ឯកឧត្តម ឃួងស្រេង ៖ ដោយសារប្រទេសកម្ពុជាមានសន្តិភាពពេញលេញ ធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាមានឱកាសគ្រប់គ្រាន់ ក្នុងការប្រកបមុខរបររកស៊ី

ភ្នំពេញ៖ ដោយសារប្រទេសកម្ពុជាមានសន្តិភាពពេញលេញ ធ្វើអោយប្រជាពលរដ្ឋកម្ពុជាមានឱកាសគ្រប់គ្រាន់ ក្នុងការប្រកបមុខរបររកស៊ី មិនថាពលរដ្ឋនៅក្នុងក្រុងឬនៅតាមបណ្តាខេត្តនោះទេ គឺពួកគាត់
មានជីវភាពធូធា រហូតដល់អ្នកស្រែ ចំការ មានលទ្ធភាពទិញផ្ទះស្វែង ឬបុរីអោយកូនស្នាក់នៅ ដើម្បីរៀនសូត្រ នៅភ្នំពេញថែមទៀត។

នេះជាការលើកឡើងរបស់ ឯកឧត្តម ឃួង ស្រេង
សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ ខណៈលោកជួបសំណេះសំណាលជាមួយលោកតា ម៉ក់ ហឺន អ្នកវិភាគជនជាតិអាមេរិកាំង ដើមកំណើតខ្មែរ និងភរិយា នាព្រឹកថ្ងៃទី១៩ កក្កដាឆ្នាំ២០២៣នេះ។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ការជួបសំណេះសំណាលជាមួយលោកតា ម៉ក់ ហឺន និងភរិយាព្រមទាំងសហការី នាពេលនេះ គឺចង់បង្ហាញអោយដឹងច្បាស់ពី មហាគ្រួសារគណបក្សប្រជាជនកម្ពុជា ដោយសម្តេចតេជោហ៊ុន សែន ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា បានលះបង់ដ៏ធំធេងក្នុងបុព្វហេតុស្វែងរកសន្តិភាពនិង ការអភិវឌ្ឍន៍ប្រទេសជាតិអោយរីកចំរើនជឿនលឿន ឥតឈប់ឈរ ដូចពេលសព្វថ្ងៃនេះ។ លោក បញ្ជាក់ថា សន្តិភាពនេះហើយ ដែលបានធ្វើអោយប្រជាពលរដ្ឋកម្ពុជាមានឱកាសគ្រប់គ្រាន់ ក្នុងការប្រកបមុខរបររកស៊ី ទទួលទាន មិនថាប្រជាពលរដ្ឋរស់នៅក្នុងក្រុងឬនៅតាមបណ្តាខេត្តនោះទេ គឺពួកគាត់ មានជីវភាពធូធា រហូតដល់អ្នកស្រែ ចំការ មានលទ្ធភាពទិញផ្ទះស្វែង ឬបុរីអោយកូនស្នាក់នៅ ដើម្បីរៀនសូត្រ នៅភ្នំពេញ ដោយមិនបាច់ ពឹងពាក់ផ្ទះ បង ប្អូនឡើយ ។

លោក ឃួង ស្រេង ក៏បានលើកឡើងផងដែរ ពីទុក្ខវេទនាក្នុងរបបប៉ុល ពត និងការរំដោះប្រទេសជាតិ ចេញពីរបបនេះ និងការស្តារប្រទេសជាតិឡើងវិញចេញពីចំណុចសូន្យ រហូតមានការអភិវឌ្ឍ រីកចំរើន គឺជាស្នាដៃរបស់សម្តេចតេជោហ៊ុន សែន ។

ក្រោយបញ្ចប់ពិធីសំណេះសំណាលនេះ ឯកឧត្តម ឃួង ស្រេង បានបន្តនាំ លោកតា ម៉ក់ ហឺន មកធ្វើទស្សនកិច្ចនៅមន្ទីរពេទ្យជាតិ តេជោសន្ដិភាព ដែលមានទីតាំងលើមហាវិថីឈ្នះឈ្នះ ស្ថិតនៅភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅបន្តទៀត ដោយក្នុងកម្មវិធីទស្សនកិច្ចនោះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលក៏បានអញ្ចើញចូលរួមផងដែរ។

ក្រោមការដើរពិនិត្យ មន្ទីរពេទ្យនេះរួច លោកតា ម៉ក់ ហឺន បានលើកឡើងថា៖ លោកមិនបានដឹងថា នៅរាជធានីភ្នំពេញ មានមន្ទីរពេទ្យជាតិ តេជោសន្ដិភាព ដ៏ធំរហូតដល់១ម៉ឺនគ្រែដូចនេះទេ លោកដឹងត្រឹមតែ មន្ទីរពេទ្យកាល់ម៉ែត ដែលទើបសាងសង់ថ្មីនិងពហុកីឡដ្ឋានជាតិមរតកតេជោប៉ុណ្ណោះ ។តែមន្ទីរពេទ្យនេះ មិនត្រឹមតែធំទូលាយប៉ុណ្ណោះទេ នៅបានបំពាក់គ្រឿងបរិក្ខាមិនចាញ់មន្ទីរនៅក្រៅប្រទេសថែមទៀតផង។

ក្នុងឱកាសនោះដែរ លោកតា ម៉ក់ ហឺន បាន
អំពាវនាវឱ្យពលរដ្ឋកម្ពុជាទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញប្រើសិទ្ធិ ទៅបោះឆ្នោត ឱ្យបានគ្រប់ៗគ្នា ក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ អាណត្តិទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដ៏ខ្លីខាងមុខនេះ៕

ដោយ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner