វិធីសាស្ត្រងាយៗ ៥ យ៉ាង ដើម្បីបង្កើនបាក់តេរីល្អ ជួយឱ្យប្រព័ន្ធរំលាយអាហារមានសុខភាពល្អ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វិធីសាស្ត្រងាយៗ ៥ យ៉ាង ដើម្បីបង្កើនបាក់តេរីល្អ ជួយឱ្យប្រព័ន្ធរំលាយអាហារមានសុខភាពល្អ

វិធីសាស្ត្រងាយៗ ៥ យ៉ាង ដើម្បីបង្កើនបាក់តេរីល្អ ជួយឱ្យប្រព័ន្ធរំលាយអាហារមានសុខភាពល្អ

សុខភាពប្រព័ន្ធរំលាយអាហារដើរតួនាទីយ៉ាងសំខាន់ក្នុងការទ្រទ្រង់សុខភាពទូទៅរបស់រាងកាយ។ នៅក្នុងពោះវៀនរបស់យើង មានផ្ទុកទៅដោយមីក្រូសារពាង្គកាយល្អៗរាប់លាន ដែលដើរតួនាទីជួយសម្រួលការរំលាយអាហារ ការពារស្រទាប់ពោះវៀន និងរក្សាតុល្យភាពប្រព័ន្ធការពាររាងកាយ។

ដើម្បីជួយបង្កើនចំនួន និងពង្រឹងគុណភាពនៃបាក់តេរីល្អៗទាំងនេះ អ្នកជំនាញផ្នែកអាហារូបត្ថម្ភ និងសុខភាពបានណែនាំនូវទម្លាប់អនុវត្តសំខាន់ៗចំនួន ៥ ដូចខាងក្រោម៖

១. ទទួលទានយ៉ាអួ

តាមការចុះផ្សាយរបស់គេហទំព័រសុខភាព EatingWell ដំណើរការនៃការផ្អាប់ទឹកដោះគោបង្កើតបានជាពពួកមីក្រូសារពាង្គកាយមានប្រយោជន៍ ដូចជាពពួក Lactobacillus និងបាក់តេរីល្អៗជាច្រើនទៀត។ ដូច្នេះជាដំបូន្មានរបស់អ្នកជំនាញ គួរជ្រើសរើសយ៉ាអួដែលមានមេបាក់តេរីរស់ (Live cultures) និងមានកម្រិតជាតិស្ករបន្ថយទាប។

២. បង្កើនរបបអាហារដែលសម្បូរជាតិសរសៃ (Fiber)

ជាតិសរសៃគឺជាប្រភពអាហារចម្បងដែលជួយឱ្យបាក់តេរីល្អលូតលាស់ និងរក្សាភាពចម្រុះនៃមីក្រូជីវចម្រុះក្នុងពោះវៀន។ ប្រភពជាតិសរសៃល្អៗរួមមាន បន្លែស្លឹកបៃតង ផ្លែឈើស្រស់ សណ្តែក និងគ្រាប់ធញ្ញជាតិជាដើម។ ជាគន្លឹះក្នុងការអនុវត្ត លោកអ្នក​គួរផ្លាស់ប្តូរមុខម្ហូបឱ្យបានសម្បូរបែប ជៀសវាងការទទួលទានតែមុខដដែលៗ។ ប្រសិនបើទើបចាប់ផ្តើមញ៉ាំជាតិសរសៃច្រើន ហើយមានអារម្មណ៍ថាឆ្អល់ពោះ ឬហើមពោះ ចូរបង្កើនបរិមាណម្តងបន្តិចៗជាលំដាប់។

៣. ផឹកទឹកឱ្យបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ

នៅពេលបង្កើនការញ៉ាំជាតិសរសៃ រាងកាយត្រូវការជាតិទឹកជាចាំបាច់ ដើម្បីជួយឱ្យប្រព័ន្ធរំលាយអាហារដំណើរការរលូន។ ការញ៉ាំជាតិសរសៃច្រើនដោយខ្វះជាតិទឹក អាចធ្វើឱ្យលាមកស្ងួត រឹង បង្កជាបញ្ហាទល់លាមក និងពិបាកបន្ទោបង់។ ដូច្នេះ គួរទទួលទានទឹកប្រមាណ ២ លីត្រក្នុងមួយថ្ងៃ ដោយបែងចែកញ៉ាំជាប្រចាំ ដោយមិនគួររង់ចាំរហូតដល់ស្រេកទឹកទើបផឹកនោះទេ។

៤. កាត់បន្ថយចំណីអាហារកែច្នៃ

អាហារប្រភេទ Fast food សាច់កែច្នៃ និងនំកញ្ចប់ផ្អែមៗ សុទ្ធសឹងតែសម្បូរទៅដោយជាតិស្ករ អំបិល ខ្លាញ់មិនល្អ និងសារធាតុគីមីបន្ថែម ដោយផ្តល់តម្លៃអាហារូបត្ថម្ភតិចតួចបំផុត។ តាមការបញ្ជាក់ពី Verywell Health ការទទួលទានអាហារប្រភេទនេះជាប្រចាំ នឹងបំផ្លាញបរិយាកាសរស់នៅរបស់បាក់តេរីល្អ និងរំខានដល់តុល្យភាពមីក្រូសារពាង្គកាយក្នុងពោះវៀនយ៉ាងធ្ងន់ធ្ងរ។

៥. គេងឱ្យបានគ្រប់គ្រាន់ និងហាត់ប្រាណជាប្រចាំ

ការគេងគ្រប់គ្រាន់ជួយរក្សាចង្វាក់ជីវសាស្ត្ររបស់រាងកាយ (Circadian rhythm) ដែលជាកត្តាជួយឱ្យមីក្រូជីវចម្រុះក្នុងពោះវៀនមានស្ថិរភាព។ ទន្ទឹមនឹងនេះ ការធ្វើលំហាត់ប្រាណទៀងទាត់ជួយជំរុញចលនាពោះវៀន និងការដុតរំលាយអាហារ។

សរុបមកវិញ ការថែរក្សាសុខភាពពោះវៀនមិនទាមទារវិធីសាស្ត្រស្មុគស្មាញនោះឡើយ ដោយគ្រាន់តែចាប់ផ្តើមកែប្រែទម្លាប់នៃការរស់នៅប្រចាំថ្ងៃ តាមរយៈការជ្រើសរើសរបបអាហារត្រឹមត្រូវ ផឹកទឹកឱ្យគ្រប់គ្រាន់ ព្រមទាំងសម្រាក និងលំហាត់ប្រាណឱ្យបានសមស្រប៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា