បទពិសោធន៍​ ​និង​បញ្ហា​ប្រឈម ​ដែលនិស្សិត​​ទៅ​រៀននៅ​បរទេស​មិន​អាច​គេចផុត​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បទពិសោធន៍​ ​និង​បញ្ហា​ប្រឈម ​ដែលនិស្សិត​​ទៅ​រៀននៅ​បរទេស​មិន​អាច​គេចផុត​

បទពិសោធន៍​ ​និង​បញ្ហា​ប្រឈម ​ដែលនិស្សិត​​ទៅ​រៀននៅ​បរទេស​មិន​អាច​គេចផុត​

​ការ​បន្ត​ការ​សិក្សា​នៅ​បរទេស​ ​គឺជា​ក្តីស្រមៃ​របស់​សិស្ស​-​និស្សិត​កម្ពុជា​ជាច្រើន​ ​ដើម្បី​ក្រេប​ជញ្ជក់​យក​ចំណេះដឹង​ និង​បទពិសោធន៍​ថ្មី​ៗ​។ ​ទោះជា​យ៉ាងណា​ក៏ដោយ​ បទពិសោធន៍​ពិតជាក់ស្តែង​នៅលើ​ទឹកដី​បរទេស​ ​មិន​មែន​មាន​តែ​ភាព​រលូន​នោះ​ទេ ​ពោលគឺ​ត្រូវ​ទាមទារ​ឱ្យ​មាន​ការ​តស៊ូ ​និង​ការ​ត្រៀមខ្លួន​ប្រឈមមុខ​នឹង​ការ​ផ្លាស់ប្តូរ​។​

Advertisement

​លោក​ ​គួយ​ ​ពៅ​ អតីត​និស្សិត​អាហារូបករណ៍​ដែល​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ ​ជំនាញ​គោលនយោបាយ​សាធារណៈ​ ពី​សាលា​សិក្សា​អភិបាលកិច្ច​ ​នៃ​សាកលវិទ្យាល័យ​ ​Meiji​ ​ក្នុង​ទីក្រុង​តូក្យូ ​ប្រទេស​ជប៉ុន​ ​បាន​ចែករំលែក​បទពិសោធ​របស់​លោក​ ​កំឡុង​ពេល​បន្ត​ការ​សិក្សា​នៅ​ក្រៅ​ប្រទេស​ ​ដោយ​ថា​ ​ការ​សិក្សា​នៅ​ក្រៅ​ប្រទេស​ពិតជា​បាន​ផ្តល់​ផលប្រយោជន៍​ដល់​យើង​ជាច្រើន​ ​ទាំង​ចំណេះដឹង​ ការ​អភិវឌ្ឍន៍​ជំនាញ​ ​ព្រមទាំង​បទពិសោធន៍​ថ្មី​ៗ​ ​ប៉ុន្តែ​ទន្ទឹម​នឹង​នោះ​ ​សិស្ស​-​និស្សិត​ក៏​អាច​ជួបប្រទះ​នូវ​បញ្ហា​មួយចំនួន​ផងដែរ​ដូចជា​៖​

​១. ​បញ្ហា​ប្រឈម​ក្នុង​ការ​រស់នៅ​ (​អាហារ​ និង​អាកាសធាតុ​)

​បើ​តាម​ លោក​ ​គួយ​ ​ពៅ​ ​ពាក់ព័ន្ធ​ទៅនឹង​ការ​រស់នៅ​ក្នុង​ប្រទេស​ជប៉ុន​ ​គឺ​ទាមទារ​រយៈពេល​សម្រប​ខ្លួន​នៅក្នុង​ការ​រស់នៅ​។ ​តួយ៉ាង​បញ្ហា​អាហារ​ហូបចុក ​ដោយ​ហេតុ​ថា ​អាហារ​មួយចំនួន​ពុំ​មាន​រស់ជាតិ​ដូច​អាហារ​ដែល​យើង​ធ្លាប់​ទទួលទាន​ ​និង​ពុំ​សូវ​មាន​គ្រឿងទេស​សម្រាប់​ធ្វើ​ម្ហូប​ខ្មែរ​ជាដើម​ ​។​

​ដូច្នេះ​ សម្រាប់​លោក​ផ្ទាល់​ ​ត្រូវការ​រយៈពេល​ជាង​ ​២​សប្ដាហ៍​ ​ដើម្បី​អាច​សម្រប​ខ្លួន​ទទួលទាន​អាហារ​ជប៉ុន​មួយចំនួន​ធំ​។ ​ចំពោះ​អាកាសធាតុ​នៅ​ប្រទេស​ជប៉ុន​ រដូវ​ត្រជាក់​អាច​រហូតដល់​ក្រោម​សូន្យ​អង្សា​សេ ​ត្រជាក់​ខ្លាំង​ ​និង​មាន​អាកាសធាតុ​ក្តៅ​ខ្លាំង​ផងដែរ​ ​ចំពោះ​រដូវ​ទាំង​ពីរ​នេះ​ ​គឺ​អាចនឹង​ពិបាក​សម្រប​ខ្លួន​ក្នុង​ការ​រស់នៅ​ ​ពេល​រដូវ​ត្រជាក់​យើង​ប្រើ​ម៉ាស៊ីន​កម្ដៅ​ ​ពេល​រដូវ​ក្តៅ​យើង​ត្រូវ​ម៉ាស៊ីន​ត្រជាក់​។​

​២. ​ភាព​ខុសគ្នា​នៃ​វប្បធម៌​

​វប្បធម៌​ជប៉ុន​មាន​ភាព​ខុសគ្នា​ពី​កម្ពុជា​ ​ដូច្នេះ​ និស្សិត​ចាំបាច់​ត្រូវ​រៀនសូត្រ​បន្ថែម​ពី​វប្បធម៌ ​ពី​របៀប​ធ្វើការ​ជាមួយ​ជនជាតិ​ជប៉ុន​ សកម្មភាព​នៅ​ទី​សាធារណៈ​ ការ​រស់នៅ​ ​ដូចជា​ការ​គោរព​ពេលវេលា​ ​ជាដើម​។ ​តែ​យើង​អាច​រៀន​ពី​សង្គម​ជប៉ុន​ ​និង​អាច​បត់បែន​បាន​។​

​៣. ​ភាព​ខុសគ្នា​នៃ​ប្រព័ន្ធ​អប់រំ ​និង​ការ​ស្រាវជ្រាវ​

​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​អប់រំ​នៅក្នុង​ប្រទេស​ជប៉ុន​ ​គឺ​សិស្ស​និស្សិត​ត្រូវ​ រៀន​ ​និង​ស្រាវជ្រាវ​ដោយ​ខ្លួនឯង​ច្រើន​ជាង​នៅក្នុង​ថ្នាក់​។ ​ការ​សិក្សា​នៅ​ទីនោះ​ ​ទាមទារ​ការ​សិក្សា​ដោយ​ខ្លួនឯង​ ​ធ្វើ​ការ​ស្រាវជ្រាវ​បន្ថែម​ទៅលើ​មេរៀន​ដែល​បាន​រៀន​នៅក្នុង​ថ្នាក់​ ​ដោយ​ពេល​ខ្លះ​ ​ការ​ស្រាវជ្រាវ​អាច​លើស​ពី​អ្វី​ដែល​បាន​រៀន​ទៅ​ទៀត​។​

​លោក​បញ្ជាក់​ថា​ ​ការ​យក​កម្រិត​ពិន្ទុ​នៅ​ជប៉ុន​ ​គឺ​វាយតម្លៃ​លើ​សមត្ថភាព​ផ្អែក​លើ​ការ​គិត​ត្រិះរិះ ​និង​សមត្ថភាព​នៃ​ការ​ដោះស្រាយ​បញ្ហា​។ ​ដូច្នេះ​ ​រាល់​កិច្ចការ​ដែល​សាលា​ដាក់​ដល់​និស្សិត​ផ្អែក​លើ​ការ​ផ្ដល់​មតិ ​និង​យោបល់​នៃ​ការ​ដោះស្រាយ​បញ្ហា​ ​ដែល​មាន​លក្ខណៈ​សម​ហេតុផល​បែប​ជា​វិទ្យាសាស្ត្រ​។ ​ពិន្ទុ​តាម​មុខវិជ្ជា​នីមួយ​ៗ​ជា​ផ្នែក​មួយ​តែ​ប៉ុណ្ណោះ​ តែ​ការ​សរសេរ​អត្ថបទ​ស្រាវជ្រាវ​របស់​និស្សិត​ ​គឺជា​កត្តា​កំណត់​ការ​បញ្ចប់​ការ​សិក្សា​។​

​សម្រាប់​លោក​ ​គួយ​ ​ពៅ​ ​ផ្ទាល់​ ​ការ​សិក្សា​នៅ​ជប៉ុន​ពីរ​ឆ្នាំ​ ​គឺ​ចំណាយ​ពេល​រៀងរាល់​សប្ដាហ៍​ក្នុង​ម៉ោង​ ​Zemi​ ​(​ជា​សិក្ខាសាលា​ថ្នាក់​តូច​) ​ជួប​គ្រូ​ដឹកនាំ​ស្រាវជ្រាវ​ និង​បង្ហាញ​លទ្ធផល​ស្រាវជ្រាវ​ ​ដើម្បី​ធានា​ថា​ ​យើង​អាច​បញ្ចប់​ការ​សិក្សា​បាន​ដោយ​ជោគជ័យ​តាម​ពេលវេលា​គ្រោង​ទុក​។​

​ជាមួយគ្នា​នេះ​ លោក​ ​គួយ​ ​ពៅ​ ​ក៏​បាន​ផ្តល់​ជា​ដំបូន្មាន​ដល់​និស្សិត​ដែល​ចង់​បន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន​ ​គឺ​ចាំបាច់​ត្រូវ​មាន​គោលដៅ​ច្បាស់លាស់​ពី​ការ​រំពឹងទុក​នៅ​ប្រទេស​ជប៉ុន​ ​ដើម្បី​ពង្រឹង​សមត្ថភាព​លើ​ជំនាញ​របស់​ខ្លួន​ និង​ការ​ស្រាវជ្រាវ​។ ​និស្សិត​ដែល​ចង់​ដាក់ពាក្យ​ ​ត្រូវ​ពង្រឹង​សមត្ថភាព​ជា​មូលដ្ឋាន​ដូចជា​ ​គណិតវិទ្យា ​ភាសា​អង់គ្លេស​ និង​ការ​ស្រាវជ្រាវ​, ​លើស​ពី​នេះ​ ត្រូវ​ស្វែងយល់​ព័ត៌មាន​អាហារូបករណ៍​ ​និង​សាកលវិទ្យាល័យ​ដែល​ចង់​ទៅ​បន្ត​ការ​សិក្សា​ផ្អែក​លើ​ជំនាញ​របស់​ខ្លួន​។​ ករណី​និស្សិត​ចង់​ដាក់ពាក្យ​ត្រូវ​ស្វែងរក​ព័ត៌មាន​បន្ថែម​ពី​រៀម​ច្បង​ដែល​បាន​ឆ្លងកាត់​ការ​ដាក់ពាក្យ​ទទួលបាន​ជោគជ័យ​ពី​របៀប​សរសេរ​ពាក្យ​អាហារូបករណ៍​ ​និង​ការ​រៀបចំ​គម្រោង​ស្រាវជ្រាវ​ និង​ដំណាក់កាល​ផ្សេង​ៗ​ទៀត​។​

​ការ​ត្រៀមខ្លួន​ជាមុន​ក្នុង​ការ​ដាក់ពាក្យ​ ​ជា​ផ្នែក​មួយ​ដ៏​ធំ​ដែល​អាច​ឱ្យ​បេក្ខជន​យល់​ពី​នីតិវិធី​ក្នុង​ការ​ដាក់ពាក្យ​ ​និង​អាច​ស្វែងយល់​ពី​អ្វី​ដែល​ម្ចាស់​អាហារូបករណ៍​ចង់បាន​។ ​ដូច្នេះ​ ការ​ទទួលបាន​ព័ត៌មាន​មុនពេល​ដាក់ពាក្យ​ ​ក៏​ជា​ផ្នែក​មួយ​ដែល​អាច​ទទួលបាន​ប្រកួតប្រជែង​ជាមួយ​បេក្ខជន​ផ្សេង​ទៀត​ដ៏​មាន​គុណភាព​ ​និង​អាច​ទទួលបាន​ជោគជ័យ​ក្នុង​ការ​ដាក់​អាហារូបករណ៍​៕

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី ធ្លាប់មានបទពិសោធន៍ជាច្រើនឆ្នាំទៅលើការសរសេរព័ត៌មាន ជាអ្នករាយការណ៍ព័ត៌មាន និង​សម្របសម្រួល​កម្មវិធីផ្សេងៗ។ បច្ចុប្បន្ន កញ្ញា ជាអ្នករាយការណ៍ព័ត៌មាន និងសរសេរព័ត៌មានអប់រំ នៃ AMS Education ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា