តើការហាត់ប្រាណកម្រិតធ្ងន់អាចបង្កឱ្យគាំងបេះដូងដែរឬទេ? | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តើការហាត់ប្រាណកម្រិតធ្ងន់អាចបង្កឱ្យគាំងបេះដូងដែរឬទេ?

តើការហាត់ប្រាណកម្រិតធ្ងន់អាចបង្កឱ្យគាំងបេះដូងដែរឬទេ?

មានការយល់ច្រឡំក្នុងចំណោមមនុស្សទូទៅថា ការហាត់ប្រាណកម្រិតធ្ងន់ ឬខ្លាំងក្លា (Intense Exercise) មានគ្រោះថ្នាក់ដល់បេះដូង រហូតដល់អ្នកខ្លះយកបញ្ហានេះធ្វើជាលេសដើម្បីគេចវេះពីការបញ្ចេញកម្លាំងពលកម្ម។ ក៏ប៉ុន្តែ អ្នកជំនាញវេជ្ជសាស្ត្របានបញ្ជាក់យ៉ាងច្បាស់ថា ហានិភ័យពិតប្រាកដមិនមែនកើតចេញពីការធ្វើចលនានោះទេ តែគឺកើតចេញពី «ភាពអសកម្ម និងការមិនព្រមហាត់ប្រាណ» ទៅវិញទេ។

តើមានអ្វីកើតឡើងចំពោះបេះដូង ពេលហាត់ប្រាណកម្រិតធ្ងន់?

នៅពេលអ្នកបញ្ចេញកម្លាំងខ្លាំង បេះដូងត្រូវបង្កើនល្បឿនកន្ត្រាក់ ដើម្បីបូមឈាម និងអុកស៊ីសែនទៅចិញ្ចឹមសាច់ដុំ។ ដំណើរការនេះបណ្តាលឱ្យចង្វាក់បេះដូង និងសម្ពាធឈាមកើនឡើងភ្លាមៗ អ័រម៉ូន adrenaline កើនខ្ពស់ ហើយឈាមក៏ប្រែជាខាប់ជាងមុនបណ្តោះអាសន្ន។

វេជ្ជបណ្ឌិត Alex McDonald ឯកទេសវេជ្ជសាស្ត្រកីឡា និងគ្រួសារ នៅសាលាវេជ្ជសាស្ត្រ Kaiser Permanente រដ្ឋកាលីហ្វ័រញ៉ា បានពន្យល់ថា «ការហាត់ប្រាណមិនបានបង្កើតជំងឺដោយឯកឯងនោះទេ។ ប៉ុន្តែចំពោះអ្នកដែលមានកំណកខ្លាញ់កកស្ទះក្នុងសរសៃឈាមបេះដូងស្រាប់ ការកើនឡើងសម្ពាធភ្លាមៗនេះ អាចធ្វើឱ្យបន្ទះខ្លាញ់នោះប្រេះ ឬបែកចេញ ដែលបង្កជាការកកឈាមរហូតដល់គាំងបេះដូង»។

ជារួម ការហាត់ប្រាណគ្រាន់តែជាកត្តាជំរុញ (Trigger) បញ្ហាសុខភាពដែលបង្កប់ខ្លួនពីមុនមកឱ្យស្តែងចេញប៉ុណ្ណោះ ហើយករណីនេះកើតឡើងកម្របំផុត។

ក្រុមមនុស្សណាខ្លះដែលប្រឈមមុខខ្ពស់ជាងគេ?

យោងតាមការវិភាគរបស់សមាគមបេះដូងអាមេរិក (American Heart Association) ករណីគាំងបេះដូង ឬស្លាប់ភ្លាមៗពេលហាត់ប្រាណកើតឡើងចន្លោះពី ០,៣១ ទៅ ២,១ នាក់ប៉ុណ្ណោះក្នុងចំណោមមនុស្ស ១០០ ០០០ នាក់ ក្នុងមួយឆ្នាំៗ។

វេជ្ជបណ្ឌិត Tahmid Rahman គ្រូពេទ្យឯកទេសបេះដូងនៅ Stony Brook Medicine ញូវយ៉ក បានបញ្ជាក់ថា ហានិភ័យប្រែប្រួលទៅតាមវ័យ និងកត្តាប្រឈម៖

មនុស្សវ័យក្មេង (ក្រោម ៣៥ ឆ្នាំ)៖ ភាគច្រើនបណ្តាលមកពីបញ្ហារចនាសម្ព័ន្ធបេះដូងពីកំណើត ឬជំងឺបេះដូងតំណពូជ។

មនុស្សវ័យចំណាស់ (លើសពី ៣៥ ឆ្នាំ)៖ មូលហេតុចម្បងគឺជំងឺក្រិនសរសៃឈាម (Atherosclerosis) ដោយសារការកកើតបន្ទះខ្លាញ់រ៉ាំរ៉ៃ។

កត្តាហានិភ័យបន្ថែម៖ អ្នកកើតជំងឺទឹកនោមផ្អែម, លើសសម្ពាធឈាម, លើសជាតិខ្លាញ់, ជំងឺធាត់, អ្នកជក់បារី និងអ្នកមានប្រវត្តិគ្រួសារធ្លាប់កើតជំងឺបេះដូងពីក្មេង។

គួរកត់សម្គាល់ថា បុគ្គលដែលប្រឈមគ្រោះថ្នាក់ខ្ពស់បំផុតក្នុងពេលហាត់ប្រាណកម្រិតធ្ងន់ គឺបុរសដែលមិនធ្លាប់ហាត់ប្រាណទៀងទាត់សោះ ហើយស្រាប់តែមកបញ្ចេញកម្លាំងខ្លាំងភ្លាមៗតែម្តង។

អត្ថប្រយោជន៍រយៈពេលវែងនៃការហាត់ប្រាណ

ទោះបីជាមានការកើនឡើងហានិភ័យបន្តិចបន្តួចក្នុងអំឡុងពេលហាត់ប្រាណខ្លាំងក៏ដោយ ប៉ុន្តែផលប្រយោជន៍រយៈពេលវែងចំពោះសុខភាពសរសៃឈាមបេះដូង គឺធំធេងលើសលប់។ ការរក្សាទម្លាប់ធ្វើលំហាត់ប្រាណជាប្រចាំជួយ៖

-ពង្រឹងសាច់ដុំបេះដូងឱ្យកាន់តែរឹងមាំ
-កាត់បន្ថយសម្ពាធឈាម និងកម្រិតជាតិខ្លាញ់មិនល្អ
-គ្រប់គ្រងជាតិស្ករក្នុងឈាម និងទម្ងន់ឱ្យនៅកម្រិតស្តង់ដា
-កាត់បន្ថយការរលាកក្នុងរាងកាយ បន្ធូរបន្ថយភាពតានតឹង និងអារម្មណ៍ធុញថប់
-បញ្ចុះហានិភ័យនៃការគាំងបេះដូង និងអត្រាមរណភាពជារួម

វិធានការហាត់ប្រាណប្រកបដោយសុវត្ថិភាព

ដើម្បីទទួលបានអត្ថប្រយោជន៍ពេញលេញដោយមិនបង្កគ្រោះថ្នាក់ដល់បេះដូង អ្នកជំនាញបានណែនាំនូវគោលការណ៍សំខាន់ៗមួយចំនួន៖

  1. ចាប់ផ្តើមមួយៗ និងបង្កើនកម្រិតសន្សឹមៗ៖ ប្រសិនបើទើបតែចាប់ផ្តើម ឬខកខានយូរ គួរចាប់ផ្តើមពីសកម្មភាពកម្រិតមធ្យមដូចជា ដើរលឿន ជិះកង់ ឬហែលទឹក ដោយកំណត់គោលដៅឱ្យបានយ៉ាងហោចណាស់ ១៥០ នាទីក្នុងមួយសប្តាហ៍ មុននឹងឈានទៅរកការហាត់កម្រិតធ្ងន់។
  2. កុំរំលងការកម្ដៅសាច់ដុំ (Warm Up) និងការសម្រួល (Cool Down)៖ ចំណាយពេលពី ៥ ទៅ ១០ នាទី ធ្វើចលនាយឺតៗមុន និងក្រោយពេលហាត់ ដើម្បីឱ្យបេះដូង និងសរសៃឈាមមានពេលសម្របខ្លួន។
  3. ជ្រើសរើសសកម្មភាពសមស្របនឹងកាយសម្បទា៖ មិនចាំបាច់បង្ខំរាងកាយរហូតដល់អស់ខ្យល់នោះទេ។ អ្នកដែលមានជំងឺប្រចាំកាយគួរពិគ្រោះជាមួយគ្រូពេទ្យជាមុន។
  4. ប្រុងប្រយ័ត្នពេលអាកាសធាតុក្តៅខ្លាំង៖ កម្តៅ និងសំណើមខ្ពស់ធ្វើឱ្យបេះដូងធ្វើការធ្ងន់ធ្ងរជាងមុន។ គួរជ្រើសរើសហាត់នៅពេលព្រឹកព្រលឹម ឬពេលល្ងាច ញ៉ាំទឹកឱ្យបានគ្រប់គ្រាន់ និងបន្ថយរយៈពេលហាត់បើចាំបាច់។

សញ្ញាអាសន្នដែលត្រូវបញ្ឈប់ការហាត់ប្រាណ និងស្វែងរកជំនួយសង្គ្រោះបន្ទាន់ភ្លាមៗ

ប្រសិនបើអ្នក ឬមនុស្សក្បែរខ្លួនមានអាការដូចខាងក្រោម សូមកុំគិតថាជារឿងធម្មតាដោយសារការហត់នឿយឱ្យសោះ៖

ណែន ឬឈឺទ្រូង៖ មានអារម្មណ៍ដូចមានអ្វីមកសង្កត់ គាប ឬឈឺកណ្តាលទ្រូងលើសពី ២-៣ នាទី (ឬបាត់ហើយឈឺឡើងវិញ)។

ការឈឺចាប់រាលដាល៖ រាលដាលដល់ដៃទាំងសងខាង ខ្នង ក ថ្គាម ឬក្រពះ។

ពិបាកដកដង្ហើម៖ ដង្ហក់ ដកដង្ហើមមិនដល់គ្នា ទោះបីជាមាន ឬគ្មានការឈឺទ្រូងក៏ដោយ។

រោគសញ្ញាផ្សេងទៀត៖ បែកញើសត្រជាក់ ចង្អោរ ក្អួត វិលមុខ អស់កម្លាំងខុសប្រក្រតី ឬបេះដូងលោតញាប់ខុសចង្វាក់។

ចំពោះស្ត្រី៖ អាចស្តែងចេញនូវរោគសញ្ញាមិនសូវច្បាស់លាស់ ដូចជា អស់កម្លាំងខ្លាំងខុសធម្មតា ខ្សោយកម្លាំង ចង្អោរ ឬឈឺត្រង់ស្មា និងខ្នង។

ប្រសិនបើអ្នកមានវ័យចំណាស់ មានជំងឺប្រចាំកាយ ឬមានប្រវត្តិគ្រួសារធ្លាប់មានបញ្ហាបេះដូង ការទៅជួបពិគ្រោះ និងពិនិត្យសុខភាពបេះដូងជាមុនជាមួយគ្រូពេទ្យជំនាញ គឺជាជំហានដ៏ឆ្លាតវៃបំផុត មុននឹងចាប់ផ្តើមកម្មវិធីហាត់ប្រាណកម្រិតធ្ងន់ណាមួយ៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា