កុំ​មើល​រំលង​! ​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​ទាំង​ ​៩​ ​យ៉ាង​របស់​ ​"​ផ្លែ​ចេក​" ​ចំពោះ​រាងកាយ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កុំ​មើល​រំលង​! ​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​ទាំង​ ​៩​ ​យ៉ាង​របស់​ ​"​ផ្លែ​ចេក​" ​ចំពោះ​រាងកាយ​

កុំ​មើល​រំលង​! ​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​ទាំង​ ​៩​ ​យ៉ាង​របស់​ ​"​ផ្លែ​ចេក​" ​ចំពោះ​រាងកាយ​

​នៅ​ប្រទេស​កម្ពុជា​ ​ផ្លែ​ចេក​គឺជា​ផ្លែ​ឈើ​មួយ​ប្រភេទ​ដែល​ងាយស្រួល​រក​បំផុត​ ​មាន​តម្លៃ​សមរម្យ​ ​និង​មាន​វត្តមាន​ស្ទើរ​គ្រប់​ទីកន្លែង​។ ​អ្នក​ដែល​កំពុង​សម្រក​ទម្ងន់​មួយចំនួន​ តែងតែ​មើល​រំលង​ ​និង​កាត់បន្ថយ​ការ​ញ៉ាំ​ផ្លែ​ចេក ​ដោយសារតែ​វា​មាន​ផ្ទុក​កាបូអ៊ីដ្រាត​ ​និង​កាឡូរី​ខ្ពស់​ជាង​ផ្លែ​ឈើ​ដទៃ​។ ​ប៉ុន្តែ​អ្វី​ដែល​គេ​ច្រើន​តែ​មិន​បាន​ដឹង​នោះ​គឺ​ ​ផ្លែ​ចេក​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ជាច្រើន​ ​ដែល​ផ្លែ​ឈើ​ផ្សេង​ទៀត​គ្មាន​។​

Advertisement

​ក្រៅពី​មាន​រសជាតិ​ឆ្ងាញ់​ ​និង​ងាយស្រួល​យក​តាម​ខ្លួន​ ​ផ្លែ​ចេក​អាច​ញ៉ាំ​ស្រស់​ៗ​ ធ្វើជា​ទឹក​ក្រឡុក​ ញ៉ាំ​ជាមួយ​ទឹកដោះគោ​ជូរ ​ឬ​យក​ទៅ​ធ្វើជា​បង្អែម​ផ្សេង​ៗ​បាន​យ៉ាង​ងាយ​។ ​ខាងក្រោម​នេះ​ ​គឺជា​ការ​បកស្រាយ​របស់​អ្នកជំនាញ​អំពី​អត្ថប្រយោជន៍​សុខភាព​ទាំង​ ​៩​ ​យ៉ាង​របស់​ផ្លែ​ចេក ​ដែល​ប្រជាជន​យើង​គួរ​យល់ដឹង​៖​

​១. ​ជា​អាហារ​សម្រន់​ដ៏​ល្អ​បំផុត​ក្រោយពេល​ហាត់ប្រាណ​រួច​

​ផ្លែ​ចេក ​គឺជា​អាហារ​ដែល​អត្តពលិក​ភាគ​ច្រើន​តែងតែ​ទទួលទាន​។ ​ពេល​យើង​បែកញើស​ រាងកាយ​នឹង​បាត់បង់​ជាតិ​ទឹក​ និង​អេឡិចត្រូលីត​។ ​ផ្លែ​ចេក​មាន​ផ្ទុក​ ​ប៉ូតាស្យូម​ ​(​Potassium​) ​ដែល​ជា​អេឡិចត្រូលីត​ដ៏​សំខាន់​ជួយ​រក្សា​តុល្យភាព​ជាតិ​ទឹក​ ​និង​ធ្វើឱ្យ​សាច់ដុំ​ដំណើរការ​បាន​ល្អ​ឡើងវិញ​។​ ក្រៅពី​នេះ​ វា​ក៏​ជួយ​បំពេញ​ថាមពល​ (​ជាតិ​ស្ករ​) ​ដែល​សាច់ដុំ​បាន​ដុត​បំផ្លាញ​ ​អំឡុង​ពេល​ហាត់ប្រាណ​ផងដែរ​។​

​២. ​ជួយ​បន្សាប​អាការៈ​ហត់នឿយ​ក្រោយពេល​ផឹក​ស្រា ​(​Hangover​)

​ការ​ញ៉ាំ​គ្រឿងស្រវឹង​ ធ្វើឱ្យ​រាងកាយ​បាត់បង់​ជាតិ​ទឹក​ ​និង​សារធាតុ​រ៉ែ​សំខាន់​ៗ​ ​ពិសេស​ប៉ូតាស្យូម​ ​ដែល​ជា​ហេតុ​ធ្វើឱ្យ​អ្នក​មានអារម្មណ៍​ថា​ ​ស្រេក​ទឹក​ ​ឈឺ​ក្បាល​ និង​អស់​កម្លាំង​នៅ​ព្រឹក​បន្ទាប់​។ ​ផ្លែ​ចេក​មាន​ផ្ទុក​ជាតិ​ទឹក​ដល់​ទៅ​ប្រមាណ​ ​៧៥​% ​និង​មាន​ប៉ូតាស្យូម​ខ្ពស់​ ​ដែល​ជួយ​បំពេញ​ជាតិ​ទឹក​ ​និង​សារធាតុ​រ៉ែ​ដែល​បាត់បង់​ទាំងនោះ​មកវិញ​បាន​យ៉ាង​ឆាប់រហ័ស​។

​៣. ​ចេក​ខ្ចី​ ​ឬ​មិន​ទាន់​ទុំ​ខ្លាំង​ ​ជួយ​រក្សា​លំនឹង​ជាតិ​ស្ករ​ក្នុង​ឈាម​

​នៅពេល​ចេក​មិន​ទាន់​ទុំ​ល្អ ​វា​មាន​ផ្ទុក​នូវ​ ម្សៅ​អសកម្ម ​(​Resistant​ ​Starch​) ​ខ្ពស់​ ​ដែល​ជា​ប្រភេទ​ជាតិ​សរសៃ​ដែល​ក្រពះ​មិន​អាច​រំលាយ​បាន​លឿន​។ ​ការ​រំលាយ​យឺត​ៗ​នេះ​ ​ជួយ​ទប់ស្កាត់​មិន​ឱ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​កើនឡើង​ខ្លាំង​ភ្លាម​ៗ​នោះ​ទេ​ ​បន្ទាប់ពី​ទទួលទាន​រួច​។ ​ដូច្នេះ​ ការ​ញ៉ាំ​ចេក​ដែល​ទើបតែ​ចាស់​ ​ឬ​មិន​ទាន់​ទុំ​ជោរ ​គឺ​ល្អ​សម្រាប់​អ្នក​ចង់​គ្រប់គ្រង​ជាតិ​ស្ករ​។​

​៤. ​ជំនួយ​ដល់​សុខភាព​ក្រពះ​ពោះវៀន​ ​(​Prebiotics​)

​ផ្លែ​ចេក​មាន​ផ្ទុក​សារធាតុ​ ​ព្រី​បាយ​អូទិក ​(​Prebiotics​) ​ដូចជា​ ​Inulin​ ​និង​ ​Pectin​ ​ដែល​ដើរតួ​ជា​ ​”​ចំណី​”​ ​សម្រាប់​ចិញ្ចឹម​បាក់តេរី​ល្អ​ៗ​ ​(​Probiotics​) ​នៅក្នុង​ពោះវៀន​របស់​យើង​។ ​ការ​មាន​បាក់តេរី​ល្អ​ៗ​ច្រើន​ ​ជួយ​ឱ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដើរ​បាន​ស្រួល​ និង​ជួយ​ការពារ​ពោះវៀន​ពី​ពពួក​មេរោគ​ដែល​បង្ក​ជំងឺ​ផងដែរ​។​

​៥. ​ការពារ​ និង​ជំនួយ​ដល់​សុខភាព​បេះដូង​

​ប្រជាជន​ភាគ​ច្រើន​ ​មិន​សូវ​ទទួលបាន​ជាតិ​ប៉ូតាស្យូម​គ្រប់គ្រាន់​ពីរ​បប​អាហារ​ប្រចាំ​ថ្ងៃ​នោះ​ទេ​។ ​ប៉ូតាស្យូម​ ​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​សម្រួល​ដល់​សរសៃ​ឈាម​ ធ្វើឱ្យ​បេះដូង​ងាយស្រួល​ក្នុង​ការ​ច្របាច់​ឈាម​ទៅ​ចិញ្ចឹម​រាងកាយ​ ​និង​ជួយ​រក្សា​លំនឹង​សម្ពាធ​ឈាម​។ ​ផ្លែ​ចេក​ទំហំ​មធ្យម​មួយ​ផ្លែ ​អាច​ផ្តល់​ប៉ូតាស្យូម​ប្រមាណ​ ​៩​% ​នៃ​តម្រូវការ​ប្រចាំ​ថ្ងៃ​របស់​រាងកាយ​។​

​៦. ​សម្បូរ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ​ការពារ​ជំងឺ​រ៉ាំរ៉ៃ​

​និយាយ​ពី​វីតាមីន​ ​C​ ​គេ​តែង​នឹកឃើញ​ដល់​ផ្លែ​ក្រូច​ ​ប៉ុន្តែ​ផ្លែ​ចេក​ក៏​សម្បូរ​វីតាមីន​ ​C​ ​ផងដែរ​ ​(​ប្រហែល​ ​១១​% ​នៃ​តម្រូវការ​ប្រចាំ​ថ្ងៃ​) ​ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ​។ ​ជាង​នេះ​ទៅ​ទៀត​ ​ចេក​មាន​ផ្ទុក​សារធាតុ​រុក្ខជាតិ​ជាច្រើន​ ​ដែល​ជួយ​ប្រឆាំង​នឹង​ ​”​រ៉ាឌីកាល់​សេរី​” ​ដែល​ជា​ភ្នាក់ងារ​ធ្វើឱ្យ​កោសិកា​ចាស់​មុន​វ័យ​ និង​បង្ក​ជា​ជំងឺ​ផ្សេង​ៗ​ ​ថែមទាំង​អាច​មាន​សក្តានុពល​ក្នុង​ការ​ការពារ​ជំងឺ​មហារីក​មួយចំនួន​ទៀតផង​។

​៧. ​អាច​ជួយ​ឱ្យ​អ្នក​គេង​លក់​បាន​ស្រួល​

​បើ​អ្នក​ពិបាក​គេង​លក់​ ​ផ្លែ​ចេក​អាច​ជា​ជំនួយការ​ថ្មី​របស់​អ្នក​។ ​ចេក​មាន​ផ្ទុក​អាស៊ីត​អាមីណូ​មួយ​ឈ្មោះ​ថា​ ​Tryptophan​ ​ដែល​រាងកាយ​នឹង​បំប្លែង​វា​ទៅជា​ ​អ័រម៉ូន​មេឡាតូនីន ​(​Melatonin​) ​និង​សេរ៉ូតូ​នីន ​(​Serotonin​) ​ដែល​ជួយ​គ្រប់គ្រង​វដ្ត​នៃ​ការ​គេង​ ​និង​ជួយ​ឱ្យ​អារម្មណ៍​ស្ងប់​។ ​លើស​ពី​នេះ​ ​ជាតិ​ម៉ាញេស្យូម​ ​(​Magnesium​) ​នៅក្នុង​ផ្លែ​ចេក ​ក៏​មាន​តួនាទី​ជួយ​ឱ្យ​សាច់ដុំ​សម្រាក​ និង​គេង​លក់​ស្កប់ស្កល់​ផងដែរ​។​

​៨. ​ដោះស្រាយ​បញ្ហា​រំលាយ​អាហារ​

​ក្នុង​ក្បួន​ពេទ្យ​ ​ផ្លែ​ចេក​គឺជា​ជម្រើស​អាហារ​ដំបូង​គេ​ ​(​ក្នុង​របប​អាហារ​ ​BRAT​) ​សម្រាប់​អ្នក​ដែល​មាន​បញ្ហា​ក្រពះ​ពោះវៀន​។ ​ជាតិ​សរសៃ​រលាយ ​(​Soluble​ ​Fiber​) ​ក្នុង​ផ្លែ​ចេក ​អាច​ជួយ​ធ្វើឱ្យ​លាមក​ទន់​ ​ដែល​សម្រួល​ដល់​ការ​ទល់​លាមក ​ខណៈ​ដែល​ជាតិ​ប៉ូតាស្យូម​ខ្ពស់​របស់​វា​ ​ជួយ​បំពេញ​ជាតិ​ទឹក​ដល់​អ្នក​ដែល​កំពុង​មាន​អាការៈ​រាគរូស​។​

​៩. ​ជួយ​កាត់បន្ថយ​អាការៈ​មុនពេល​មក​រដូវ​ ​(​PMS​) ​របស់​ស្ត្រី​

​ការ​សិក្សា​បាន​បង្ហាញ​ថា​ ​ផ្លែ​ចេក​អាច​ជួយ​សម្រាល​អាការៈ​មិន​ស្រួល​ផ្សេង​ៗ​មុនពេល​ស្ត្រី​មក​រដូវ​។ ​ជាតិ​កាល់ស្យូម​ ​និង​ម៉ាញេស្យូម​ក្នុង​ផ្លែ​ចេក ​ជួយ​កាត់បន្ថយ​ការ​ឈឺចាប់​ ​និង​អាការៈ​ហើម​ពោះ​។ ​ចំណែកឯ​វីតាមីន​ ​B​6​ ​ដ៏​ច្រើន​នៅក្នុង​ផ្លែ​ចេក ​ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​រកឃើញ​ថា​ ​អាច​ជួយ​កាត់បន្ថយ​ភាព​តានតឹង ​អារម្មណ៍​មួម៉ៅ​ និង​ការ​ថប់បារម្ភ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។

​សរុប​សេចក្តី​មក​៖ ​ផ្លែ​ចេក​មិន​ត្រឹមតែ​ជា​ផ្លែ​ឈើ​ដែល​មាន​តម្លៃ​ថោក​ ​និង​ងាយស្រួល​រក​ក្នុង​ទីផ្សារ​កម្ពុជា​យើង​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​វា​ជា​ ​”​ឱសថ​ធម្មជាតិ​”​ ​និង​ជា​ប្រភព​នៃ​សារធាតុ​ចិញ្ចឹម​ដ៏​មាន​តម្លៃ​។ ​កុំ​ភ្លេច​បន្ថែម​ផ្លែ​ចេក​ទៅក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​អ្នក​ ​ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​សុខភាព​ទាំងនេះ​៕

ប្រភព ៖ Everydayhealth

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា