វិធីសាស្ត្រសាមញ្ញៗ ៧ យ៉ាង ដើម្បីជំរុញការញ៉ាំទឹកឱ្យបានច្រើន និងគ្រប់គ្រាន់សម្រាប់រាងកាយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វិធីសាស្ត្រសាមញ្ញៗ ៧ យ៉ាង ដើម្បីជំរុញការញ៉ាំទឹកឱ្យបានច្រើន និងគ្រប់គ្រាន់សម្រាប់រាងកាយ

វិធីសាស្ត្រសាមញ្ញៗ ៧ យ៉ាង ដើម្បីជំរុញការញ៉ាំទឹកឱ្យបានច្រើន និងគ្រប់គ្រាន់សម្រាប់រាងកាយ

នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ មនុស្សភាគច្រើនដឹងយ៉ាងច្បាស់ថា ការញ៉ាំទឹកមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សុខភាព។ យ៉ាងណាក៏ដោយ ដោយសារតែភាពមមាញឹកនឹងការងារខ្លាំងពេក ការភ្លេចភ្លាំង ឬអ្នកខ្លះមិនចូលចិត្តញ៉ាំទឹកទាល់តែសោះ បានក្លាយជាឧសគ្គចម្បងដែលបណ្តាលឱ្យរាងកាយខ្វះជាតិទឹកដោយមិនដឹងខ្លួន។ កាន់តែគួរឱ្យបារម្ភនោះគឺ នៅពេលដែលស្រេកទឹក មនុស្សមួយចំនួនបែរជាជ្រើសរើសភេសជ្ជៈមានជាតិស្ករមកជំនួសទឹកស្អាតទៅវិញ។

Advertisement

ដើម្បីដោះស្រាយបញ្ហានេះ គេហទំព័រ សុខភាពល្បីៗ រួមមាន CDC របស់សហរដ្ឋអាមេរិក និង Healthline បានបង្ហាញពីសារៈសំខាន់ នៃទឹក និងបានផ្តល់នូវគន្លឹះងាយៗចំនួន ៧ ចំណុច ដែលយើងគ្រប់គ្នាអាចអនុវត្តបានក្នុងជីវភាពប្រចាំថ្ងៃ។

១. រក្សាដបទឹកនៅជិតខ្លួន

ការដាក់ដបទឹកនៅលើតុធ្វើការ ឬការដាក់តាមខ្លួនពេលធ្វើដំណើរ គឺជាវិធីរំលឹកភ្នែកដ៏ល្អបំផុត។ នៅពេលដែលអ្នកមើលឃើញដបទឹក វានឹងជំរុញចិត្តឱ្យអ្នកលើកមកញ៉ាំជាប្រចាំ ថែមទាំងជួយកាត់បន្ថយការប្រើប្រាស់ដបផ្លាស្ទិច ជួយដល់បរិស្ថានទៀតផង។

២. កំណត់ការរំលឹក (Set Reminders)

ប្រសិនបើអ្នកជួបបញ្ហាភ្លេចភ្លាំងដោយសាររវល់ការងារខ្លាំង សូមប្រើប្រាស់កម្មវិធី (Apps) ឬកំណត់ម៉ោងរោទ៍នៅលើស្មាតហ្វូន ឬនាឡិកាឆ្លាតវៃ។ អ្នកអាចកំណត់ឱ្យវាផ្ដល់សញ្ញារៀងរាល់ ៣០នាទីម្តង ដើម្បីញ៉ាំទឹកបន្តិចបន្តួច ឬកំណត់ឱ្យបំពេញទឹកពេញកែវឡើងវិញរៀងរាល់ ១ម៉ោងម្តង។

៣. ញ៉ាំទឹកធម្មតាជំនួសភេសជ្ជៈផ្សេងទៀត

ភេសជ្ជៈកំប៉ុង សូដា ឬភេសជ្ជៈកីឡា ភាគច្រើនពោរពេញដោយជាតិស្ករ ដែលអាចបង្កើនហានិភ័យ នៃជំងឺធាត់ ជំងឺទឹកនោមផ្អែមប្រភេទទី២ និងជំងឺបេះដូង។ ការប្តូរមកញ៉ាំទឹកធម្មតា គឺជាវិធីងាយស្រួល និងអស់ប្រាក់កាសតិចបំផុតក្នុងការកាត់បន្ថយកាឡូរី។

៤. ញ៉ាំទឹកមួយកែវមុនពេលអាហារនីមួយៗ

ការបង្កើតទម្លាប់ញ៉ាំទឹកមួយកែវ (ប្រហែល ២៤០ មីលីលីត្រ) មុនពេលទទួលទានអាហារ ៣ ពេលប្រចាំថ្ងៃ នឹងជួយឱ្យអ្នកទទួលបានទឹកបន្ថែមរហូតដល់ ៧២០មីលីលីត្រ ដោយស្វ័យប្រវត្តិ។ វិធីនេះក៏ជួយឱ្យអ្នកមានអារម្មណ៍ឆ្អែតល្មម និងញ៉ាំអាហារមិនសូវលើសចំណុះផងដែរ។

៥. ញ៉ាំទឹកមួយកែវក្នុងមួយម៉ោងនៅកន្លែងធ្វើការ

ប្រសិនបើអ្នកធ្វើការ ៨ ម៉ោងក្នុងមួយថ្ងៃ ការញ៉ាំទឹកមួយកែវរៀងរាល់មួយម៉ោងម្តង ចាប់តាំងពីពេលទៅដល់កន្លែងធ្វើការ នឹងជួយឱ្យអ្នកទទួលបានទឹករហូតដល់ទៅប្រហែល ១,២៩០ មីលីលីត្រ បន្ថែមទៅលើរបបទឹកប្រចាំថ្ងៃរបស់អ្នក។

៦. ក្រេបទឹកបន្តិចបន្តួចពេញមួយថ្ងៃ

ការទទួលទានទឹកជាប់ជាប្រចាំក្នុងបរិមាណតិចតួចពេញមួយថ្ងៃ មិនត្រឹមតែជួយឱ្យសម្រេចគោលដៅជាតិទឹកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកុំឱ្យស្ងួតមាត់ និងជួយឱ្យខ្យល់ដង្ហើមមានភាពស្រស់ស្រាយជានិច្ច។

៧. ញ៉ាំទឹកមួយកែវពេលភ្ញាក់ពីគេង និងមុនពេលចូលគេង

ការញ៉ាំទឹកមួយកែវភ្លាមៗបន្ទាប់ពីក្រោកពីគេង ជួយដាស់សរីរាង្គក្នុងរាងកាយឱ្យដំណើរការល្អ ចំណែកការញ៉ាំទឹកមួយកែវមុនពេលចូលគេង អាចការពារអ្នកពីការភ្ញាក់ដឹងខ្លួនទាំងកណ្តាលអាធ្រាត្រដោយសារស្ងួតមាត់ ឬធំក្លិនមាត់មិនល្អ។

យ៉ាងណាក៏ដោយ ជាជម្រើសបន្ថែម ការទទួលទានបន្លែផ្លែឈើដែលមានជាតិទឹកខ្ពស់ ក៏ជាប្រភពជួយបំពេញជាតិទឹកដល់រាងកាយផងដែរ។ តាមការប៉ាន់ប្រមាណពី បណ្ឌិតសភាវេជ្ជសាស្ត្រជាតិ (National Academies of Sciences, Engineering, and Medicine) មនុស្សពេញវ័យភាគច្រើនត្រូវការសារធាតុរាវ (រួមមានទឹកស្អាត ភេសជ្ជៈផ្សេងៗ និងអាហារ) ចន្លោះពី ២,៧០០ ដល់ ៣,៧០០ មីលីលីត្រ ក្នុងមួយថ្ងៃ ដើម្បីរក្សាសុខភាពឱ្យបានល្អមាំមួន។

សូមចាប់ផ្តើមអនុវត្តវិធីសាស្ត្រសាមញ្ញៗទាំងនេះចាប់ពីថ្ងៃនេះតទៅ ដើម្បីសុខភាពល្អ និងរាងកាយមានថាមពល!

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា