៨ ​ជំហាន​ដាស់ក្តី​ស្រមៃ​ឱ្យ​ក្លាយជា​ការពិត ​តាម​គន្លង​សៀវភៅ​ The ​Alchemist | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
៨ ​ជំហាន​ដាស់ក្តី​ស្រមៃ​ឱ្យ​ក្លាយជា​ការពិត ​តាម​គន្លង​សៀវភៅ​ The ​Alchemist

៨ ​ជំហាន​ដាស់ក្តី​ស្រមៃ​ឱ្យ​ក្លាយជា​ការពិត ​តាម​គន្លង​សៀវភៅ​ The ​Alchemist

​នៅក្នុង​ជីវិត​រស់នៅ​ជាក់ស្តែង​ ​យុវជន​ជា​ច្រើន​តែងតែ​ជួប​ប្រទះ​នឹង​ការ​ភាន់ច្រឡំ ភាព​មិន​ច្បាស់លាស់ ​និង​ការ​ភ័យខ្លាច​ចំពោះ​អនាគត​។ ​នៅក្នុង​ស្នាដៃ​អក្សរ​សិល្ប៍​ដ៏​ល្បីល្បាញ​របស់​ពិភពលោក​មួយ​ ​«​The ​Alchemist​» ​របស់​អ្នក​និពន្ធ​ ​Paulo ​Coelho ​បាន​បង្ហាញ​ពី​តួអង្គ​គង្វាល​ចៀម​ Santiago ​ដែល​គេ​បាន​ឆ្លងកាត់​វាល​ខ្សាច់​ដ៏​លំបាក​វេទនា ​ដើម្បី​ស្វែងរក​អ្វី​ដែល​សៀវភៅ​នេះ​ហៅ​ថា​ ​«​Personal ​Legend​» ​ឬ​ជោគវាសនា​ផ្ទាល់ខ្លួន​។ ​តាមរយៈ​ខ្លឹមសារ​ក្នុង​អក្សរ​សិល្ប៍​នេះ​ ​បាន​បង្ហាញ​ពី​ជំហាន​ចំនួន​ ៨ ​សម្រាប់​យុវជន ​ដើម្បី​ធ្វើឱ្យ​ក្តី​ស្រមៃ​ក្លាយជា​ការពិត​ ​ដោយ​មិន​រួញរា​៖​

​១​.​ ​ស្តាប់​សំឡេង​បេះដូង​ខ្លួនឯង​

​អ្នក​គ្រប់​គ្នា​មាន​ក្តី​ស្រមៃ​រៀង​ៗ​ខ្លួន​។ តែ​ត្រូវ​ដឹង​ឱ្យ​ច្បាស់​ថា​ ​ខ្លួន​ចង់​ធ្វើ​អ្វី ​និង​ចង់​ក្លាយជា​អ្វី​នៅ​ថ្ងៃ​អនាគត​។ ​ដូច​ដែល​ ​Coelho ​បាន​សរសេរ​ថា​ ​«​អ្នក​នឹង​មិន​អាច​គេចផុត​ពី​បេះដូង​របស់​អ្នក​បាន​ឡើយ​ ​ដូច្នេះ​ជា​ការ​ប្រសើរ​ដែល​ត្រូវ​ស្តាប់​អ្វី​ដែល​វា​ចង់​និយាយ​»​។ ​បេះដូង​គឺជា​កន្លែង​ផ្ទុក​ចំណង់​ពិតប្រាកដ ​ប្រសិនបើ​អ្នក​មិន​ស្តាប់​វា​ទេ​ ​វា​នឹង​រំឭក​អ្នក​ពេញ​មួយ​ជីវិត​ដោយ​វិប្បដិសារី។

​២​.​ ​ជឿជាក់​លើ​ក្តី​ស្រមៃ​របស់​អ្នក​

​ទោះបីជា​មនុស្ស​ជុំវិញ​ខ្លួន​និយាយ​ថា​ ​«​វា​មិន​អាច​ទៅ​រួច​» ​ឬ​សើច​ចម្អក​លើ​ផែនការ​របស់​អ្នក​ក៏​ដោយ​ ​ចូរ​រក្សា​ជំនឿ​ចិត្ត​លើ​សមត្ថភាព​ខ្លួនឯង​ជានិច្ច​។ ​នៅក្នុង​ដំណើរ​ស្វែងរក​កំណប់​ Santiago ​ត្រូវ​ប្រឈម​នឹង​មនុស្ស​ជា​ច្រើន​ដែល​បោះបង់​គោលដៅ​ជីវិត​ព្រោះតែ​ស្តាប់​ការ​រិះគន់​។ ​ឧបសគ្គ​ដំបូង​មិន​មែន​ជា​បរាជ័យ​ទេ​ តែ​ជា​ការ​សាកល្បង​ថា​ ​តើ​អ្នក​មាន​ជំហរ​រឹងមាំ​កម្រិត​ណា​លើ​ផ្លូវ​ដែល​អ្នក​បាន​ជ្រើសរើស។

​៣​.​ ​គ្រប់​យ៉ាង​សុទ្ធតែ​ជា​មេរៀន

​មនុស្ស​ដែល​អ្នក​ជួប ​និង​បញ្ហា​ដែល​អ្នក​ឆ្លងកាត់​រាល់​ថ្ងៃ ​សុទ្ធតែ​កើតឡើង​ដើម្បី​រៀបចំ​អ្នក​ឱ្យ​ក្លាយជា​មនុស្ស​ដែល​រឹងមាំ​ជាង​មុន​។ ​នៅក្នុង​ The ​Alchemist ​អ្នក​និពន្ធ​បាន​សង្កត់ធ្ងន់​លើ​ ​«​ប្រផ្នូល​» ​(​Omens​)​ ​និង​ភាសា​សកល ​(​Language ​of the ​World​)​។​ ​គ្មាន​ការ​ជួប​ណា​ដែល​ឥត​ប្រយោជន៍​ឡើយ​ ​ទោះជា​ជោគជ័យ​ ​ឬ​ការ​ខកចិត្ត​ ​សុទ្ធតែ​ជា​គ្រូបង្រៀន​ដ៏​មាន​តម្លៃ​បំផុត។

៤​.​ ​ផ្តោត​លើ​ការងារ​បច្ចុប្បន្ន​

ការ​ខ្វល់ខ្វាយ​ហួសហេតុអំពី​ថ្ងៃ​ស្អែក​ នាំ​មក​នូវ​តែ​ភាព​តានតឹង​។ ​អ្វី​ដែល​អ្នក​អាច​គ្រប់គ្រង​បាន​ ​គឺ​សកម្មភាព​នៅ​ថ្ងៃ​នេះ​ ការ​ខិតខំ​រៀនសូត្រ​ ការ​បំពេញ​ការងារ​ ​និង​ការ​ពង្រឹង​សមត្ថភាព​បច្ចុប្បន្ន​។ ​តួអង្គ​អ្នក​ទស្សន៍​ទាយ​នៅ​វាល​ខ្សាច់​ក្នុង​សៀវភៅ​បាន​រំឭក​ថា​ ​«​អាថ៌កំបាំង​ស្ថិត​នៅ​ក្នុង​បច្ចុប្បន្ន​កាល ​ប្រសិនបើ​អ្នក​យកចិត្តទុកដាក់​លើ​បច្ចុប្បន្ន​ ​អ្នក​អាច​កែលម្អ​វា​បាន​»។

​៥​. ​កុំ​ចុះ​ចាញ់​នៅ​ពាក់កណ្តាល​ផ្លូវ

​ពេលវេលា​ដែល​ងងឹតបំផុត​ ​គឺ​នៅពេល​ដែល​មេឃ​ជិត​ភ្លឺ​។ ​ពេល​ដែល​អ្នក​មានអារម្មណ៍​ថា​នឿយ​ហត់ ​និង​ចង់​បោះបង់បំផុត​ ​នោះ​ហើយ​ជា​សញ្ញា​ថា​ ​អ្នក​ជិត​ដល់​គោលដៅ​។ ​ដំណើរ​ជីវិត​តែងតែ​មាន​ការ​សាកល្បង​ដ៏​ធំ​មួយ​នៅ​ចុង​បញ្ចប់ ​ដើម្បី​បញ្ជាក់​ថា​ ​តើ​អ្នក​សមនឹង​ទទួល​បាន​រង្វាន់​នោះ​ឬ​ទេ​។ ការ​តស៊ូ​បន្ថែម​តែ​មួយ​ជំហាន​ទៀត​ ​អាច​កែប្រែ​ជី​វិត​អ្នក​ទាំងស្រុង។​

​៦​.​ ​ភាព​ភ័យខ្លាច​ ​គួរឱ្យ​ខ្លាច​ជាង​ការ​ឈឺ​ចាប់​ពិតប្រាកដ​

​ការ​អង្គុយ​ភ័យ​ខ្លាច​ការ​ប្រឡង​ធ្លាក់ ​ឬ​ខ្លាច​បរាជ័យ​ ​បង្កើត​នូវ​ទុក្ខ​ព្រួយ​ធ្ងន់ធ្ងរ​ជាង​ការ​បរាជ័យ​ជាក់ស្តែង​ទៅ​ទៀត​។ ​ចូរ​ប្រឈមមុខ​នឹង​វា ​ព្រោះ​ការ​ដួល​នឹង​បង្រៀន​អ្នក​ឱ្យ​ចេះ​ក្រោក។​

៧​.​ ​ស្រលាញ់​ ​និង​រីករាយ​នឹង​ការ​ធ្វើដំណើរ

​គោលដៅ​ចុងក្រោយ​ជា​រឿង​សំខាន់ ​ប៉ុន្តែ​ដំណើរ​នៃ​ការ​ទៅដល់​គោលដៅ​នោះ​ជា​ជីវិត​ពិត​។ ពេល​កំពុង​ខិតខំ​ដើម្បី​តាម​ក្តី​ស្រមៃ ​កុំ​ភ្លេច​កសាង​អនុស្សាវរីយ៍​ ​មិត្តភាព​ ​និង​ចំណាយ​ពេល​ជាមួយគ្រួសារ​។ ​កុំ​ពន្យារ​ពេល​មាន​សុភមង្គល​រហូតដល់​ទាល់តែ​ជោគជ័យ​ ​ទើប​អនុញ្ញាតឱ្យ​ខ្លួនឯង​សប្បាយចិត្ត​។ ​សេចក្តី​សុខ​ ​គឺ​ស្ថិត​នៅ​លើ​គ្រប់​ជំហាន​ដែល​អ្នក​កំពុង​ដើរ។

៨​.​ ​ពិភពលោក​នឹង​ជួយ​អ្នក​

​នៅពេល​អ្នក​ប្តេជ្ញាចិត្ត​យ៉ាងមុតមាំ ​និង​ធ្វើ​សកម្មភាព​ដោយ​ស្មោះត្រង់​ចំពោះ​គោលដៅ​ ចក្រវាល​ទាំងមូល រួមទាំង​កាលៈទេសៈ​ ​មនុស្ស​ ​និង​ធនធាន​ជុំវិញ​ខ្លួន​ ​នឹង​រៀបចំ​ផ្គូផ្គង​ដើម្បី​ជួយ​អ្នក​។ ​នេះ​ជា​ទស្សនវិជ្ជា​ស្នូល​របស់​ The ​Alchemist ​«​នៅពេល​ដែល​អ្នក​ពិតជា​ចង់បាន​អ្វី​មួយ​ ចក្រវាល​ទាំងមូល​នឹង​រួមគំនិត​គ្នា ​ដើម្បី​ជួយ​អ្នក​ឱ្យ​សម្រេច​វា​បាន​»។

​ត្រឡប់​មកវិញ​ ក្តី​ស្រមៃ​មិន​មែន​ជា​ការ​ស្រមើស្រមៃ​ដែល​គ្មាន​ទិសដៅ​នោះ​ទេ​ ​ប៉ុន្តែ​វា​ជា​ការ​ត្រួសត្រាយ​ផ្លូវ​ជីវិត​ដោយ​ភាព​ក្លាហាន​។ ​សម្រាប់​យុវជន​គ្រប់​រូប ពេល​បច្ចុប្បន្ន​នេះ​ ​គឺជា​ឱកាស​ដ៏​ល្អ​បំផុត​ក្នុង​ការ​បោះជំហាន​ទៅ​តាម​ក្តី​ស្រមៃ​។ ​ចូរ​ជឿជាក់​លើ​សំឡេង​បេះដូង​ ​ប្រឈមមុខ​នឹង​ភាព​ភ័យខ្លាច ​ហើយ​ចាប់ផ្តើម​ដំណើរ​ស្វែងរក​កំណប់​ជីវិត​ផ្ទាល់ខ្លួន​របស់​អ្នក​ពី​ថ្ងៃ​នេះ​តទៅ៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា