វិធីសាស្ត្រងាយៗ ៥ យ៉ាង ជួយអ្នកផ្តាច់បារីឱ្យបានជោគជ័យ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វិធីសាស្ត្រងាយៗ ៥ យ៉ាង ជួយអ្នកផ្តាច់បារីឱ្យបានជោគជ័យ

វិធីសាស្ត្រងាយៗ ៥ យ៉ាង ជួយអ្នកផ្តាច់បារីឱ្យបានជោគជ័យ

ការផ្តាច់បារីមិនមែនជារឿងងាយស្រួលទេ ប៉ុន្តែក៏មិនមែនជារឿងដែលមិនអាចធ្វើបានដែរ។ អ្នកជំនាញសុខភាពបញ្ជាក់ថា ការចាប់ផ្តើមឈប់ជក់បារីមិនដែលយឺតពេលឡើយ ហើយមានវិធីសាស្ត្រជាក់ស្តែងចំនួន ៥ យ៉ាង ដែលអ្នកអាចចាប់ផ្តើមអនុវត្តបានភ្លាមៗ។

១. បង្កើតប្រព័ន្ធគាំទ្រ

កុំព្យាយាមធ្វើតែម្នាក់ឯង។ សូមប្រាប់គ្រួសារ និងមិត្តភក្តិថា អ្នកកំពុងព្យាយាមឈប់ជក់។ ការមានមនុស្សនៅក្បែរលើកទឹកចិត្ត និងតាមដានអ្នក នឹងជួយឱ្យអ្នកកាន់តែមានកម្លាំងចិត្ត។

២. ផ្លាស់ប្តូរទម្លាប់ប្រចាំថ្ងៃ

អ្នកជក់ភាគច្រើនភ្ជាប់បារីជាមួយសកម្មភាពណាមួយ ដូចជា ពេលសម្រាក ពេលញ៉ាំកាហ្វេ ឬពេលជួបមិត្តភក្តិ។ សូមកែប្រែទម្លាប់ ឬផ្លូវធ្វើដំណើរដែលធ្លាប់ភ្ជាប់នឹងការជក់ ឧទាហរណ៍ ដើរលេងជិតៗជំនួសការសម្រាកជក់បារី។ វិធីនេះជួយកាត់បន្ថយការចង់ជក់ដែលកើតឡើងដោយស្វ័យប្រវត្តិ។

៣. រំលឹកខ្លួនឯងពីមូលហេតុ និងគោលដៅ

សូមចងចាំថាហេតុអ្វីអ្នកចង់ឈប់ ទោះដើម្បីសុខភាពខ្លួនឯង ឬដើម្បីការពារមនុស្សជាទីស្រលាញ់ពីផ្សែងបារី។ សរសេរមូលហេតុនោះទុកនៅកន្លែងដែលអ្នកមើលឃើញរាល់ថ្ងៃ ដូចជាលើទូរស័ព្ទ ឬលើកញ្ចក់។ នៅពេលចង់ចុះចាញ់ វានឹងរំលឹកអ្នកឱ្យមានកម្លាំងបន្តទៀត។

៤. រកវត្ថុជំនួសដៃ និងមាត់

ការជក់បារីជាទម្លាប់ដែលពាក់ព័ន្ធនឹងដៃ និងមាត់ ដូច្នេះសូមរកអ្វីមកជំនួស ដូចជាប្រើប្រាស់ស្ករកៅស៊ូគ្មានស្ករ បន្លែកាត់ជាបន្ទះ ឬ បំពង់បឺតសម្រាប់មាត់ និងលេងប៊ិច ឬ ប្រដាប់ប្រដាកាត់បន្ថយស្ត្រេសសម្រាប់ដៃ។

៥. ពិគ្រោះជាមួយគ្រូពេទ្យ

ប្រសិនបើអ្នកញៀនខ្លាំង សូមកុំស្ទាក់ស្ទើរក្នុងការសុំជំនួយពីគ្រូពេទ្យ។ ការព្យាបាលជំនួសនីកូទីន ឬថ្នាំតាមវេជ្ជបញ្ជា អាចជួយកាត់បន្ថយរោគសញ្ញាញៀនបារី ហើយធ្វើឱ្យដំណើរឈប់ជក់កាន់តែងាយស្រួល។

សូមជម្រាបជូនដែរថា បើតាមអង្គការសុខភាពពិភពលោក (WHO) ថ្នាំជក់បណ្តាលឱ្យមនុស្សស្លាប់លើសពី ៨ លាននាក់ក្នុងមួយឆ្នាំ។ ក្នុងនោះ ជាង ៧ លាននាក់ស្លាប់ដោយសារការប្រើប្រាស់ថ្នាំជក់ដោយផ្ទាល់ ហើយប្រមាណ ១,៣ លាននាក់ទៀត ជាមនុស្សមិនជក់ដែលស្រូបផ្សែងបារីរបស់អ្នកដទៃ។ ការជក់បារីក៏ជាមូលហេតុចម្បងនៃជំងឺមហារីកសួតផងដែរ៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា