៥ គន្លឹះប្តូរផ្នត់គំនិតគ្រប់គ្រងលុយកាក់ ៖ មេរៀនពីសៀវភៅ The Psychology of Money | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
៥ គន្លឹះប្តូរផ្នត់គំនិតគ្រប់គ្រងលុយកាក់ ៖ មេរៀនពីសៀវភៅ The Psychology of Money

៥ គន្លឹះប្តូរផ្នត់គំនិតគ្រប់គ្រងលុយកាក់ ៖ មេរៀនពីសៀវភៅ The Psychology of Money

ការគ្រប់គ្រងលុយកាក់ និងការកសាងទ្រព្យសម្បត្តិ មិនមែនជារឿងរបស់ «គណិតវិទ្យា» ដែលត្រូវចេះគិតលេខស្មុគស្មាញ ឬគណនាតួលេខធំដុំនោះទេ ប៉ុន្តែវាគឺជា «ចិត្តវិទ្យា» ដែលទាក់ទងនឹងរបៀបដែលយើងគិត អាកប្បកិរិយា និងអារម្មណ៍របស់យើងទៅលើលុយ។

លោក Morgan Housel អ្នកនិពន្ធសៀវភៅ «The Psychology of Money» បានពន្យល់ថា មនុស្សជាច្រើនបានចាញ់បោកការគិតរបស់ខ្លួនឯងពេលនិយាយដល់រឿងលុយ។ ដើម្បីជួយឱ្យលោកអ្នកងាយយល់ និងយកទៅអនុវត្តបានក្នុងជីវិតប្រចាំថ្ងៃ ខាងក្រោមនេះគឺជាគន្លឹះសំខាន់ៗទាំង ៥ ដែលនឹងផ្លាស់ប្តូរផ្នត់គំនិតហិរញ្ញវត្ថុរបស់អ្នក៖

១. ការរកលុយឱ្យមាន និង ការរក្សាទ្រព្យឱ្យគង់វង្ស

មនុស្សជាច្រើនអាចរកលុយបានច្រើនក្នុងពេលណាមួយ ប៉ុន្តែដោយសារការចង់សម្ញែងភាពមានបាន និងខ្វះការប្រុងប្រយ័ត្ន ទើបធ្វើឱ្យទ្រព្យសម្បត្តិទាំងនោះរលាយបាត់ទៅវិញយ៉ាងលឿន។ ការរក្សាទ្រព្យឱ្យនៅស្ថិតស្ថេរ គឺត្រូវចេះរក្សាការពារខ្លួនពីហានិភ័យដែលនឹកស្មានមិនដល់។

២. ទ្រព្យសម្បត្តិពិតប្រាកដ គឺជាលុយដែលអ្នកមិនបានចាយ

ពេលឃើញនរណាម្នាក់ជិះឡានទំនើប ពាក់នាឡិកាតម្លៃថ្លៃ ឬស្លៀកពាក់ហ៊ឺហា យើងនឹងគិតថា អ្នកនោះជា «អ្នកមាន»។ ប៉ុន្តែតាមពិតទៅ សម្ភារៈទាំងនោះគ្រាន់តែជាតឹកតាងបញ្ជាក់ថា «ពួកគេចាយលុយអស់ប៉ុណ្ណាប៉ុណ្ណោះ»។ ទ្រព្យសម្បត្តិពិតប្រាកដដែលយើងមើលមិនឃើញ គឺប្រាក់សន្សំនៅក្នុងគណនីធនាគារ មូលបត្រ ឬការវិនិយោគផ្សេងៗ ដែលមិនទាន់ត្រូវបានចាយវាយចេញ។ ទ្រព្យសម្បត្តិទាំងនេះហើយដែលផ្តល់ឱ្យយើងនូវ «សេរីភាព និងភាពស្ងប់ក្នុងចិត្ត» ដោយមិនបាច់បារម្ភពីរឿងលុយកាក់ថ្ងៃស្អែក។

៣. ស្គាល់ពាក្យថា «គ្រប់គ្រាន់»

មនុស្សយើងភាគច្រើនពេលរកលុយបានកាន់តែច្រើន ក៏កាន់តែចង់បានច្រើនឡើងៗឥតឈប់ឈរ ដែលជួនកាលរុញច្រានឱ្យយើងយករបស់សំខាន់បំផុតក្នុងជីវិត (ដូចជា កេរ្តិ៍ឈ្មោះ សេរីភាព ពេលវេលាជាមួយគ្រួសារ និងសុខភាព) ទៅប្រថុយប្រថាន គ្រាន់តែដើម្បីទទួលបានអ្វីដែលហួសតម្រូវការ។

រឿងដែលលំបាកបំផុតក្នុងលោកនេះ គឺការដឹងថា ពេលណាគួរ «ឈប់»។ មហិច្ឆតាហួសប្រមាណ និងការមិនចេះស្កប់ស្កល់ អាចនាំឱ្យមនុស្សម្នាក់បាត់បង់អ្វីៗគ្រប់យ៉ាង សូម្បីតែអ្វីដែលខ្លួនខិតខំកសាងមកជាច្រើនឆ្នាំក៏ដោយ។

៤. អានុភាពនៃពេលវេលា សំខាន់ជាងការរកផលចំណេញខ្ពស់មួយឆាវ

ភាពជោគជ័យផ្នែកហិរញ្ញវត្ថុ មិនមែនកើតចេញពីការបណ្តាក់ទុនរកចំណេញបានច្រើនកប់ពពកក្នុងពេលតែមួយនោះទេ ប៉ុន្តែវាគឺជាការទទួលបានផលចំណេញក្នុងកម្រិតសមរម្យមួយ ហើយរក្សាវាឱ្យកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេលវែង (Compound Interest)។ ឧទាហរណ៍ដូចជា Warren Buffett គាត់ជាមហាសេដ្ឋីពិភពលោក មិនមែនព្រោះគាត់រកលុយបានលឿនជាងគេនោះទេ ប៉ុន្តែព្រោះគាត់ចាប់ផ្តើមវិនិយោគតាំងពីក្មេង និងរក្សាទម្លាប់នោះបន្តរយៈពេលជាច្រើនទសវត្សរ៍។ ពេលវេលាគឺជាកម្លាំងចលករដ៏ខ្លាំងក្លាបំផុតក្នុងការបង្កើតទ្រព្យ។

៥. ទុកចន្លោះសម្រាប់កំហុសឆ្គងជានិច្ច

ផែនការហិរញ្ញវត្ថុដ៏ល្អឥតខ្ចោះបំផុត ក៏អាចនឹងត្រូវរលាយខ្សល់ដែរ នៅពេលដែលរឿងអាក្រក់ដែលមិនបានរំពឹងទុកកើតឡើង (ឧទាហរណ៍៖ បញ្ហាសុខភាព បាត់បង់ការងារ ឬវិបត្តិសេដ្ឋកិច្ច)។ ដូច្នេះ ការមានប្រាក់បម្រុង (Emergency Fund) គឺជារឿងចាំបាច់បំផុត។

កុំប្រថុយប្រថានដាក់ទុនរហូតដល់អស់ពីខ្លួន ឬគិតថា រាល់ការព្យាករណ៍សេដ្ឋកិច្ចត្រូវ១០០ភាគ​រយឱ្យ​សោះ។ ការទុកចន្លោះប្រហោងបន្តិចបន្តួចសម្រាប់ហានិភ័យ នឹងជួយឱ្យអ្នកអាចឈរជើងបានរឹងមាំ ទោះបីជាផែនការដើរខុសពីការរំពឹងទុកក៏ដោយ៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា