សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យប្រទេសណាទេ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យប្រទេសណាទេ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យប្រទេសណាទេ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ជាថ្មីនៅថ្ងៃនេះថា សេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យប្រទេសណាទេ ប៉ុន្តែជាកិច្ចព្រមព្រៀងឈប់បាញ់គ្នាដើម្បីបញ្ចៀសទុក្ខវេទនារបស់ប្រជាពលរដ្ឋ ដោយងាកទៅប្រើយន្តការច្បាប់អន្តរជាតិ និងការទូតជំនួសវិញ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបន្តថា សម្តេចប្រមុខរាជរដ្ឋាភិបាលគូសបញ្ជាក់ថា មានការបាត់បង់ការគ្រប់គ្រងទីតាំងមួយចំនួនក្រោយការប្រយុទ្ធគ្នាក៏ពិតមែន ក៏ប៉ុន្តែ មិនមែនមានន័យថា រាជរដ្ឋាភិបាលបានប្រគល់ទីតាំងនោះឱ្យប្រទេសជិតខាងនោះឡើយ។ ផ្ទុយទៅវិញ រាជរដ្ឋាភិបាលបាននិងកំពុងតវ៉ាគ្រប់ពេលវេលា ដោយមិនបានធ្វេសប្រហែសសូម្បីមួយវិនាទីណាឡើយ។ ចំណែកឯវីរៈកងទ័ពជួរមុខរបស់យើងក៏នៅតែបន្តឈរជើងការពារទឹកដីយ៉ាងអង់អាចក្លាហាន និងតស៊ូយ៉ាងស្វិតស្វាញបំផុតដោយមិនស្តាយជីវិត។

អ្នកនាំពាក្យបានបន្តថា សម្តេចធិបតីបានសង្កត់ធ្ងន់ទៀតថា ការប្រើប្រាស់យន្តការអន្តរជាតិ UNCLOS ដើម្បីដោះស្រាយវិវាទដែនសមុទ្រ គឺជាការដោះស្រាយបញ្ហាដោយសន្តិវិធី ដោយមានភាគីអន្តរជាតិជួយសម្របសម្រួល។ ដែនសមុទ្រក៏រាជរដ្ឋាភិបាលការពារ រីឯដែនគោកក៏ការពារ ដោយមិនដែលធ្វេសប្រហែសមួយវិនាទីណាឡើយ។ នេះជាការគូសបញ្ជាក់របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ដោយសម្តេចអំពាវនាវឱ្យប្រជាពលរដ្ឋ មានជំនឿលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាបូរណភាពទឹកដី និងការពារប្រជាពលរដ្ឋ។ ការលើកឡើងពីបញ្ហានេះបានធ្វើឡើងក្នុងឱកាសដែលសម្តេចនាយករដ្ឋមន្ត្រី អញ្ជើញធ្វើជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យ ហ្លួងម៉ែ ក្នុងរាជធានីភ្នំពេញ និងក្នុងខណៈដែលគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS កំពុងបន្តកិច្ចប្រជុំលើកដំបូងរបស់ខ្លួននៅឯប្រទេសសិង្ហបុរី៕
ដោយ៖ពលជ័យ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា