Deep Work ៖ គន្លឹះពង្រឹងការផ្ដោតអារម្មណ៍ និងយកឈ្នះការរំខាន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Deep Work ៖ គន្លឹះពង្រឹងការផ្ដោតអារម្មណ៍ និងយកឈ្នះការរំខាន

Deep Work ៖ គន្លឹះពង្រឹងការផ្ដោតអារម្មណ៍ និងយកឈ្នះការរំខាន

នៅក្នុងយុគសម័យបច្ចេកវិទ្យាដ៏ទំនើបនេះ មនុស្សភាគច្រើនជួបប្រទះបញ្ហាប្រឈមដូចៗគ្នា គឺ “ការបាត់បង់ការផ្ដោតអារម្មណ៍លើការងារ”។ យើងតែងតែរងការរំខានជារៀងរាល់ថ្ងៃពីបណ្ដាញសង្គម គេហទំព័រដែលផ្ដល់ការកម្សាន្តមួយឆាវ និងជាពិសេសនោះគឺ «បន្ទះលោហៈ និងផ្លាស្ទិកចតុកោណកែងដែលមានពន្លឺភ្លឺផ្លេកៗនៅក្នុងហោប៉ៅរបស់យើង» (ទូរស័ព្ទដៃ)។ ការរំខានទាំងនេះធ្វើឱ្យរបៀបធ្វើការរបស់យើងខ្វះប្រសិទ្ធភាព និងចំណាយពេលយូរហួសហេតុ។

Advertisement

ដើម្បីដោះស្រាយបញ្ហានេះ លោក Cal Newport សាស្ត្រាចារ្យវិទ្យាសាស្ត្រកុំព្យូទ័រនៅសាកលវិទ្យាល័យ Georgetown និងជាអ្នកនិពន្ធសៀវភៅល្បីៗជាច្រើន បានណែនាំនូវគោលការណ៍មួយដែលហៅថា “Deep Work” (ការធ្វើការងារស៊ីជម្រៅ)។

អ្វីទៅជា Deep Work?

Deep Work គឺជានិយាមនៃការអនុវត្តការផ្ដោតអារម្មណ៍កម្រិតខ្ពស់ក្នុងរយៈពេលវែង (លើសពី ១ ម៉ោងឡើងទៅ) ទៅលើកិច្ចការងារដែលទាមទារខួរក្បាលគិតខ្លាំង ដោយមិនបណ្ដោយឱ្យមានការរំខានណាមួយមកអុកឡុកទាល់តែសោះ។

យុទ្ធសាស្ត្រ និងឧបករណ៍ជំនួយដើម្បីអនុវត្ត Deep Work

ដើម្បីសម្រេចបាននូវការធ្វើការងារស៊ីជម្រៅ អ្នកអាចអនុវត្តតាមវិធីសាស្ត្រខ្លះៗដែលអ្នកជំនាញប្រើប្រាស់៖

រៀបចំកាលវិភាគបែប Bimodal ៖ បែងចែកពេលវេលាច្បាស់លាស់ក្នុងមួយសប្ដាហ៍ (ឧទាហរណ៍៖ ២ ថ្ងៃក្នុងមួយសប្ដាហ៍) ដើម្បីផ្ដាច់ខ្លួនពីពិភពខាងក្រៅទាំងស្រុង ហើយទុកពេលនោះសម្រាប់តែការគិត ការសរសេរ ឬការដោះស្រាយកិច្ចការធំៗ។

ប្រើប្រាស់កម្មវិធីបិទការរំខាន (Blocking Apps)៖

  • Freedom ឬ SelfControl (សម្រាប់ Mac)
  • FocalFilter (សម្រាប់ Windows)

កម្មវិធីទាំងនេះជួយបិទគេហទំព័រ ឬកម្មវិធីដែលទាញចំណាប់អារម្មណ៍យើង (ដូចជា Facebook, YouTube, TikTok) ក្នុងអំឡុងពេលយើងធ្វើការ។

រៀបចំប្រព័ន្ធណាត់ជួបឱ្យមានសណ្ដាប់ធ្នាប់ ៖ ប្រើប្រាស់ឧបករណ៍ដូចជា Calendly ឬ ScheduleOnce ដើម្បីគ្រប់គ្រងការណាត់ជួប ជៀសវាងការចំណាយពេលផ្ញើសារចុះឡើងដែលធ្វើឱ្យរំខានដល់ម៉ោងការងារស្នូល។

យ៉ាងណាក៏ដោយគន្លឹះដំបូង​ក្នុង​ការអនុវត្ត Deep Work អ្នកអាចសាកល្បងចាប់ផ្ដើមបិទ Notification (ការជូនដំណឹង) ទូរស័ព្ទ ឬដាក់វាឱ្យឆ្ងាយពីដៃត្រឹមតែ ៣០ ទៅ ៦០ នាទីក្នុងមួយថ្ងៃ ដើម្បីធ្វើកិច្ចការសំខាន់បំផុតរបស់អ្នកឱ្យហើយ។ នៅពេលអ្នកធ្វើវាបានសម្រេច អ្នកនឹងឃើញថា ការងាររបស់អ្នកដើរលឿនជាងមុន មានគុណភាពជាងមុន ហើយអ្នកក៏មានពេលសល់ច្រើនសម្រាប់គ្រួសារ និងការសម្រាកផងដែរ។

ចូរចងចាំថា ភាពជោគជ័យនៅក្នុងសម័យឌីជីថលនេះ មិនមែនវាស់វែងលើការដែលយើង “រវល់ពេញមួយថ្ងៃ តែគ្មានការងារណាមួយចេញជាដុំកំភួន” នោះទេ ប៉ុន្តែវាស្ថិតនៅលើសមត្ថភាព នៃការ «ធ្វើការឱ្យចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់»។ ចូរគ្រប់គ្រងបច្ចេកវិទ្យា ដោយ​កុំបណ្ដោយឱ្យបច្ចេកវិទ្យាមកគ្រប់គ្រងពេលវេលា របស់យើង៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា