អ្នកនាំពាក្យរាជរដ្ឋាភិបាលធ្វើបច្ចុប្បន្នភាពនៃដំណើរការកិច្ចប្រជុំគណៈកម្មការផ្សះផ្សាស្តីពីការដោះស្រាយវិវាទព្រំដែនសមុទ្រកម្ពុជា-ថៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកនាំពាក្យរាជរដ្ឋាភិបាលធ្វើបច្ចុប្បន្នភាពនៃដំណើរការកិច្ចប្រជុំគណៈកម្មការផ្សះផ្សាស្តីពីការដោះស្រាយវិវាទព្រំដែនសមុទ្រកម្ពុជា-ថៃ

អ្នកនាំពាក្យរាជរដ្ឋាភិបាលធ្វើបច្ចុប្បន្នភាពនៃដំណើរការកិច្ចប្រជុំគណៈកម្មការផ្សះផ្សាស្តីពីការដោះស្រាយវិវាទព្រំដែនសមុទ្រកម្ពុជា-ថៃ

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាធ្វើបច្ចុប្បន្នភាពនៃដំណើរការកិច្ចប្រជុំគណៈកម្មការផ្សះផ្សាស្តីពីការដោះស្រាយវិវាទព្រំដែនសមុទ្រកម្ពុជា-ថៃ ដូចតទៅ៖
«គោលបំណងចម្បងបំផុតរបស់កម្ពុជា គឺសម្រេចឱ្យបាននូវដំណោះស្រាយមួយដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ ហើយរួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមនៅក្នុងតំបន់»។ នេះគឺជាការគូសបញ្ជាក់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាភ្នាក់ងារកម្ពុជា នៅក្នុងសេចក្តីថ្លែងការណ៍បើកកិច្ចប្រជុំលើកទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ(UNCLOS) នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នេះ នៅឯប្រទេសសិង្ហបូរី។ កិច្ចប្រជុំនេះដឹកនាំដោយលោកស្រី Katrina Cooper ប្រធានគណៈកម្មការផ្សះផ្សា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បន្តថា ដើម្បីសម្រេចគោលដៅនេះ កម្ពុជាមានបំណងចុះសន្ធិសញ្ញាមួយជាមួយប្រទេសថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការ និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រតែមួយដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ ជាជម្រើសផ្សេងទៀត កម្ពុជាត្រៀមខ្លួនចុះកិច្ចព្រមព្រៀងជាមួយប្រទេសថៃសម្រាប់ការអភិវឌ្ឍរួមគ្នា និងការបែងចែកធនធានដោយសមធម៌រវាងរដ្ឋទាំងពីរ ក្នុងអំឡុងពេលរង់ចាំកិច្ចព្រមព្រៀងជាស្ថាពរស្តីពីព្រំដែនសមុទ្រ។

ក្នុងករណីមិនអាចសម្រេចបាននូវកិច្ចព្រមព្រៀងជាស្ថាពរ ទាំងកិច្ចព្រមព្រៀងព្រំដែនសមុទ្រនិងទាំងការអភិវឌ្ឍរួមគ្នា កម្ពុជាសូមស្នើឱ្យគណៈកម្មការរៀបចំរបាយការណ៍ផ្តល់អនុសាសន៍ដល់ភាគីទាំងពីរដើម្បីប្រើប្រាស់ជាមូលដ្ឋានសម្រាប់ភាគីទាំងពីរក្នុងការចរចាដើម្បីសម្រេចកិច្ចព្រមព្រៀងទាំងនេះនៅពេលក្រោយ ដោយអនុលោមតាមកាតព្វកិច្ចរបស់ភាគីទាំងពីរក្រោមអនុសញ្ញា UNCLOS។ ប្រមុខការទូតកម្ពុជាក៏បានគូសបញ្ជាក់នៅចំពោះមុខគណៈកម្មការផ្សះផ្សាពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះច្បាប់អន្តរជាតិពោលគឺ ការគោរពច្បាប់អន្តរជាតិ ការដោះស្រាយវិវាទដោយសន្តិវិធី និងស្ថាប័ននានាដែលលើកកម្ពស់គោលការណ៍ទាំងនេះ បានចាក់ឬសយ៉ាងជ្រៅក្នុងបទពិសោធន៍ជាតិរបស់កម្ពុជារួចទៅហើយ។ ជាក់ស្តែង ការដែលកម្ពុជាស្វែងរកដំណោះស្រាយតាមរយៈតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់យើងលើស្ថាប័នអន្តរជាតិ ក្នុងនាមជាយន្តការដោះស្រាយវិវាទដ៏ស្មុគស្មាញរវាងរដ្ឋនានាដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។

បទពិសោធន៍នេះបានបង្ហាញថា បញ្ហាសំខាន់បំផុតសម្រាប់ជាតិអាចដោះស្រាយបានតាមសន្តិវិធី និងតាមយន្តការពហុភាគី ជាជាងតាមការប្រើប្រាស់កម្លាំង ហើយក្របខ័ណ្ឌអន្តរជាតិអាចផ្តល់មូលដ្ឋានគ្រឹះដ៏រឹងមាំនិងចីរកាល សម្រាប់ឱ្យរដ្ឋជិតខាងគ្នាដោះស្រាយទំនាស់របស់ខ្លួន។ ការប្តេជ្ញាចិត្តដូចបានលើកឡើងខាងដើម គឺជាកត្តាកំណត់អភិក្រមរបស់កម្ពុជា ក្នុងការរក្សាទំនាក់ទំនងរវាងកម្ពុជា និងថៃ ដែលបាននិងកំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក។ កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សាអាចជួយភាគីទាំងពីរក្នុងការបើកទំព័រថ្មីមួយដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ភាគីទាំងពីរ។

ដោយទទួលបានការលើកទឹកចិត្តពីលទ្ធផលនៃការផ្សះផ្សាលើបញ្ហាដែនសមុទ្រទីម័រ រវាងសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ និងប្រទេសអូស្ត្រាលី កម្ពុជាមានទំនុកចិត្តថា គណៈកម្មការផ្សះផ្សា ដែលមានសមាសភាពដ៏ឧត្តុង្គឧត្តម មានសមត្ថភាពគ្រប់គ្រាន់ក្នុងការជួយដល់កម្ពុជានិងថៃឱ្យសម្រេចបាននូវលទ្ធផលស្រដៀងគ្នានេះដែរពោលគឺលទ្ធផលដែលនាំមកនូវសន្តិភាព ស្ថិរភាព និងវិបុលភាពរួមសម្រាប់តំបន់យើង។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានរម្លឹកអំពីកិច្ចព្រមព្រៀងលើអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ (MOU-2001) ស្តីពីតំបន់ទាមទារដែនសមុទ្រត្រួតគ្នានៃខ្ពង់រាបបាតសមុទ្រ ដែលបានឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងពាក់ព័ន្ធនឹងព្រំដែនសមុទ្រ និងការអភិវឌ្ឍធនធានដើម្បីផលប្រយោជន៍ទៅវិញទៅមក។ ប៉ុន្តែ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ប្រទេសថៃបានប្រកាសជាសាធារណៈអំពីការលុបចោលដោយឯកតោភាគីនូវអនុស្សរណៈនៃការយោគយល់គ្នានេះ បើទោះបីជាមានការអំពាវនាវជាបន្តបន្ទាប់ពីសំណាក់ប្រទេសកម្ពុជាសុំឱ្យថៃគោរពអនុស្សរណៈនេះក៏ដោយ។ ដោយឈរលើមូលដ្ឋាននៃការប្តេជ្ញាចិត្តគោរពគោលការណ៍នីតិរដ្ឋ និងការដោះស្រាយវិវាទដោយសន្តិវិធី កម្ពុជាបានសម្រេចយកជម្រើសផ្តួចផ្តើមនីតិវិធីផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានរម្លឹកប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាក្នុងសុន្ទរកថាពិសេសនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ថា៖ «កម្ពុជាក៏ដូចជាថៃ នឹងទទួលបានផលប្រយោជន៍ពីដំណោះស្រាយប្រកបដោយយុត្តិធម៌ និងចីរភាព ក្រោមការណែនាំរបស់អ្នកជំនាញផ្សះផ្សាអន្តរជាតិ និងស្របតាមច្បាប់អន្តរជាតិ។ ដំណោះស្រាយដោយសន្តិវិធីនឹងផ្តល់ផលប្រយោជន៍រួមដល់ប្រទេសទាំងពីរ ហើយនឹងរួមចំណែកដល់ការកសាងសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់»។ កម្ពុជាមើលឃើញដំណើរការផ្សះផ្សានេះថា ជាមធ្យោបាយមួយសម្រាប់ស្តារទំនុកចិត្តឡើងវិញ គឺមិនមែនជាទម្រង់នៃការបង្កើនភាពតានតឹងនោះឡើយ។

ដូច្នេះ កម្ពុជាសង្ឃឹមដោយស្មោះថា ប្រទេសថៃចូលរួមដំណើរការផ្សះផ្សាក្នុងស្មារតីស្ថាបនា ហើយស្របពេលគ្នានេះដែរ ថៃនឹងធ្វើសកម្មភាពឆ្ពោះទៅរកការកែលម្អទំនាក់ទំនងទ្វេភាគី តាមរយៈការអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវរាល់កិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ទាំងអស់ ជាពិសេសសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ សកម្មភាពបែបនេះនឹងសម្រួលឱ្យប្រជាជនភៀសសឹកប្រមាណជា ២ម៉ឺននាក់អាចវិលត្រឡប់ទៅលំនៅដ្ឋានរបស់ខ្លួនវិញ ការអភិរក្សទីតាំងវប្បធម៌សំខាន់ៗដែលបានរងការខូចខាតក្នុងការប្រយុទ្ធគ្នា ហើយនឹងត្រួសត្រាយផ្លូវឆ្ពោះទៅរកប្រក្រតីនៃភាពទំនាក់ទំនងទ្វេភាគី។ កិច្ចប្រឹងប្រែងបែបនេះនឹងរួមចំណែកយ៉ាងសំខាន់ដល់ការកាត់បន្ថយភាពតានតឹង និងការកសាងជំនឿទុកចិត្តឡើងវិញ។ ការស្តារសន្តិភាព និងស្ថិរភាពរវាងកម្ពុជានិងថៃ មិនត្រឹមតែផ្តល់ប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងសម្រាប់សហគមន៍អាស៊ានទាំងមូលទៀតផង។ នេះជាការសង្កត់ធ្ងន់របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៕
ដោយ៖ពលជ័យ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា