កម្ពុជា-ចិន រួមគ្នាជំរុញប្រសិទ្ធភាពបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា-ចិន រួមគ្នាជំរុញប្រសិទ្ធភាពបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កម្ពុជា-ចិន រួមគ្នាជំរុញប្រសិទ្ធភាពបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ភ្នំពេញ៖ លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាហៅកាត់ថា គ.ប.ឆ.ប. នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ បានរៀបចំពិធីប្រគល់-ទទួលសម្ភារៈបច្ចេកទេស ដែលផ្តល់ជូនដោយក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈស្ថានទូតចិនប្រចាំនៅកម្ពុជា សម្រាប់រួមចំណែកគាំទ្រដល់ប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams។

Advertisement

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រី អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគ.ប.ឆ.ប. បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះមិត្តចិន ដែលបានផ្តល់សម្ភារសម្រាប់បម្រើឱ្យប្រតិបត្តិបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។ ការគាំទ្រនេះ ជាសក្ខីភាពមួយបង្ហាញពីមិត្តភាពដែកថែបរវាងប្រទេសទាំងពីរកម្ពុជា-ចិន ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី។ ឯកឧត្តមសន្តិបណ្ឌិតបានបញ្ជាក់ថា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការក្តៅជាបន្តបន្ទាប់ ដើម្បីបោសសម្អាតបទល្មើស Online Scams ឱ្យអស់ពីកម្ពុជា។ ជាក់ស្តែង ខណៈយុទ្ធនាការបង្រ្កាបបោសសម្អាតការឆបោកអនឡាញកំពុងបន្តនៅទូទាំងប្រទេស សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តកាលពីចុងសប្តាហ៍កន្លងមកនេះ និងកំពុងបន្តនីតិវិធី នឹងក្លាយជាមូលដ្ឋានច្បាប់ដ៏រឹងមាំក្នុងការទប់ស្កាត់ បង្ក្រាប និងបោសសម្អាតពីកម្ពុជា។

ឯកឧត្តមបានគូសបញ្ជាក់ដូច្នេះថា «ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាបញ្ហាតំបន់ និងសកលលោកមានលក្ខណៈស្មុគស្មាញប្រទាក់ក្រឡា ដែលទាមទារឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំង និងបង្ក្រាបឧក្រិដ្ឋកម្មនេះក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការសន្តិសុខ» ។ ក្នុងន័យនេះសមត្ថកិច្ចកម្ពុជា-ចិន បាននិងកំពុងសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មនានា ជាពិសេសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយទទួលបានលទ្ធផលល្អប្រសើរ ដើម្បីធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាក្នុងតំបន់ទាំងមូល» ។ ឯកឧត្តមបានមានប្រសាសន៍បន្ថែមទៀតថា ក្នុងក្របខណ្ឌអន្តរជាតិ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងអនុវត្តកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិជាច្រើន ដើម្បីប្រយុទ្ធប្រឆាំង និងបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ក្នុងនោះមិត្តចិនជាដៃគូដ៏ទុកចិត្តរបស់កម្ពុជា។ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ក៏បានបញ្ជាក់ទៀតថា ក្នុងក្របខណ្ឌនៃកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងនិងបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងពេលខាងមុខនេះ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងចែករំលែកបទពិសោធន៍ ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋឆបោកអនឡាញ។ ការរៀបចំនេះជាការបញ្ជាក់ពីការប្តេជ្ញាចិត្តឥតងាករេ របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ បង្ក្រាប និងបោសសម្អាតឧក្រិដ្ឋកម្មឆ្លងដែននេះកុំឱ្យមាននៅកម្ពុជា និងលើសកលលោក។

ក្នុងឱកាសនោះ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា ការផ្តល់សម្ភារៈបច្ចេកទេស របស់ក្រសួងសន្តិសុខសាធារណៈចិន ជូនដល់ភាគីកម្ពុជានេះ នឹងជួយគាំទ្រដល់ដល់ប្រតិបត្តិការបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យកាន់តែជោគជ័យ។ ឯកឧត្តមបានកោតសរសើរចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រោយការបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សមត្ថកិច្ចកម្ពុជា ពិសេសប្រតិបត្តិការក្នុងបណ្តារាជធានី-ខេត្តទូទាំងប្រទេសបានធ្វើសកម្មភាពយ៉ាងឆាប់រហ័ស ដោយបានចុះត្រួតពិនិត្យ និងបើកប្រតិបត្តិការបង្ក្រាបយ៉ាងក្តៅគគុកតាមកន្លែងគោលដៅជាច្រើន។ ជាលទ្ធផល បានកម្ទេចគោលដៅបង្កប់បទល្មើសជាច្រើនកន្លែង និងចាប់ខ្លួនជនសង្ស័យជាច្រើននាក់។ ឯកឧត្តមក៏បានមានប្រសាសន៍កត់សម្គាល់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានបន្តអនុវត្តការត្រួតពិនិត្យតាមគោលដៅនានាយ៉ាងហ្មត់ចត់ និងជំរុញយុទ្ធនាការបោសសម្អាតជាបន្តបន្ទាប់។

ក្នុងឱកាសនោះឯកឧត្តមឯកអគ្គរដ្ឋទូតចិនបានបង្ហាញការគាំទ្រចំពោះការបង្កើតច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលនេះបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងរឹងមាំរបស់កម្ពុជាក្នុងការលុបបំបាត់បទល្មើសនេះឱ្យអស់ពីឫសគល់។ ឯកឧត្តមបានមានប្រសាសន៍ថា៖ «យើងខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះវិធានការប្រកបដោយប្រសិទ្ធភាព និងសមិទ្ធផលដែលសម្រេចបានដោយ គ.ប.ឆ.ប. និងភ្នាក់ងារអនុវត្តច្បាប់របស់កម្ពុជា»។

ឯកឧត្តមបន្តថា កម្ពុជា-ចិនជា “មិត្តដែកថែប” តែងតែជួយគ្នាទៅវិញទៅមក។ កន្លងមកនេះ ភាគីចិនបាន បញ្ជូនយន្តហោះមកទទួលយកជនជាតិចិនដែលពាក់ព័ន្ធនឹងបទល្មើសឆបោកឱ្យត្រឡប់ទៅប្រទេសចិនវិញ។ ការផ្តល់ជំនួយសម្ភារៈនាពេលនេះ គឺជាភស្តុតាងមួយទៀតនៃការអនុវត្តតាមលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានរដ្ឋចិន ស៊ី ជិនភីង កាលពីខែមេសា ឆ្នាំ២០២៥ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រួមគ្នា ក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។ ឯកឧត្តមវ៉ាង វិនពីនបានបញ្ជាក់ថា ភាគីចិនមានឆន្ទៈបន្តសហការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ក្នុងការស៊ើបអង្កេតរួមគ្នាលើឧក្រិដ្ឋកម្មឆ្លងដែន គោលដៅរួមគឺដើម្បីលុបបំបាត់ “មហារីក” នៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីទឹកដីកម្ពុជា ដើម្បីការពារសុវត្ថិភាពប្រជាជន និងបង្កើតបរិយាកាសល្អសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ។

គួររម្លឹកឱ្យដឹងថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាប្ដេជ្ញាចិត្តបោសសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជានៅត្រឹមខែមេសា ឆ្នាំ២០២៦។ សម្តេចធិបតីបានបញ្ជាក់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាព ឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយ គ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ៕
ដោយ៖ពលជ័យ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា