វិធីសាស្ត្រ​ ​និង​ទម្លាប់​ប្រចាំ​ថ្ងៃ​ដើម្បី​ខួរក្បាល​ឆ្លាត​វៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វិធីសាស្ត្រ​ ​និង​ទម្លាប់​ប្រចាំ​ថ្ងៃ​ដើម្បី​ខួរក្បាល​ឆ្លាត​វៃ

វិធីសាស្ត្រ​ ​និង​ទម្លាប់​ប្រចាំ​ថ្ងៃ​ដើម្បី​ខួរក្បាល​ឆ្លាត​វៃ

​ខួរក្បាល​របស់​មនុស្ស​មាន​សមត្ថភាព​ផ្ទុក​ទិន្នន័យ​រហូតដល់​ប្រមាណ​ ​២​.​៥ លាន​ជីហ្គាបៃ ​ដែល​ស្មើនឹង​ទិន្នន័យ​វីដេអូ​រយៈពេល​ជាង​ ​៣​ លាន​ម៉ោង​។ ​ទោះជា​យ៉ាងណា ​មនុស្ស​ជា​ច្រើន​នៅតែ​ជួប​បញ្ហា​ភ្លេច​ភ្លាំងញឹកញាប់​។ ​ការ​យល់ដឹង​ពី​ដំណើរការ​នៃ​ខួរក្បាល ​រួមផ្សំ​នឹង​បច្ចេកទេស​ត្រឹមត្រូវ​ ​អាច​ជួយ​ពង្រឹង​សមត្ថភាព​ចងចាំ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។

១​. ​ដំណើរការ​បង្កើត​ការ​ចងចាំ​ទាំង​ ៣ ​ដំណាក់កាល​

​តាម​ការ​ស្រាវជ្រាវ​របស់​អ្នក​វិទ្យាសាស្រ្ត​ ការ​ចងចាំ​មិន​កើតឡើង​ដោយ​ចៃដន្យ​នោះ​ទេ​ ​ប៉ុន្តែ​ឆ្លងកាត់​ដំណាក់កាល​សំខាន់​ៗ​ចំនួន​បី​៖​

​-​ការ​ចងចាំ​តាមរយៈ​ញាណ ​(​Sensory Register​)​៖​ ​ទទួល​ព័ត៌មាន​ពី​រូបភាព​ សំឡេង​ ​ឬ​ក្លិន​ ​ក្នុង​រយៈពេល​ត្រឹមតែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ​។
​-​ការ​ចងចាំ​បណ្តោះអាសន្ន​ ​(​Working Memory​)​៖​ ​ដំណាក់​កាល​កែច្នៃ ​និង​ដំណើរការ​ទិន្នន័យ​សំខាន់​ៗ ​មុនពេល​វា​ត្រូវ​បាន​បំភ្លេច​ចោល ​ឬ​រក្សាទុក​។​
​-​ការ​ចងចាំ​រយៈពេល​វែង​ ​(​Long​-​Term ​Memory​)​៖ ​នៅពេល​ព័ត៌មាន​ត្រូវ​បាន​រំលឹក​ឡើង​វិញ​ញឹកញាប់​ វា​នឹង​ត្រូវ​បញ្ជូន​ទៅកាន់​ផ្នែក​ ​Hippocampus ​នៃ​ខួរក្បាល​ ​ដើម្បី​បង្កើត​ជា​បណ្តាញ​ភ្ជាប់​រវាង​ណឺរ៉ូន ​និង​ស៊ីណាប់​យ៉ាង​រឹងមាំ​។​

​២​.​ ​បច្ចេកទេស​ទន្ទេញ​ចាំ​បែប​វិទ្យាសាស្ត្រ​

ការ​ទន្ទេញ​ចាំ​មិន​មែន​ជា​ការ​ទន្ទេញ​ច្រំ​ដែល​ដោយ​គ្មាន​ទិសដៅ​នោះ​ទេ​ ​ប៉ុន្តែ​ជា​ការ​ប្រើប្រាស់​វិធីសាស្ត្រ​ឆ្លាតវៃ​។ ​អ្នក​ជំនាញ​ខាង​ការ​ចងចាំ​ច្រើន​តែ​ប្រើ​បច្ចេកទេស​បង្កើត​ «​វិមាន​ចង​ចាំ​» ​ដោយ​យក​ព័ត៌មាន​ទៅ​ផ្សារភ្ជាប់​ជាមួយ​ទីតាំង​ជាក់ស្តែង​នៅក្នុង​ផ្ទះ​ ​ឬ​កន្លែង​ដែល​ធ្លាប់​ស្គាល់​ច្បាស់​។ ​ក្រៅ​ពី​នេះ​ ការ​បង្កើត​រូបភាព​តំណាង​ឱ្យ​លេខ​ ​ឬ​ការ​បំប្លែង​លេខ​ទៅ​ជា​ព្យញ្ជនៈ ​និង​សាច់រឿង​ខ្លី​ៗ​ ​ក៏​ជួយ​សម្រួល​ដល់​ការ​ចងចាំ​លេខ​វែង​ៗ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ផងដែរ​។

​៣​.​ ​យុទ្ធសាស្ត្រ​កាត់បន្ថយ​ការ​ភ្លេច​ភ្លាំង

​ទន្ទឹម​នឹង​វិធីសាស្ត្រ​ខាង​លើ​ ​ការ​កាត់បន្ថយ​ការ​ភ្លេច​ភ្លាំង​ក៏​មាន​សារៈសំខាន់​មិន​ចាញ់​គ្នា​ឡើយ​។ ​មនុស្ស​ទូទៅ​អាច​ភ្លេច​ព័ត៌មាន​ថ្មី​រហូតដល់​ ៩០​%​ ​ក្នុង​រយៈពេល​តែ​មួយ​ខែ ​ប្រសិនបើ​មិន​បាន​រំលឹក​។ ​ដើម្បី​ទប់ទល់​នឹង​បញ្ហា​នេះ​ ការ​បែងចែក​ពេលវេលា​រំលឹក​មេរៀន​ជា​ប្រចាំ​តាម​ចន្លោះ​ពេល​ជាក់លាក់​ ​គឺជា​យុទ្ធសាស្ត្រ​ដ៏​ល្អ​បំផុត​។ ​លើស​ពី​នេះ​ ការ​បង្កើត​បរិយាកាស​រៀនសូត្រ​ឱ្យ​ស្រដៀង​នឹង​កន្លែង​ប្រឡង​ ​ឬ​កន្លែង​អនុវត្ត​ជាក់ស្តែង​ ​និង​ការ​ទម្លាប់​កត់ត្រា​មេរៀន​ដោយ​ដៃ​ផ្ទាល់​លើ​ក្រដាស​ ​ក៏​ជួយ​ជំរុញ​ឱ្យ​ខួរក្បាល​ដំណើរការ​គំនិត​បាន​ស៊ី​ជម្រៅ ​និង​ចងចាំ​បាន​យូរ​ជាង​ការ​វាយលើ​កុំព្យូទ័រ​។

៤​.​ ​របប​អាហារ​ ​និង​របៀប​រស់នៅ​ដើម្បី​សុខភាព​ខួរក្បាល​

កត្តា​ចុងក្រោយ​ដែល​មិន​អាច​ខ្វះ​បាន​ ​គឺ​ការ​ថែទាំ​សុខភាព​រាងកាយ ​និង​ខួរក្បាល​។ ការ​ទទួលទាន​អាហារ​សម្បូរ​ខ្លាញ់​ល្អ​អូមេហ្គា-​៣ ​ដូចជា​ត្រី​សមុទ្រ​ ​ផ្លែ​បឺរ ​និង​គ្រាប់​ធញ្ញជាតិ​ ​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​ទ្រទ្រង់​កោសិកា​ខួរក្បាល​ ​ខណៈ​ដែល​ការ​ផឹក​កាហ្វេ​ក្នុង​កម្រិត​ល្មម​បន្ទាប់ពី​សិក្សា​រួច​ ​ជួយ​ពង្រឹង​ការ​រក្សាទុក​ទិន្នន័យ​បាន​ល្អ​។ ​លើស​ពី​នេះ​ ការ​គេង​លក់​ឱ្យ​បាន​ស្កប់ស្កល់​ពី​ ៧ ​ទៅ​ ៩ ​ម៉ោង​ក្នុង​មួយ​យប់ ​គឺជា​ពេលវេលា​ដែល​ខួរក្បាល​រៀបចំ​តម្រៀប ​និង​ពង្រឹង​ការ​ចងចាំ​ឱ្យ​រឹងមាំ ​ហើយ​ការ​ហាត់​សមាធិ​ជា​ប្រចាំ​ជួយ​បង្វឹក​ខួរក្បាល​ឱ្យ​មាន​ភាព​ស្ងប់ ​និង​បង្កើន​សមត្ថភាព​ផ្ទុក​ព័ត៌មាន​ថ្មី​ៗ​កាន់តែ​ប្រសើរ​៕

​ឯកសារ​យោង​ ​និង​សៀវភៅ​ណែនាំ​បន្ថែម​
​The ​Memory ​Book ​ដោយ​ ​Harry Lorayne ​និង​ Jerry ​Lucas
​The Owner​’s ​Manual ​for the ​Brain ​ដោយ​ Pierce ​J. ​Howard
​How ​We Learn ​ដោយ​ ​Benedict ​Carey
​Unlimited ​Memory ​ដោយ​ Kevin ​Horsley
​Moonwalking with ​Einstein ​ដោយ​ ​Joshua Foer

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា