ទីតាំងដែលនាយករដ្ឋមន្ត្រីថៃឈរ គឺក្នុងទឹកដីកម្ពុជា៖ ផែនទី សន្ធិសញ្ញា និងភស្តុតាងបានបញ្ជាក់យ៉ាងច្បាស់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទីតាំងដែលនាយករដ្ឋមន្ត្រីថៃឈរ គឺក្នុងទឹកដីកម្ពុជា៖ ផែនទី សន្ធិសញ្ញា និងភស្តុតាងបានបញ្ជាក់យ៉ាងច្បាស់

ទីតាំងដែលនាយករដ្ឋមន្ត្រីថៃឈរ គឺក្នុងទឹកដីកម្ពុជា៖ ផែនទី សន្ធិសញ្ញា និងភស្តុតាងបានបញ្ជាក់យ៉ាងច្បាស់

រូបភាពនាយករដ្ឋមន្ត្រីថៃ លោក អនុទីន ចាន់វីរៈគុល ឈរនៅតំបន់អានសេះ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ អាចត្រូវបានប្រើដើម្បីបង្ហាញពីវត្តមានរបស់មន្ត្រីជាន់ខ្ពស់ថៃនៅទីនោះ។ ប៉ុន្តែរូបភាពមួយសន្លឹកមិនអាចកំណត់អធិបតេយ្យភាពបានទេ។

ប៉ុន្តែតើផ្អែកលើអ្វីដើម្បីបញ្ជាក់ទីតាំងដែលនាយករដ្ឋមន្ត្រីថៃឈរនោះជាទឹកដីកម្ពុជា? គឺឈរលើមូលដ្ឋាននៃសំណុំឯកសារដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ ដែលកម្ពុជាបានយោងដូចជា អនុសញ្ញា សន្ធិសញ្ញា ផែនទី គឺបានបង្ហាញយ៉ាងច្បាស់លាស់បំផុត «ទីតាំងដែលនាយករដ្ឋមន្ត្រី អនុទីន បានឈរនោះគឺស្ថិតនៅតំបន់អានសេះ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា»។ ដូច្នេះ បញ្ហាមិនមែនថា លោក អនុទីន អាចទៅដល់ទីនោះបានឬអត់នោះទេ។ បញ្ហាគឺថា «នាយករដ្ឋមន្ត្រីនៃប្រទេសមួយបានចូលទៅកាន់ទីតាំងស្ថិតក្នុងអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជា ដោយគ្មានការអនុញ្ញាតពីរដ្ឋម្ចាស់អធិបតេយ្យភាព»។

នេះជាមូលហេតុដែលកម្ពុជាត្រូវតែតវ៉ាប្រឆាំងយ៉ាងខ្លាំងក្លាចំពោះសកម្មភាពខុសច្បាប់នេះ បន្ថែមពីអ្វីដែលយោធាថៃបានឈ្លានពានទឹកដីកម្ពុជា បំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងការកែប្រែស្ថានភាពដើម fait accompli នាពេលកន្លងទៅ។

ព្រំដែនកម្ពុជា-ថៃមិនត្រូវបានកំណត់នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ដោយវត្តមានរបស់នាយករដ្ឋមន្ត្រីមកឈរទីនោះដើម្បីប្រថាប់ត្រាថា ជាទឹកដីថៃ ឬវត្តមានយោធាថៃនៅឈរជើងទីនោះទេ។

មូលដ្ឋានគតិយុត្តដែលកម្ពុជាយោងក្នុងបញ្ហាព្រំដែននេះ មានប្រភពពីអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ សន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ការងាររបស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម ផែនទីខ្នាត ១:២០០.០០០ ដែលពាក់ព័ន្ធនឹងដំណើរការកំណត់ព្រំដែននោះ និងឯកសារព្រំដែនពាក់ព័ន្ធ។ អ្វីដែលគួរឱ្យកត់សម្គាល់ជាពិសេស គឺសូម្បីតែផែនទីស៊េរី L7017 ខ្នាត ១:៥០.០០០ ដែលភាគីថៃប្រើប្រាស់ដោយឯកតោភាគី ហើយដែលកម្ពុជាមិនទទួលស្គាល់ជាមូលដ្ឋានគតិយុត្តសម្រាប់ការកំណត់ព្រំដែន ក៏បង្ហាញទីតាំងដែលត្រូវបានសម្គាល់ថាជាទីតាំងដំណើររបស់នាយករដ្ឋមន្ត្រីថៃ ស្ថិតនៅខាងកម្ពុជានៃខ្សែដែលបង្ហាញលើផែនទីនោះដែរ។

នៅពេលយកខ្សែព្រំដែនដែលកម្ពុជាយោងពីផែនទីខ្នាត ១:២០០.០០០ មកផ្ទៀងផ្ទាត់ជាមួយផែនទី L7017 និងទីតាំងជាក់ស្តែងដែលបានសម្គាល់លើរូបភាពផ្កាយរណប ទីតាំងនោះត្រូវបានបង្ហាញនៅខាងកម្ពុជានៃខ្សែទាំងពីរ។ ដូច្នេះ បញ្ហាដែលភាគីថៃត្រូវឆ្លើយមិនមែនថា នាយករដ្ឋមន្ត្រីថៃបានទៅដល់ទីនោះដោយរបៀបណាទេ ប៉ុន្តែតើមានផែនទី សន្ធិសញ្ញា ឬមូលដ្ឋានគតិយុត្តណាដែលអាចបង្ហាញថាទីតាំងនោះស្ថិតក្រោមអធិបតេយ្យភាពថៃ?

បើភាគីថៃអះអាងថាទីតាំងនោះជាទឹកដីថៃ នោះភាគីថៃត្រូវបង្ហាញមូលដ្ឋានគតិយុត្តដែលគាំទ្រការអះអាងរបស់ខ្លួននោះ។ ការអះអាងតែមាត់ទទេដោយគ្មានមូលដ្ឋានគតិយុត្ត មិនអាចយកជាការបានឡើយ ហើយក៏ការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់មិនមែនក្លាយជាស្របច្បាប់ ដោយសារតែវាត្រូវបាននិយាយម្តងហើយម្តងទៀតឡើយ។ ការដែលមន្ត្រីជាន់ខ្ពស់នៃប្រទេសមួយអាចទៅឈរនៅទីតាំងណាមួយ មិនមានន័យថាទីតាំងនោះជាទឹកដីរបស់ប្រទេសនោះទេ ហើយត្រូវបែងចែកឱ្យច្បាស់រវាងការកាន់កាប់ទឹកដីដោយខុសច្បាប់ និងសិទ្ធិអធិបតេយ្យភាពតាមច្បាប់។

បើមានការខ្វែងគំនិត ត្រូវយកទៅ JBC មិនមែនយកវត្តមានយោធាមកកំណត់ព្រំដែន និងការកែប្រែស្ថានភាពដើមនោះទេ។ ថៃតែងតែអះអាងថា កុងតឺន័រ និងបន្លាលួសមិនមែនជាខ្សែព្រំដែនទេ ហើយនាយករដ្ឋមន្ត្រីអនុទីន ចូលមកដោយគ្មានការអនុញ្ញាតនៅតំបន់អានសេះ ក៏មិនមែនជាការមកបោះបង្គោលព្រំដែនទេ ហើយថៃអះអាងម្តងហើយម្តងទៀតថាយកយន្តការ JBC មកដោះស្រាយបញ្ហាព្រំដែនគោកដែលមាន។

កម្ពុជា និងថៃមានយន្តការសម្រាប់ដោះស្រាយបញ្ហាព្រំដែនរួចហើយ។ អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក និងយន្តការ JBC បានបង្កើតក្របខណ្ឌសម្រាប់ភាគីទាំងពីរធ្វើការលើបញ្ហាព្រំដែន។ ប្រសិនបើភាគីថៃពិតជាប្តេជ្ញាចិត្តចំពោះការដោះស្រាយបញ្ហាតាមយន្តការ JBC ដូចដែលខ្លួនបានអះអាងជាបន្តបន្ទាប់ នោះការប្តេជ្ញាចិត្តនេះគួរត្រូវបានបង្ហាញតាមរយៈសកម្មភាពជាក់ស្តែង។ ភាគីថៃគួរបង្ហាញភាពស្មោះត្រង់និងសុឆន្ទៈ ដោយទទួលយកសំណើដែល​JBC កម្ពុជា បានស្នើកោះប្រជុំមិនតិចជាង ៩ ដងមកហើយទេ ស្របតាមចំណុចទី៣ នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ប៉ុន្តែថៃតែងតែរកលេសពន្យារពេលពីមួយទៅមួយរហូតមកទល់នឹងពេលនេះ។
សេចក្តីថ្លែងការណ៍រួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏បានបញ្ជាក់ថា ការរៀបចំក្រោមសេចក្តីថ្លែងការណ៍នោះ មិនធ្វើឱ្យប៉ះពាល់ដល់ការខណ្ឌសីមា និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរ ហើយបានប្រគល់ភារកិច្ចឱ្យ JBC បន្តការវាស់វែង និងខណ្ឌសីមា។

ការតវ៉ារបស់កម្ពុជាក៏មានសារៈសំខាន់ផ្នែកច្បាប់ ព្រោះវាកត់ត្រាយ៉ាងច្បាស់ថា កម្ពុជាមិនយល់ព្រម មិនទទួលស្គាល់ និងមិនអនុញ្ញាតឱ្យវត្តមានរបស់ថៃត្រូវបានយកទៅបកស្រាយនៅពេលក្រោយថា កម្ពុជាបានទទួលយកស្ថានភាពនោះទេ។ កម្ពុជាបានបង្ហាញគោលជំហរផ្លូវការដាច់ខាតមិនទទួលស្គាល់ការកែប្រែខ្សែបន្ទាត់ព្រំដែនដោយប្រើប្រាស់កម្លាំងឡើយ។
ទីតាំងដែលលោក អនុទីន ឈរ ត្រូវវាស់តាមផែនទី និងឯកសារព្រំដែន មិនមែនវាស់តាមទង់ជាតិ ឬវត្តមានយោធាឡើយ។ ការគ្រប់គ្រងជាក់ស្តែងមិនស្មើនឹងអធិបតេយ្យភាពតាមច្បាប់ ហើយស្ថានភាពដែលបង្កើតដោយឯកតោភាគី មិនអាចជំនួសដំណើរការខណ្ឌសីមាដែលភាគីទាំងពីរបានព្រមព្រៀងបានឡើយ។ ប្រសិនបើថៃអះអាងថាទីតាំងដែលលោក អនុទីន ឈរនោះជាទឹកដីថៃ ចម្លើយមិនអាចជារូបថតរបស់នាយករដ្ឋមន្ត្រី ទង់ជាតិ កុងតឺន័រ ឬកងទ័ពបានទេ។ ចម្លើយត្រូវតែជាមូលដ្ឋានគតិយុត្ត ផែនទី និងឯកសារព្រំដែនដែលអាចផ្ទៀងផ្ទាត់បាន។ ហើយការដោតទង់ជាតិ ការដាក់កម្លាំងយោធា ឬការកែប្រែស្ថានភាពដើមតាមរយៈសកម្មភាពសាងសង់ផ្សេងៗ ក៏មិនអាចផ្លាស់ប្តូរអធិបតេយ្យភាពតាមច្បាប់បានឡើយ។ ប៉ុន្តែបានបង្ហាពីការឈ្លានពានទឹកដីកម្ពុជាយ៉ាងច្បាស់ក្រឡែត៕
អត្ថបទ៖ ឯកឧត្តម នេត្រ ភក្ត្រា

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា