឈប់ក្រ , គណបក្សហ្វ៊ុនស៊ិនប៉ិច , គណបក្សធម្មាធិបតេយ្យ , គណបក្សឯកភាពជាតិខ្មែរ , គណបក្សយុវជនកម្ពុជា , គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា និងគណបក្សប្រជាជនកម្ពុជា ៕
ដោយ / គ្រី សម្បត្តិ + វណ្ណលុក

