ប៉ូលិសចាប់ខ្លួនសមាជិកគណបក្សភ្លើងទៀនចំនួន២នាក់បន្ថែមទៀត ករណីបង្កចលាចលដល់ការបោះឆ្នោត

ភ្នំពេញ៖កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនសមាជិកគណបក្សភ្លើងទៀន ចំនួន២នាក់បន្ថែមទៀត តាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០០២៣នេះ ពាក់ព័ន្ធនឹងករណីបង្កចលាចលដល់ការបោះឆ្នោត។ នេះបើយោងតាមដីកាបង្គាប់ឲ្យនាំខ្លួនចេញដោយលោក យី សុខវួច ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។

មនុស្សទាំងពីរនាក់ដែលឃាត់ខ្លួនមានដូចជា៖ ទី១.ឈ្មោះ វង រុន្នី ភេទស្រី ជាប្រធានចលនាស្ត្រីថ្នាក់ជាតិគណបក្សភ្លើងទៀន និងទី២.ឈ្មោះ អេង ស្រូយ ភេទប្រុស នៅខេត្តតាកែវ

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់លើឈ្មោះ វង រុន្នី និងឈ្មោះ អេង ស្រូយ ពីបទបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម (បង្កចលាចលដល់ការបោះឆ្នោត) ប្រព្រឹត្តនៅក្នុងប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត ក្នុងឆ្នាំ២០២៣ និងពេលបន្តបន្ទាប់បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។

យោងតាម មាត្រា១៤២ ថ្មីនៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ចែងថាត្រូវផាកពិន័យជាប្រាក់ពី ៥.០០០.០០០(ប្រាំលាន)រៀល ទៅ២០.០០០.០០០(ម្ភៃលាន)រៀល ដោយ គ.ជ.ប ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណាដែលតាមគ្រប់ មធ្យោបាយទុច្ចរិត៖
ណែនាំ ឬញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោត។ ធ្វើឱ្យបាត់ទំនុកចិត្តលើការសម្ងាត់នៃការបោះឆ្នោត។ ធ្វើឱ្យមានការភាន់ច្រឡំនាំឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត។

ចំពោះជនដែលបានប្រព្រឹត្តល្មើសណាមួយដូចបានដកស្រង់ខាងលើនេះ នឹងត្រូវលុបឈ្មោះ ចេញពីបញ្ជីបោះឆ្នោត ឬ/និងលុបបេក្ខភាពរបស់សាមីខ្លួន ឬ និងដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត របស់សាមីខ្លួនសម្រាប់រយៈពេល៥(ប្រាំ)ឆ្នាំយ៉ាងតិចបន្ថែមទៀត ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៕
ដោយ៖ពលជ័យ

ads banner