៥ ជំហាន ក្នុងការគ្រប់គ្រង ចំណូល-ចំណាយ សម្រាប់និស្សិត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
៥ ជំហាន ក្នុងការគ្រប់គ្រង ចំណូល-ចំណាយ សម្រាប់និស្សិត

៥ ជំហាន ក្នុងការគ្រប់គ្រង ចំណូល-ចំណាយ សម្រាប់និស្សិត

ជីវិតក្នុងវ័យជានិស្សិត គឺជាដំណាក់កាលដ៏រំភើបផង និងពោរពេញដោយសម្ពាធផង ជាពិសេសគឺការគ្រប់គ្រង “កញ្ចប់ថវិកា” ដែលមានកម្រិត។ ខណៈដែលយុវជនជាច្រើនតែងជួបវិបត្តិ “ដាច់លុយចុងខែ” ការចេះរៀបចំផែនការហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ គឺជាជំនាញជីវិតដ៏សំខាន់បំផុតមួយ ដែលនឹងកំណត់ជោគវាសនាសេដ្ឋកិច្ចរបស់អ្នកនាពេលអនាគត។

Advertisement

ខាងក្រោមនេះគឺជាមគ្គុទេសក៍សង្ខេប ដើម្បីបំប្លែងអ្នកឱ្យក្លាយជា “អ្នកគ្រប់គ្រងលុយកាក់” ៖

១. ស្វែងយល់ពី “ស្ថានភាពបច្ចុប្បន្ន” ៖ យុវជនភាគច្រើនចាយតាមអារម្មណ៍ ប៉ុន្តែអ្នកជំនាញណែនាំឱ្យប្រើរូបមន្ត IEOT ដើម្បីវិភាគស្ថានភាពខ្លួនឯង, ចំណុចនេះគឺសម្រាប់ឱ្យយើង “ដឹង” ថា ខ្លួនឯងកំពុងឈរនៅត្រង់ណា។

  • Income (ចំណូល) តើលុយបានមកពីណាខ្លះ? ៖ កត់ត្រាប្រភពលុយទាំងអស់ (លុយពីគ្រួសារ ការងារក្រៅម៉ោង ឬអាហារូបករណ៍)។
  • Expenses (ចំណាយ) តើលុយបាត់ទៅណាខ្លះ? ៖ បែងចែកចំណាយជាពីរគឺ ចំណាយចាំបាច់ (ថ្លៃបន្ទប់ ថ្លៃបាយ) និង ចំណាយតាមចំណង់ (កាហ្វេម៉ាកល្បី ការដើរលេង)។
  • Opportunities (ឱកាស) តើមានឱកាសសន្សំ ឬរកបន្ថែមនៅត្រង់ណា? ៖ ស្វែងរកច្រកបង្កើនចំណូល ឬការសន្សំ (ដូចជាការប្រើប្រាស់កាតនិស្សិតដើម្បីទទួលបានការបញ្ចុះតម្លៃ)។
  • Threats (ហានិភ័យ) តើមានហានិភ័យអ្វីដែលត្រូវបារម្ភ? ៖ ត្រៀមលុយបម្រុងសម្រាប់បញ្ហាបន្ទាន់ ដូចជាការជួសជុលម៉ូតូ ឬបញ្ហាសុខភាព។

២. រៀបចំ “ផែនការបែងចែកលុយ” ៖ បន្ទាប់ពីយើង “ដឹង” ពីតួលេខលុយក្នុងចំណុចទី១ហើយ ចំណុចនេះគឺដល់ពេល “ចាត់ចែង” លុយទាំងនោះឱ្យមានរបៀបរៀបរយ។ យើងលែងទុកលុយរាយប៉ាយទៀតហើយ ប៉ុន្តែយើងបែងចែកវាជាកញ្ចប់ៗតាមអាទិភាពដូចជា កញ្ចប់អាទិភាពខ្ពស់ សម្រាប់ចំណាយចាំបាច់ (ផ្ទះ, ទឹកភ្លើង, ថ្លៃសាលា), កញ្ចប់ការពារ សម្រាប់សន្សំទុកពេលមានអាសន្ន (Emergency Fund), កញ្ចប់សេរីភាព សម្រាប់វិនិយោគ ឬសន្សំទិញរបស់ដែលយើងស្រឡាញ់, កញ្ចប់កម្សាន្ត លុយដែលនៅសល់ចុងក្រោយ ទើបយកទៅចាយវាយតាមចំណង់ចំណូលចិត្ត។

៣. ប្រើប្រាស់បច្ចេកវិទ្យាជា “ជំនួយការហិរញ្ញវត្ថុ” ៖ ក្នុងសម័យឌីជីថល អ្នកមិនចាំបាច់កាន់សៀវភៅបញ្ជីក្រាស់ៗឡើយ។ យុវជនគួរប្រើប្រាស់កម្មវិធី (App) ក្នុងទូរស័ព្ទដើម្បីកត់ត្រាដូចជារាល់ពេលទិញកាហ្វេ ឬបាយ ដោយចំណាយពេល ១០ វិនាទីកត់ចូលក្នុង App (ដូចជា Money Manager ឬ Spending Tracker)។ ការឃើញលេខចំណាយជាក់ស្តែងនៅលើអេក្រង់ នឹងរំលឹកអ្នកឱ្យប្រុងប្រយ័ត្នមុននឹងសម្រេចចិត្តទិញរបស់អ្វីមួយ។ កំណត់កម្រិតចំណាយប្រចាំថ្ងៃ ដើម្បីកុំឱ្យលើសផែនការ។

៤. កសាង “ទម្លាប់ចាយវាយ” ឱ្យលើសពី “អារម្មណ៍” ៖ ការសន្សំប្រាក់មិនមែនជាការដាក់ទណ្ឌកម្មខ្លួនឯងនោះទេ ប៉ុន្តែវាគឺជាការគ្រប់គ្រងទម្លាប់ឱ្យបានល្អ ដូច្នេះអ្នកអាចប្រើច្បាប់ ២៤ ម៉ោង ដោយ​មុននឹងទិញរបស់ដែលមានតម្លៃថ្លៃ ឬរបស់ដែលគ្រាន់តែចង់បានភ្លាមៗ ចូរទុកពេល ២៤ ម៉ោងដើម្បីសួរខ្លួនឯងថា “តើវាពិតជាចាំបាច់មែនទេ?”។ ភាគច្រើន អារម្មណ៍ចង់បាននឹងថយចុះបន្ទាប់ពីមួយយប់កន្លងផុតទៅ។ តែប្រសិនបើសម្រាប់ការដើរលេង ឬទិញទំនិញ ចូរដកសាច់ប្រាក់សុទ្ធមកចាយតាមចំនួនដែលបានកំណត់។ ការហុចក្រដាសប្រាក់ចេញពីដៃ ធ្វើឱ្យយើងមានអារម្មណ៍ស្តាយលុយ និងដឹងខ្លួនជាងការស្កែន QR Code ដែលជួនកាលធ្វើឱ្យយើងចាយវាយភ្លេចខ្លួន។

៥. យុទ្ធសាស្ត្រ “កាត់បន្ថយចំណាយ” តាមបែបឆ្លាតវៃ ៖ យុវជនអាចរស់នៅបានយ៉ាងឡូយឆាយ ប៉ុន្តែចំណាយតិច ប្រសិនបើចេះប្រើតិចនិក ដូចជា ស្វែងរកការបញ្ចុះតម្លៃសម្រាប់និស្សិត ដោយ​ត្រូវសួររក Student Discount មិនថាការទិញសៀវភៅ កម្មវិធីកុំព្យូទ័រ សំបុត្រទស្សនាការសម្ដែង ឬសេវាកម្មផ្សេងៗ។ កាតនិស្សិតរបស់អ្នកគឺជា “ប័ណ្ណបញ្ចុះតម្លៃ”។ មួយវិញទៀត ការញ៉ាំបាយនៅក្រៅរាល់ពេល គឺជាប្រភពនៃការបាត់បង់លុយធំបំផុត, ដូច្នេះការរៀនធ្វើម្ហូបសាមញ្ញៗ ឬវេចខ្ចប់អាហារទៅសាលា មិនត្រឹមតែជួយសន្សំលុយបានច្រើនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់សុខភាពល្អទៀតផង៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា