សញ្ញាព្រមានទាំង ១២ បង្ហាញថា រាងកាយ​កំពុងមានជាតិ ស្ករ ច្រើនជ្រុល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សញ្ញាព្រមានទាំង ១២ បង្ហាញថា រាងកាយ​កំពុងមានជាតិ ស្ករ ច្រើនជ្រុល

សញ្ញាព្រមានទាំង ១២ បង្ហាញថា រាងកាយ​កំពុងមានជាតិ ស្ករ ច្រើនជ្រុល

ស្ករគឺជាប្រភពថាមពលដ៏សំខាន់សម្រាប់រាងកាយ ប៉ុន្តែការញ៉ាំ “ស្ករដែលគេបន្ថែម” (Added Sugars) ក្នុងអាហារកែច្នៃ ភេសជ្ជៈផ្អែមៗ ឬបង្អែមច្រើនពេក អាចផ្ដល់ផលអាក្រក់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ។ យោងតាមការសិក្សា ជាតិស្ករដែលលើសកម្រិតមិនត្រឹមតែធ្វើឱ្យធាត់នោះទេ តែវាប៉ះពាល់ដល់ទាំងផ្លូវកាយ និងផ្លូវចិត្ត។

Advertisement

ខាងក្រោមនេះគឺជាសញ្ញាព្រមានទាំង ១២ ដែលបញ្ជាក់ថា រាងកាយរបស់អ្នកកំពុងទទួលរងការវាយលុកដោយជាតិស្ករ ៖

១. ឆាប់ឃ្លាន និងឡើងទម្ងន់ ៖ ស្ករធ្វើឱ្យអ្នកមានអារម្មណ៍ថាឆ្ងាញ់ ប៉ុន្តែវាមិនធ្វើឱ្យអ្នកឆ្អែតដូចពពួកប្រូតេអ៊ីន ឬជាតិសរសៃឡើយ។ វារំខានដល់អ័រម៉ូនដែលគ្រប់គ្រងការឃ្លាន (Leptin) ធ្វើឱ្យអ្នកចង់ញ៉ាំហើយ ញ៉ាំទៀត នាំឱ្យឡើងទម្ងន់ដោយមិនដឹងខ្លួន។

២. ឆាប់ខឹង និងមួរម៉ៅ ៖ តើអ្នកធ្លាប់មានអារម្មណ៍ថាធុញថប់ ឬមួរម៉ៅបន្ទាប់ពីញ៉ាំរបស់ផ្អែមមួយសន្ទុះដែរឬទេ? នៅពេលជាតិស្ករក្នុងឈាមឡើងខ្ពស់ខ្លាំង ហើយធ្លាក់ចុះមកវិញភ្លាមៗ វានឹងធ្វើឱ្យអារម្មណ៍របស់អ្នកប្រែប្រួល និងឆាប់ខឹង។

៣. អស់កម្លាំង និងគ្មានថាមពល ៖ ស្ករផ្ដល់ថាមពលឱ្យអ្នកបានតែមួយភ្លែតប៉ុណ្ណោះ។ បន្ទាប់មកប្រហែល ៣០ នាទី ថាមពលនោះនឹងស្រកចុះ ដែលធ្វើឱ្យអ្នកមានអារម្មណ៍ល្វើយ អស់កម្លាំង និងងងុយដេក។

៤. ញ៉ាំអ្វីក៏មិនសូវមានរសជាតិផ្អែម (ស៊ាំនឹងជាតិផ្អែម) ៖ ប្រសិនបើអ្នកធ្លាប់ញ៉ាំផ្អែមខ្លាំង ខួរក្បាលរបស់អ្នកនឹងរំពឹងចង់បានកម្រិតផ្អែមខ្ពស់ជានិច្ច។ វានឹងធ្វើឱ្យអ្នកមានអារម្មណ៍ថា ផ្លែឈើធម្មជាតិ ឬអាហារសុខភាពផ្សេងៗមិនមានរសជាតិឆ្ងាញ់ ឬមិនផ្អែមគ្រប់គ្រាន់។

៥. តែងតែចង់ញ៉ាំបង្អែម ឬរបស់ផ្អែម ៖ ស្ករបញ្ចេញសារធាតុ Dopamine (អ័រម៉ូននៃក្ដីសុខ) ក្នុងខួរក្បាល ដែលធ្វើឱ្យអ្នកញៀននឹងវា។ កាលណាអ្នកញ៉ាំកាន់តែច្រើន ខួរក្បាលកាន់តែទាមទារឱ្យអ្នករករបស់ផ្អែមមកញ៉ាំជាបន្តបន្ទាប់។

៦. លើសឈាម ៖ ទោះបីជាអំបិលជាមូលហេតុចម្បង នៃជំងឺលើសឈាម ប៉ុន្តែស្ករក៏ជាសត្រូវលាក់មុខដែរ។ ជាតិស្ករខ្ពស់បំផ្លាញសរសៃឈាម ធ្វើឱ្យសរសៃឈាមរឹង ដែលជាហេតុនាំឱ្យសម្ពាធឈាមឡើងខ្ពស់។

៧. កើតមុន និងមានស្នាមជ្រីវជ្រួញ ៖ ការញ៉ាំស្ករច្រើនជំរុញឱ្យមានការរលាកក្នុងរាងកាយ និងធ្វើឱ្យស្បែកឆាប់ចាស់ បង្កើតស្នាមជ្រីវជ្រួញ និងបង្កជាបញ្ហាមុនលើផ្ទៃមុខ។

៨. ឈឺសន្លាក់ ៖ ស្ករបង្កឱ្យមានការរលាកជាប្រព័ន្ធនៅក្នុងរាងកាយ ដែលអាចនាំឱ្យមានការឈឺចាប់តាមសន្លាក់ដៃជើង។

៩. បញ្ហាដំណេក ៖ ការញ៉ាំផ្អែមច្រើនពេក រំខានដល់វដ្តនៃដំណេក ធ្វើឱ្យអ្នកពិបាកសម្រាន្តលក់ ឬសម្រាន្តលក់មិនបានស្កប់ស្កល់។

១០. បញ្ហាប្រព័ន្ធរំលាយអាហារ ៖ ស្ករអាចធ្វើឱ្យមានការឈឺពោះ រមួលក្រពើ ឬរាគ។ លើសពីនេះ បើអ្នកញ៉ាំផ្អែមច្រើនហើយមិនញ៉ាំបន្លែផ្លែឈើ អ្នកក៏អាចប្រឈមនឹងការទល់លាមកផងដែរ។

១១. វង្វេងវង្វាន់ ឬមិនសូវមានការផ្ដោតអារម្មណ៍ (Brain Fog) ៖ ជាតិស្ករច្រើនលើសលប់ប៉ះពាល់ដល់សមត្ថភាពយល់ដឹង ការចងចាំ និងការផ្ដោតអារម្មណ៍របស់អ្នក។

១២. ពុកធ្មេញ ៖ បាក់តេរីក្នុងមាត់ចូលចិត្តស៊ីជាតិស្ករណាស់។ ប្រសិនបើអ្នកឧស្សាហ៍មានបញ្ហាធ្មេញ ឬឈឺអញ្ចាញធ្មេញ វាអាចមកពីរបបអាហារដែលមានជាតិស្ករខ្ពស់ពេក។

ដំបូន្មានសម្រាប់យុវជន ៖ វាមិនមែនជារឿងងាយស្រួលទេក្នុងការផ្ដាច់ជាតិស្ករទាំងស្រុង ប៉ុន្តែអ្នកអាចចាប់ផ្ដើមពីការ “កាត់បន្ថយ”។ ចូរពិនិត្យមើលស្លាកសញ្ញាអាហារមុននឹងទិញ ជ្រើសរើសញ៉ាំទឹកស្អាតជំនួសភេសជ្ជៈផ្អែម និងញ៉ាំអាហារស្រស់ៗដែលមិនបានកែច្នៃ ដើម្បីសុខភាពយូរអង្វែង និងសម្រស់របស់អ្នក៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា