វិធីសាស្ត្រធ្វើ​ឱ្យ​ការ​សិក្សា មាន "ភាពរីករាយ" | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វិធីសាស្ត្រធ្វើ​ឱ្យ​ការ​សិក្សា មាន "ភាពរីករាយ"

វិធីសាស្ត្រធ្វើ​ឱ្យ​ការ​សិក្សា មាន "ភាពរីករាយ"

យើងត្រូវទទួលស្គាល់ការពិតមួយថា ការសិក្សាមិនមែនជារឿងសប្បាយគ្រប់ពេលនោះទេ។ ជារឿយៗ នៅពេលយើងបើកសៀវភៅអាន យើងបែរជានឹកឃើញរឿងផ្សេងៗដែលចង់ធ្វើជាងការរៀនទៅទៀត។ ប៉ុន្តែ ដោយសារតែការសិក្សាជារឿងដែលមិនអាចខ្វះបាន តើយើងអាចធ្វើដូចម្តេចដើម្បីឱ្យវាក្លាយជាសកម្មភាពដែលយើងចង់ធ្វើ និងមានក្តីសុខ?

Advertisement

ខាងក្រោមនេះគឺជាគន្លឹះសំខាន់ៗ ដើម្បីជួយឱ្យការរៀនសូត្ររបស់អ្នកលែងជារឿងគួរឱ្យធុញ៖

១. បង្កើតចំណាប់អារម្មណ៍លើប្រធានបទដែលរៀន

អាថ៌កំបាំងដ៏ធំបំផុតនៃការរៀនគឺ “ការជ្រមុជខ្លួនទៅក្នុងខ្សែទឹកនៃចំណាប់អារម្មណ៍”។ កុំបង្ខំខ្លួនឯងឱ្យទន្ទេញមេរៀនដែលស្មុគស្មាញភ្លាមៗ ប៉ុន្តែត្រូវរកចំណុចដែលធ្វើឱ្យអ្នករំភើបជាមុនសិន។ ឧទាហរណ៍៖ បើអ្នកចង់រៀនអំពីប្រវត្តិសាស្ត្រ អ្នកអាចចាប់ផ្ដើមពីការមើលហ្គេម ឬខ្សែភាពយន្តដែលទាក់ទងនឹងសម័យកាលនោះ ដើម្បីឱ្យខួរក្បាលមានរូបភាពច្បាស់ និងចង់ដឹងបន្ត។

២. បណ្ដុះផ្នត់គំនិតរីកចម្រើន (Growth Mindset)

មនុស្សយើងមានផ្នត់គំនិតពីរប្រភេទ គឺ ផ្នត់គំនិតជាប់គាំង (Fixed Mindset) ដែលគិតថា ភាពឆ្លាតវៃជារឿងកំណត់មកពីកំណើត, ដូច្នេះនៅពេលជួបលំហាត់ពិបាក គេនឹងឆាប់បោះបង់ព្រោះគិតថា “ខ្ញុំមិនពូកែខាងហ្នឹងទេ”។ មួយទៀត គឺផ្នត់គំនិតរីកចម្រើន (Growth Mindset) ដែលគេជឿថា យើងអាចអភិវឌ្ឍខ្លួនបានតាមរយៈការព្យាយាម។ មនុស្សក្រុមនេះមើលឃើញ “ភាពពិបាក” គឺជា “ឱកាស” ក្នុងការអភិវឌ្ឍចំណេះដឹងថ្មី។ ដូច្នេះ នៅពេលអ្នកប្តូរមកប្រើផ្នត់គំនិតរីកចម្រើន អ្នកនឹងលែងសូវមានអារម្មណ៍ធុញថប់នឹងការរៀន ទោះបីជាមេរៀននោះពិបាកយ៉ាងណាក៏ដោយ។

៣. រកដៃគូសិក្សាដែលសក្តិសម

ការរៀនជាក្រុមអាចជួយឱ្យបរិយាកាសកាន់តែរស់រវើក ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំណុចពីរ ទី១ កុំឱ្យការរៀនក្លាយជាការជជែកលេង ដូច្នេះ ជ្រើសរើសដៃគូដែលមានគោលដៅច្បាស់លាស់ និងជួយរំលឹកគ្នាឱ្យផ្តោតលើមេរៀន។ ទី២ កុំពឹងផ្អែកលើគេទាំងស្រុង ត្រូវប្រាកដថា អ្នកទាំងពីរយល់ពីដំណោះស្រាយដូចគ្នា មិនមែនគ្រាន់តែចម្លងពីគ្នាឡើយ។

៤. ផ្លាស់ប្តូរបរិយាកាសជុំវិញខ្លួន

កន្លែងរៀនមានឥទ្ធិពលខ្លាំងលើអារម្មណ៍។ អ្នកអាចសាកល្បង បើកតន្ត្រីដែលជួយឱ្យមានអារម្មណ៍ស្ងប់ និងផ្ដោតអារម្មណ៍បានល្អ ឬសាកល្បងទៅបណ្ណាល័យ ឬហាងកាហ្វេដែលស្ងប់ស្ងាត់។ ការមានភេសជ្ជៈដែលអ្នកចូលចិត្ត (ដូចជា តែ ឬកាហ្វេ) នៅក្បែរខ្លួន ក៏អាចធ្វើឱ្យអ្នកមានអារម្មណ៍ចង់អង្គុយរៀនបានយូរដែរ។

៥. បង្កើតរង្វាន់លើកទឹកចិត្តសម្រាប់ខ្លួនឯង

ការមានគោលដៅរង្វាន់តូចៗ នឹងជួយបង្កើនកម្លាំងចិត្ត ដូចជា បើអានចប់ ១០ទំព័រ ខ្ញុំនឹងអនុញ្ញាតឱ្យខ្លួនឯងមើលរឿង ១ ភាគ ឬលេងហ្គេម ២០ នាទី។ ការកំណត់រង្វាន់ទុកជាមុន ជួយឱ្យខួរក្បាលមានភាពរំភើប និងចង់បញ្ចប់ការងារឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា