តិចនិក ៧ យ៉ាង ដើម្បីក្លាយជា «មនុស្សពូកែគិត» (Critical Thinking) | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តិចនិក ៧ យ៉ាង ដើម្បីក្លាយជា «មនុស្សពូកែគិត» (Critical Thinking)

តិចនិក ៧ យ៉ាង ដើម្បីក្លាយជា «មនុស្សពូកែគិត» (Critical Thinking)

តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាមនុស្សខ្លះមើលទៅហាក់ដូចជាពូកែដោះស្រាយបញ្ហា និងមិនងាយចាញ់បោកគេ? នោះគឺដោយសារពួកគេមាន «ជំនាញគិតបែបវិភាគ»។ ជំនាញនេះមិនមែនសម្រាប់តែអ្នករៀនពូកែ ឬអ្នកវិទ្យាសាស្ត្រនោះទេ វាគឺជាជំនាញជីវិតដែលយុវជនគ្រប់រូបត្រូវមាន។

Advertisement

ខាងក្រោមនេះជាវិធីងាយៗ ៧ យ៉ាង ដើម្បីហ្វឹកហាត់ខួរក្បាលរបស់អ្នកឱ្យគិតបានវែងឆ្ងាយ៖

១. ចេះសួរខ្លួនឯងនូវសំណួរ «ងាយៗ»

កុំទាន់អាលគិតដល់រឿងដែលស្មុគស្មាញពេក។ នៅពេលជួបបញ្ហាអ្វីមួយ ចូរត្រឡប់មកសួរសំណួរមូលដ្ឋានសិន៖

  • តើយើងដឹងអ្វីខ្លះពីបញ្ហានេះ?
  • តើយើងដឹងរឿងហ្នឹងតាមណា (ឮគេថា ឬឃើញផ្ទាល់ភ្នែក)?
  • តើយើងចង់ដោះស្រាយវាដើម្បីអ្វី?

ជួនកាល ចម្លើយដ៏អស្ចារ្យ គឺចេញមកពីសំណួរសាមញ្ញបំផុត។

២. កុំទាន់អាលជឿការ «សន្មត» របស់ខ្លួនឯង

មនុស្សយើងចូលចិត្តគិតទុកជាមុនថា «រឿងហ្នឹងប្រាកដជាអញ្ចឹង»។ ឧទាហរណ៍៖ “ខ្ញុំមិនហ៊ានដាក់អាហារូបករណ៍ទេ ព្រោះដឹងតែធ្លាក់ហើយ”។ សាកសួរខ្លួនឯងឡើងវិញមើលថា តើការសន្មតនេះមានភស្តុតាងអត់? បើអ្នកហ៊ានសួរដេញដោលការគិតខ្លួនឯង អ្នកនឹងឃើញឱកាសថ្មីៗជាច្រើន។

៣. ដឹងពី «ភាពលំអៀង» របស់ខ្លួនឯង

ខួរក្បាលមនុស្សយើងជួនកាលចូលចិត្ត «កាន់ជើង» ខ្លួនឯង។ យើងច្រើនតែជឿលើព័ត៌មានណាដែលស្របនឹងអ្វីដែលយើងចូលចិត្ត។ ចូរព្យាយាមធ្វើចិត្តឱ្យកណ្ដាល ហើយសម្លឹងមើលការពិតដោយមិនប្រើអារម្មណ៍ផ្ទាល់ខ្លួនមកសម្រេចពេក។

៤. សាកល្បងគិត «បញ្ច្រាស»

បើរកផ្លូវចេញមិនឃើញ សាកគិតពីក្រោយមកមុខវិញ។ ឧទាហរណ៍៖ បើចង់ដឹងថាធ្វើម៉េចឱ្យរៀនពូកែ សាកសួរខ្លួនឯងថា “តើមានរឿងអ្វីខ្លះដែលធ្វើឱ្យយើងរៀនខ្សោយ?”។ នៅពេលអ្នកដឹងពីមូលហេតុដែលនាំឱ្យបរាជ័យ អ្នកនឹងឃើញផ្លូវទៅរកជោគជ័យកាន់តែច្បាស់។

៥. ពិនិត្យ «ប្រភពព័ត៌មាន» ឱ្យច្បាស់

ក្នុងសម័យ Facebook និង TikTok ព័ត៌មានខ្លះមើលទៅដូចពិតណាស់។ មុននឹងជឿ ឬ Share ចូរសួរថា៖

  • អ្នកណាជាអ្នកនិយាយ?
  • គេនិយាយហ្នឹងចង់ចំណេញអ្វីអត់?
  • តើមានប្រភពផ្សេងទៀតដែលនិយាយដូចគ្នាអត់?

៦. ទុកពេលឱ្យខ្លួនឯង «គិតដោយឯករាជ្យ»

កុំរវល់តែអានសៀវភៅ ឬស្រាវជ្រាវតាម Google រហូតភ្លេចប្រើខួរក្បាលខ្លួនឯង។ បន្ទាប់ពីអានរួច ចូរបិទទូរស័ព្ទ ហើយសួរខ្លួនឯងថា “ចុះសម្រាប់ខ្ញុំវិញ តើខ្ញុំយល់ឃើញយ៉ាងម៉េចចំពោះរឿងនេះ?”។ ការមានមតិផ្ទាល់ខ្លួន គឺជារឿងសំខាន់ណាស់។

៧. ទទួលស្គាល់ថា យើងមិនអាចត្រឹមត្រូវរហូតទេ

សូម្បីតែអ្នកប្រាជ្ញក៏មានពេលគិតខុសដែរ។ ការគិតបែបវិភាគមិនមែនមានន័យថាត្រូវតែត្រូវគ្រប់ពេលនោះទេ ប៉ុន្តែវាគឺជាការរៀនសូត្រពីកំហុស និងចេះកែតម្រូវនៅពេលដឹងថាខ្លួនឯងខុស។

សរុបមក ការគិតបានដិតដល់ នឹងជួយឱ្យអ្នកមិនងាយចាញ់បោកការផ្សាយពាណិជ្ជកម្មភូតភរ មិនងាយជឿពាក្យចចាមអារ៉ាម និងអាចធ្វើការសម្រេចចិត្តក្នុងជីវិតបានល្អជាងមុន។ តោះ! ចាប់ផ្ដើមហាត់គិតទាំងអស់គ្នាពីថ្ងៃនេះទៅ!៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា