វិធីសាស្ត្រទាំង ៥ ដើម្បីយកឈ្នះលើភាពភ័យខ្លាចក្នុងពេលប្រឡង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វិធីសាស្ត្រទាំង ៥ ដើម្បីយកឈ្នះលើភាពភ័យខ្លាចក្នុងពេលប្រឡង

វិធីសាស្ត្រទាំង ៥ ដើម្បីយកឈ្នះលើភាពភ័យខ្លាចក្នុងពេលប្រឡង

ការមានអារម្មណ៍ភ័យព្រួយនៅថ្ងៃប្រឡង គឺជាបញ្ហាទូទៅដែលសិស្សចន្លោះពី ២៥% ទៅ ៤០% តែងតែជួបប្រទះ។ អារម្មណ៍នេះអាចធ្វើឱ្យអ្នកមានអារម្មណ៍ថា ឯកោ ថប់បារម្ភ និងធ្វើឱ្យខួរក្បាលគិតអ្វីមិនចេញ។ ទោះជាយ៉ាងណាក៏ដោយ តាមរយៈគេហទំព័រ Collegeinfogeek បាន​បង្ហាញពីវិធីសាស្រ្តចំនួន៥ ដែលអ្នកអាចផ្លាស់ប្តូរភាពតានតឹងមកជាភាពជឿជាក់វិញបាន ៖

Advertisement

១. ផ្លាស់ប្តូរការនិយមន័យនៃ “ការភ័យខ្លាច” ឱ្យទៅជា “ភាពរំភើប”

តើអ្នកដឹងទេថា រោគសញ្ញានៃការភ័យខ្លាច និងភាពរំភើប គឺមានលក្ខណៈដូចគ្នាទាំងស្រុង? វារួមមាន៖ បេះដូងលោតញាប់ បែកញើសបាតដៃ ជាដើម។ អត្តពលិកល្បីៗលើពិភពលោកបានហ្វឹកហាត់ខួរក្បាលពួកគេឱ្យបកស្រាយអាការៈទាំងនេះថាជា “ភាពរំភើប” ជំនួសឱ្យការភ័យខ្លាច។ លើកក្រោយ នៅពេលអ្នកចាប់ផ្តើមញ័រដៃញ័រជើងមុនពេលប្រឡង ចូរប្រាប់ខ្លួនឯងថា “នេះគឺជាភាពរំភើបដែលខ្ញុំជិតបានបញ្ចេញសមត្ថភាពហើយ!”។

២. រៀបចំខ្លួនឱ្យបានល្អ រួចទុកឱ្យលទ្ធផលដើរតាមក្រោយ

យុទ្ធសាស្ត្ររបស់គ្រូបង្វឹកបាល់ឱបដ៏ល្បីល្បាញ Bill Walsh គឺផ្តោតលើ “ការធ្វើរឿងតូចតាចឱ្យបានល្អឥតខ្ចោះជារៀងរាល់ថ្ងៃ”។ ដូច្នេះក្នុងការសិក្សាក៏ដូចគ្នា ការកាត់បន្ថយការភ័យខ្លាចបានល្អបំផុត គឺការត្រៀមខ្លួនតាំងពីដើមទី ដូចជា កត់ត្រាមេរៀនឱ្យបានល្អក្នុងថ្នាក់, រំលឹកមេរៀនជាប្រចាំ ជាជាងការបង្ខំអានមេរៀននៅយប់មុនថ្ងៃប្រឡង។ នៅពេលអ្នកបានរៀបចំខ្លួនអស់ពីសមត្ថភាពហើយ អ្នកនឹងមានទំនុកចិត្តថា “ខ្ញុំបានធ្វើអស់ពីលទ្ធភាពហើយ លទ្ធផលនឹងល្អទៅតាមនោះដែរ”។

៣. រៀនដកដង្ហើមឱ្យបានត្រឹមត្រូវ

នៅពេលភ័យ ជារឿយៗយើងតែងដកដង្ហើមខ្លីៗដោយប្រើទ្រូង ដែលធ្វើឱ្យខួរក្បាលខ្វះអុកស៊ីសែន និងបង្កើនភាពតានតឹង។ វិធីដែលត្រឹមត្រូវ គឺការដកដង្ហើមតាមរយៈ សាច់ដុំស្ន្ទះទ្រូង (Diaphragm) ដោយពង្រីកពោះរបស់អ្នក។ ការដកដង្ហើមវែងៗ និងជ្រៅៗ មិនត្រឹមតែជួយឱ្យសាច់ដុំសម្រាក និងបញ្ចុះសម្ពាធឈាមប៉ុណ្ណោះទេ ប៉ុន្តែការសិក្សាមួយក្នុងឆ្នាំ២០១៦ បានបង្ហាញថា វាក៏ជួយបង្កើនសមត្ថភាពចងចាំ និងការគិតឱ្យកាន់តែរហ័សផងដែរ។

៤. ផ្តោតអារម្មណ៍តែលើក្រដាសកិច្ចការខ្លួនឯង (Tunnel Vision)

កុំខ្វល់ខ្វាយនៅពេលឃើញមិត្តភក្តិរួមថ្នាក់ ឬបេក្ខជនផ្សេង​ទៀតដើរចេញពីបន្ទប់ប្រឡងមុនអ្នក។ ការងើបមើលអ្នកដទៃមានតែធ្វើឱ្យអ្នកកាន់តែស្លន់ស្លោ និងខាតបង់ថាមពលខួរក្បាល។ ចូរចងចាំថា ល្បឿនរបស់អ្នកដទៃ មិនប៉ះពាល់ដល់ពិន្ទុរបស់អ្នកឡើយ។ អ្នកដែលចេញមុន មិនប្រាកដថា ជាអ្នកដែលពូកែបំផុតនោះទេ។ ចូរធ្វើការតាមល្បឿនផ្ទាល់ខ្លួន អានសំណួរឱ្យច្បាស់ និងផ្តោតតែលើអ្វីដែលនៅចំពោះមុខអ្នកប៉ុណ្ណោះ។

៥. ផ្លាស់ប្តូរទស្សនៈចំពោះការប្រឡង

ចូរដាក់សំណួរទៅកាន់ខ្លួនឯងថា “តើការប្រឡងមួយនេះពិតជាកំណត់វាសនាទាំងស្រុង នៃជីវិតខ្ញុំមែនឬ? តាមពិតទៅ ការប្រឡងគ្រាន់តែជាផ្នែកតូចមួយនៃដំណើរជីវិតប៉ុណ្ណោះ។ អ្វីដែលសំខាន់ជាងពិន្ទុលើក្រដាស គឺចំណេះដឹងដែលអ្នកទទួលបាន និងបទពិសោធន៍ដែលអ្នកបានសន្សំ។ ក្រុមហ៊ុនធំៗជាច្រើននាពេលបច្ចុប្បន្ន ផ្តល់តម្លៃលើសមត្ថភាពការងារជាក់ស្តែង និងអត្តចរិត ច្រើនជាងពិន្ទុ GPA ទៅទៀត៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា