បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកនាំពាក្យ៖ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងមន្ត្រី អាជ្ញាធរគ្រប់លំដាប់ថ្នាក់តែងតែចុះជួបសួរសុខទុក្ខ និងជួយសង្គ្រោះ ក៏ដូចជាដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនៅពេលដែលជួប​ការលំបាក ឬជួបគ្រោះអាសន្នណាមួយជាយថាហេតុ

អ្នកនាំពាក្យ៖ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងមន្ត្រី អាជ្ញាធរគ្រប់លំដាប់ថ្នាក់តែងតែចុះជួបសួរសុខទុក្ខ និងជួយសង្គ្រោះ ក៏ដូចជាដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនៅពេលដែលជួប​ការលំបាក ឬជួបគ្រោះអាសន្នណាមួយជាយថាហេតុ

ភ្នំពេញ៖ «ការសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាល» នេះជា​សាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ពេលអញ្ជើញចុះត្រួតពិនិត្យនិងសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខេត្តបន្ទាយមានជ័យ និងបាត់ដំបង កាលពីថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ ២០២៦។ សម្តេចក៏បានថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះអាជ្ញាធរខេត្ត ស្រុក-ក្រុង កងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធ និងកម្លាំងស្ម័គ្រចិត្តទាំងអស់ដែលបានរួមគ្នាជួយសង្គ្រោះប្រជាពលរដ្ឋបានឆាប់រហ័សទាន់ពេលវេលាទៅកាន់ទីទួលសុវត្ថិភាព នៅក្នុងខេត្តទាំងពីរ ក៏ដូចជានៅតាមបណ្តាខេត្តនានាដែលទទួលរងផលប៉ះពាល់ដោយទឹកជំនន់។ សម្តេចធិបតីក៏បានថ្លែងអំណរគុណ ចំពោះក្រុមការងារថ្នាក់ជាតិចុះជួយតាមបណ្តាខេត្ត គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ដែលបានផ្តល់ការគាំទ្រដល់ការសង្គ្រោះប្រជាពលរដ្ឋក្នុងគ្រាលំបាកនេះ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា នេះមិនមែនជារឿងថ្មីទេសម្រាប់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងមន្ត្រី អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលតែងតែចុះជួបសួរសុខទុក្ខ និងជួយសង្គ្រោះ ក៏ដូចជាដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនៅពេលដែលពួកគេជួប​ការលំបាក ឬជួបគ្រោះអាសន្នណាមួយជាយថាហេតុ។ ប្រពៃណីផ្សាភ្ជាប់ជាមួយប្រជាពលរដ្ឋ រួមសុខទុក្ខ និងបម្រើប្រជាពលរដ្ឋ​ គឺជាគុណធម៌​ និងជាអត្តសញ្ញាណរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា​ដែលបន្តពីជំនាន់មួយទៅជំនាន់មួយដោយឥតប្រែប្រួលឡើយ។
ជាក់ស្តែង សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានបង្ហោះរូបថតពីរសន្លឹកក្នុងនោះមួយសន្លឹកជារូបសម្តេចចជួបជាមួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់កាលពីឆ្នាំ២០០០ ពេលដែលសម្តេចនៅជានាយករដ្ឋមន្ត្រី និងមួយសន្លឹកទៀតជារូបសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន ចុះជួបប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ឆ្នាំ២០២៦ នេះ អមដោយចំណងជើងខ្លីនិងមានអត្ថន័យជ្រាលជ្រៅថា«ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់» ដែលមានន័យថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលចេញពីគណបក្សប្រជាជនកម្ពុជាតែងតែបន្តប្រពៃណីរួមសុខទុក្ខជាមួយប្រជាពលរដ្ឋជានិច្ចដោយឥតប្រែប្រួល មិនខុសពីអ្នកដឹកនាំរៀមច្បង​របស់ខ្លួនឡើយ ពោលគឺ«ទីណាពលរដ្ឋមានទុក្ខ​ មានមុខសម្តេចតេជោ-ធិបតី» និងមន្ត្រីថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់​ចាំជួយពលរដ្ឋជានិច្ច។

អ្នកនាំពាក្យបានបន្តថា ជាក់ស្តែង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ទើបតែបានសម្រេចដាក់ឱ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដើម្បី​សម្រាលបន្ទុកជីវភាពគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដែលរងផលប៉ះពាល់ពីការឡើងថ្លៃប្រេងឥន្ធនៈ។ ប្រជាពលរដ្ឋចំនួនប្រមាណជា៤លាន៦សែននាក់ នៅទូទាំងប្រទេសទទួលបានការឧបត្ថម្ភពីគម្រោងនេះ ដោយក្នុងមួយគ្រួសារទទួលបាន៦ម៉ឺនរៀល សម្រាប់អ្នករស់នៅក្នុងរាជធានីភ្នំពេញ ៤ម៉ឺន៨ពាន់រៀលសម្រាប់អ្នករស់នៅតាមទីប្រជុំជនជនបទ និង៤ម៉ឺនរៀលសម្រាប់អ្នករស់នៅទីជនបទ។ លើសពីនេះ សមាជិកគ្រួសារម្នាក់ៗ​ទទួលបានថវិកាឧបត្ថម្ភបន្ថែម៥ពាន់រៀលស្មើៗគ្នា និងត្រូវទទួលបាន៤លើករហូតដល់ដំណាច់ឆ្នាំ២០២៦។ កម្មវិធីនេះធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលបានបញ្ចុះតម្លៃប្រេង និងបញ្ចុះឬកាត់ចោលពន្ធអាករលើប្រេងសាំងនិងប្រេងម៉ាស៊ូត យ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីជួយសម្រួលជីវភាពប្រជាពលរដ្ឋ​ដែលរងផលប៉ះពាល់។

កន្លងមករាជរដ្ឋាភិបាល តាមរយៈក្រុមប្រឹក្សាជាតិគាំពារសង្គម តែងតែបានគិតគូរនិងយកចិត្តទុកដាក់ជាប្រចាំលើសុខុមាលភាពនិងជីវភាពរបស់ពលរដ្ឋជាពិសេសក្នុងគ្រាមានគ្រោះ​​អាសន្ន ដោយដាក់ចេញនូវកម្មវិធីអន្តរាគមន៍ពិសេសមួយចំនួនដូចជា៖(១)កម្មវីធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងអំឡុងការប្រយុទ្ធនឹងជំងឺកូវីដ​-១៩ (២) កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ និង(៣)កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងមានសម្ពាធអតិផរណា និងកម្មវិធីអន្តរាគមន៍ពិសេសជូនគ្រួសារពលរដ្ឋភៀសសឹកដោយ​សារសង្គ្រាមឈ្លានពានទឹកដីនៅតាមព្រំដែនជាដើម។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា ក្រៅពីស្វែងរកសន្តិភាព ថែរក្សាសន្តិភាព ស្ថិរភាពសង្គម-នយោបាយ និងរក្សាលំនឹង​ម៉ាក្រូសេដ្ឋកិច្ច ដើម្បីផ្តល់ឱកាសសម្រាប់ការអភិវឌ្ឍន៍ប្រទេស និងជីវភាពគ្រួសារ គោលនយោបាយគិតគូរ​ដល់​ជីវភាពពលរដ្ឋ​ក្រីក្រតាមរយៈការឧបត្ថម្ភសាច់ប្រាក់ដោយផ្ទាល់ក៏​ត្រូវបានអនុវត្តដោយរាជរដ្ឋាភិបាលតាំងពីជំនាន់​សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។ ជាក់ស្តែង ក្នុងអំឡុងពេលនៃការផ្ទុះជំងឺកូវីដ១៩ រាជរដ្ឋាភិបាលបានចំណាយថវិការាប់ពាន់លានដុល្លារដើម្បី​ជួយឧបត្ថម្ភពលរដ្ឋក្រីក្រដែលរងផលប៉ះពាល់។

ប្រពៃណីនេះត្រូវបានបន្តដោយរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា​ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយសម្តេចបានដាក់ចេញ នូវគោលនយោបាយគាំពារសង្គមយ៉ាងទូលំទូលាយ និងប្រកបដោយមហិច្ឆតា តាមរយៈការឧបត្ថម្ភសាច់ប្រាក់ដល់​គ្រួសារក្រីក្រ ដូចជាស្ត្រីមានផ្ទៃពោះ កុមារអាយុក្រោម២ឆ្នាំ ការផ្តល់អាហារូបករណ៍​ដល់កុមារ​ក្រីក្ររហូតដល់ចប់មធ្យមសិក្សា ការឧបត្ថម្ភសាច់ប្រាក់ជនមានពិការភាព និងចាស់ជរាអាយុ៦០ឆ្នាំឡើង។ ក្រៅពីនោះ រាជរដ្ឋាភិបាលផ្តល់ជូនពលរដ្ឋក្រីក្រ និងងាយរងគ្រោះនូវ សេវាថែទាំសុខភាព ការអប់រំនិងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈបច្ចេកទេស​ដល់យុវជនដោយឥតគិតថ្លៃ​ ក្រោមអភិក្រម«មិនបោះបង់ពលរដ្ឋណាម្នាក់ចោល»នោះឡើយ៕
ដោយ៖ពលជ័យ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា