ក្រុមអ្នកសង្កេតការណ៍បរទេសបានធ្វើដំណើរមកដល់ប្រទេសកម្ពុជាជាបន្តបន្ទាប់ដើម្បីឃ្លាំមើលការបោះឆ្នោត (Video Inside)

ក្រុមជនបរទេសដែលចូលរួមក្នុងការសង្កេតការណ៍បោះឆ្នោត បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាជាបណ្តើរ និងក្រុមខ្លះទទួលបានការអនុញ្ញាតជួបសាកសួរជាមួយស្ថាប័នជាប់ទាក់ទងនានាជុំវិញ ការចង់ដឹងសភាពការណ៍ទាំងឡាយពាក់ព័ន្ធនឹងដំណើរការបោះឆ្នោតនៅកម្ពុជា។

សមាជិកគជបលោក ឌឹម សុវណ្ណារុំ ដែលជាប្រធានក្រុមប្រតិកម្មព័ត៌មានគជប បានប្រាប់អប្សរាណិតថាក្រុមសង្កេតការណ៍បរទេសបានចាប់ផ្តើមធ្វើដំណើរមកដល់កម្ពុជាតាំងពីថ្ងៃទី១៧ កក្កដា និងជាបន្តបន្ទាប់រហូតដល់ថ្ងៃទី២១កក្កដា។

លោកបានថ្លែងថារហូតដល់ថ្ងៃទី២១កក្កដា គឺនឹងមានការមកដល់នៃប្រធានគជបរបស់ប្រទេសថៃ, ប្រទេសមីយ៉ាន់ម៉ា និងអនុប្រធានគជប នៃប្រទេសឥណ្ឌា។

ដោយឡែកកាលពីថ្ងៃទី១៨ កក្កដា ឆ្នាំ២០២៣, ក្រុមសង្កេតការណ៍ នៃប្រទេសដែលនិយាយភាសាបារាំង នៃក្រុមបេសកកម្មសង្កេតការណ៍បោះឆ្នោត នៃប្រទេសហ្វ្រង់កូហ្វូនី ត្រូវបានអនុញ្ញាតជួបសម្តែងការគួរសមជាមួយ ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ គឺកិត្តិនិតិកោសល្យបណ្ឌិត អ៊ឹម ឈុនលឹម។ ក្រុមប្រឹក្សាធម្មនុញ្ញគឺជាស្ថាប័នច្បាប់កំពូលបំផុតរបស់ព្រះរាជាណាចក្រកម្ពុជា។

មន្ត្រីនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ បានថ្លែងថាក្នុងជំនួបសម្តែងការគួរសមនោះ, ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានរៀបរាប់ជុំវិញសភាពពាក់ព័ន្ធនឹងការបោះឆ្នោត ទាក់ទងនឹងមូលហេតុដែលគណបក្សចំនួន២អវត្តមានមិនបានចូលរួមក្នុងការបោះឆ្នោត ដោយសារតែកំហុសរបស់គណបក្សនយោបាយ ដែលមិនមានឯកសារបញ្ជាក់ដូចតាមនីតិវិធីដែលជាបញ្ហាច្បាប់ដោយសុទ្ធសាធ។

ប្រធានក្រុមប្រឹក្សាធម្មនុញ្ញបានរៀបរាប់ជុំវិញស្ថានការណ៍បោះឆ្នោតសកលទាំង៦ដង កើតឡើងក្នុងប្រទេសកម្ពុជា និងការកែសម្រួលច្បាប់ឱ្យកាន់តែប្រសើរឡើង ពាក់ព័ន្ធនឹងការបោះឆ្នោត និងភាពរលូន នៃយុទ្ធនាការឃោសនាដែលបាននិងកំពុងប្រព្រឹត្ត ចាប់តាំងពីដើមខែកក្កដាមកនេះ។

មន្ត្រីនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញបានថ្លែងបន្តថាប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃប្រទេសកម្ពុជា បានលើកទឹកចិត្តដល់ក្រុមអ្នកសង្កេតការណ៍ ហ្វ្រង់កូ ហ្វូនី សូមជួយបន្តការតាមដានដំណើរការបោះ ឆ្នោតបន្ថែមទៀតក្រោមក្រសែភ្នែករបស់អ្នក សង្កេតការណ៍អន្តរជាតិ។

ads banner