រៀន​រស់​នៅក្នុង​យុគសម័យ​ឌីជីថល ​៖ ​៦​ ​ចំណុច​នៃ​ការ​ទំនាក់ទំនង​ប្រកបដោយ​ភាព​ចាស់ទុំ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រៀន​រស់​នៅក្នុង​យុគសម័យ​ឌីជីថល ​៖ ​៦​ ​ចំណុច​នៃ​ការ​ទំនាក់ទំនង​ប្រកបដោយ​ភាព​ចាស់ទុំ​

រៀន​រស់​នៅក្នុង​យុគសម័យ​ឌីជីថល ​៖ ​៦​ ​ចំណុច​នៃ​ការ​ទំនាក់ទំនង​ប្រកបដោយ​ភាព​ចាស់ទុំ​

​នៅក្នុង​សម័យកាល​ដែល​ការ​ប្រស្រ័យទាក់ទង​ភាគ​ច្រើន​បាន​ផ្លាស់ប្តូរ​ទៅ​លើ​អេក្រង់​ទូរស័ព្ទ​ ​និង​កុំព្យូទ័រ​ ការ​ផ្ញើ​សារ ​ការ​ប្រើប្រាស់​អ៊ីមែល ​ឬ​ការ​ប្រជុំ​តាម​អនឡាញ​ ​មិន​មែន​គ្រាន់តែ​ជា​ការ​ផ្លាស់ប្តូរ​ព័ត៌មាន​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​វា​ជា​ការ​ឆ្លុះបញ្ចាំង​ពី​បុគ្គលិក​លក្ខណៈ​ ​ភាព​ចាស់ទុំ​ ​និង​កម្រិត​នៃ​ការ​គោរព​ដែល​អ្នក​ត្រូវ​មាន​ចំពោះ​អ្នកដទៃ​។​

Advertisement

​តាមរយៈ​សៀវភៅ​ ​”​Digital​ ​Body​ ​Language​”​ របស់​លោកស្រី​ ​Erica​ ​Dhawan​ ​ខាងក្រោម​នេះ​ ​គឺជា​ “​ភាសា​កាយវិការ​ឌីជីថល​” ​ទាំង​ ​៦​ ​ដែល​យុវជន​គ្រប់​រូប​គួរ​យល់ដឹង​ និង​អនុវត្ត​ ​ដើម្បី​កសាង​ទំនាក់ទំនង​អនឡាញ​ប្រកបដោយ​ភាព​ចាស់ទុំ​ ៖​

​១. ​ការ​សរសេរ​សារ​ច្បាស់លាស់​ ​គឺជា​ការ​គោរព​

​សមត្ថភាព​ក្នុង​ការ​សរសេរ​សារ​បាន​ត្រឹមត្រូវ​ និង​ច្បាស់លាស់​ ​គឺជា​ការ​គោរព​ដំបូង​គេ​ទៅកាន់​អ្នកទទួល​។ ​ការ​ផ្ញើ​សារ​ដាច់​ៗ​ពី​គ្នា​ ​(​ផ្ញើ​មួយ​ម៉ាត់​ៗ​ច្រើន​សារ​) ​ឬ​ការ​ប្រើប្រាស់​ពាក្យ​កាត់​ច្រើន​ជ្រុល ​អាច​ធ្វើឱ្យ​អ្នកអាន​មានអារម្មណ៍​ធុញ​ថប់ ​ឬ​ពិបាក​យល់​ ​ជាពិសេស​ក្នុង​ការ​ទំនាក់ទំនង​ជាមួយ​សាស្ត្រាចារ្យ​ ​រៀម​ច្បង​ ​ឬ​ដៃគូ​ការងារ​។ ​ចាប់ផ្តើម​ទម្លាប់​សរសេរ​សារ​ដែល​មាន​អត្ថន័យ​ពេញលេញ​ ​និង​មាន​រចនាសម្ព័ន្ធ​ត្រឹមត្រូវ​។​

​២. ​ចំណាយ​ពេល​ ​៥​ វិនាទី​ ​អាន​ឡើងវិញ​មុន​ចុច ​”​Send​”​

​ពាក្យសម្តី​ដែល​សរសេរ​លើ​អេក្រង់​ ​គ្មាន​សំឡេង​ ​ឬ​កាយវិការ​អម​ឡើយ​ ​ដែល​ងាយ​នឹង​ធ្វើឱ្យ​មាន​ការ​យល់​ច្រឡំ​លើ​អត្ថន័យ​ និង​អាកប្បកិរិយា​។ ​ការ​ចំណាយ​ពេល​ត្រឹមតែ​ ​៥​ ​វិនាទី​ ​ដើម្បី​ពិនិត្យមើល​កំហុស​អក្ខរាវិរុទ្ធ ​និង​សម្លេង​នៃ​ការ​និយាយ​ ​(​Tone​) ​មុនពេល​បញ្ជូន​ ​នឹង​ជួយ​អ្នក​ជៀសវាង​នូវ​កំហុស​អចេតនា​។​

​៣. ​ឆ្លើយតប​ឱ្យ​បាន​ទាន់​ពេលវេលា​

​ក្នុង​ការ​ធ្វើ​ការងារ​ក្រុម​ ​ឬ​កិច្ចការ​សាលា ​ការ​ស្ងាត់​ស្ងៀម​ធ្វើឱ្យ​ដៃគូ​ម្ខាង​ទៀត​មាន​អារម្មណ៍​មិន​ប្រាកដប្រជា​។ ​ប្រសិនបើ​អ្នក​កំពុង​រវល់​ ​និង​មិន​ទាន់​អាច​ពិនិត្យ​ខ្លឹមសារ​បាន​ស៊ីជម្រៅ​ យ៉ាងហោចណាស់​គួរ​បញ្ជូន​សារ​ឆ្លើយតប​ខ្លី​មួយ​ដូចជា​ «​ខ្ញុំ​បាន​ទទួល​សារ​ហើយ​ ​ចាំ​ល្ងាច​នេះ​ខ្ញុំ​ពិនិត្យ​ជូន​»​។ ​ការ​ឆ្លើយតប​ទទួលស្គាល់​សារ​បែប​នេះ​ ​បង្ហាញ​ពី​ការ​ទទួលខុសត្រូវ​ និង​ការ​យកចិត្តទុកដាក់​ខ្ពស់​។​

​៤. ​គោរព​ពេលវេលា​ឯកជន​របស់​អ្នកដទៃ​

​ព្រំដែន​ពេលវេលា​សំខាន់​ណាស់​ក្នុង​យុគសម័យ​ឌីជីថល​។ ​ជៀសវាង​ការ​ផ្ញើ​សារ​សួរនាំ​កិច្ចការងារ​ ​ឬ​លំហាត់​នៅ​ពេល​យប់​ជ្រៅ​ ​ឬ​ក្នុង​ថ្ងៃ​ឈប់សម្រាក ​ដោយ​រំពឹង​ចង់បាន​ការ​ឆ្លើយតប​ភ្លាម​ៗ​។ ​ប្រសិនបើ​ចាំបាច់​ត្រូវ​ផ្ញើ​ក្នុង​ម៉ោង​ទាំងនោះ​ ​គួរ​បញ្ជាក់​ថា​ ​«​មិន​បាច់​តប​ភ្លាម​ៗ​ក៏​បាន​ដែរ​» ​ឬ​ប្រើ​មុខងារ​ផ្ញើ​សារ​តាម​ពេល​កំណត់​ ​(​Schedule​ ​Send​) ​ដើម្បី​បង្ហាញ​ពី​ការ​យល់​យោគ​ដល់​ពេលវេលា​សម្រាក​របស់​គេ​។​

​៥. ​បើក​កាមេរ៉ា ​និង​ផ្តោត​អារម្មណ៍​ពេល​ប្រជុំ​អនឡាញ​

​នៅក្នុង​ជំនួប​តាម​ ​Zoom​ ​ឬ​ ​Google​ ​Meet​ ​ការ​បើក​កាមេរ៉ា ​និង​ការ​មើលទៅ​អេក្រង់​ ​ស្មើនឹង​ការ​ប្រសព្វ​ភ្នែក​ (​Eye​ ​Contact​) ​ក្នុង​ពិភព​ពិត​។ ​វា​ជា​ការ​ផ្តល់​កិត្តិយស ​និង​ការ​លើកទឹកចិត្ត​ដ៏​ធំធេង​ដល់​អ្នកសម្របសម្រួល​ ​ឬ​អ្នក​ធ្វើ​បទបង្ហាញ​។ ​ការ​បើក​កាមេរ៉ា ​និង​ចៀសវាង​ការ​ធ្វើ​កិច្ចការ​ផ្សេង​ទន្ទឹម​គ្នា​ ​នឹង​ជួយ​ឱ្យ​អ្នក​ទទួលបាន​ព័ត៌មាន​ពេញលេញ​ ​និង​បង្ហាញ​ពី​ភាព​ចាស់ទុំ​របស់​អ្នក​។​

​៦.​ ​ប្រើប្រាស់​អ៊ីមែល ​(​Email​) ​សម្រាប់​កិច្ចការ​ផ្លូវការ​

​ប្រព័ន្ធ​ឆាត ​(​Chat​) ​ត្រូវបាន​បង្កើតឡើង​សម្រាប់​ទំនាក់ទំនង​រហ័ស​ ប៉ុន្តែ​សម្រាប់​កិច្ចការ​សាលា ​ការ​ដាក់ពាក្យ​ ​ឬ​ការ​ទំនាក់ទំនង​ផ្លូវការ ​អ៊ីមែល​នៅតែ​ជា​ស្តង់ដារ​ចម្បង​។ ​ការ​ផ្ញើ​អ៊ីមែល​ដែល​ត្រឹមត្រូវ​ ត្រូវតែ​មាន​ចំណងជើង​ ​(​Subject​) ​ច្បាស់លាស់​ ​ពាក្យ​រាក់ទាក់ ​(​Salutation​) ​ខ្លឹមសារ​សង្ខេប ​និង​ពាក្យ​ជូនពរ​នៅ​ខាង​ចុង​។ ​ការ​ផ្ញើ​កិច្ចការ​សំខាន់​ៗ​តាម​ឆាត​ផ្ទាល់ខ្លួន​ ​ដោយ​គ្មាន​ទម្រង់​ត្រឹមត្រូវ​ ​អាច​ធ្វើឱ្យ​អ្នក​បាត់បង់​ភាព​ជា​អាជីព​៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា