ការស្រាវជ្រាវ ៖ កាត់បន្ថយអាហារកែច្នៃកម្រិតខ្ពស់ អាចជួយបន្ធូរបន្ថយរោគសញ្ញានៃជំងឺបាក់ទឹកចិត្ត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការស្រាវជ្រាវ ៖ កាត់បន្ថយអាហារកែច្នៃកម្រិតខ្ពស់ អាចជួយបន្ធូរបន្ថយរោគសញ្ញានៃជំងឺបាក់ទឹកចិត្ត

ការស្រាវជ្រាវ ៖ កាត់បន្ថយអាហារកែច្នៃកម្រិតខ្ពស់ អាចជួយបន្ធូរបន្ថយរោគសញ្ញានៃជំងឺបាក់ទឹកចិត្ត

ការសិក្សាស្រាវជ្រាវថ្មីមួយដែលបានចុះផ្សាយនៅក្នុងព្រឹត្តិបត្រវេជ្ជសាស្ត្រ JAMA Psychiatry បានបង្ហាញថា ការកាត់បន្ថយការទទួលទានអាហារកែច្នៃកម្រិតខ្ពស់ (Ultra-Processed Foods ឬ UPFs) អាចជួយកាត់បន្ថយរោគសញ្ញានៃជំងឺបាក់ទឹកចិត្ត និងការថប់បារម្ភឱ្យមានភាពប្រសើរឡើង។

អ្វីទៅជាអាហារកែច្នៃកម្រិតខ្ពស់ (UPFs)?

យោងតាមប្រព័ន្ធចំណាត់ថ្នាក់ NOVA អាហារកែច្នៃកម្រិតខ្ពស់ គឺជាផលិតផលឧស្សាហកម្មដែលផ្សំឡើងពីសារធាតុចម្រាញ់ចេញពីអាហារ និងមានបន្ថែមសារធាតុគីមីផ្សេងៗដែលមិនត្រូវបានប្រើប្រាស់ក្នុងការចម្អិនអាហារតាមផ្ទះឡើយ។ ឧទាហរណ៍នៃអាហារប្រភេទនេះរួមមាន ភេសជ្ជៈមានជាតិហ្គាស និងជាតិស្ករ អាហារសម្រន់វេចខ្ចប់ស្រាប់ ស្ករគ្រាប់ សាច់ក្រក ហតដក និងនំប៉័ងផ្អែមៗជាដើម។

លទ្ធផលគួរឱ្យកត់សម្គាល់ពីការសិក្សា

ការសិក្សានេះបានធ្វើឡើងលើអ្នកចូលរួមចំនួន ២០ នាក់ ដែលមានអាយុចន្លោះពី ១៨ ដល់ ៨០ ឆ្នាំ (អាយុជាមធ្យម ៤៤ ឆ្នាំ) ដែលត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឺបាក់ទឹកចិត្ត មានបញ្ហាមេតាប៉ូលីស (ដូចជាលើសទម្ងន់ លើសឈាម ឬលើសជាតិខ្លាញ់) និងមានទម្លាប់ទទួលទានអាហារ UPFs ច្រើន។ ក្នុងអំឡុងពេលសិក្សា អ្នកចូលរួមត្រូវបានតម្រូវឱ្យរក្សាទម្លាប់នៃការប្រើថ្នាំ ការហាត់ប្រាណ និងការគេងឱ្យនៅដដែល ដោយគ្រាន់តែផ្លាស់ប្តូររបបអាហារ។

លទ្ធផលបានបង្ហាញថា៖

  • នៅពេលអ្នកចូលរួមកាត់បន្ថយការទទួលទានអាហារកែច្នៃកម្រិតខ្ពស់ បានជាង ៨៥% ពួកគេមានពិន្ទុវាស់វែងកម្រិតបាក់ទឹកចិត្ត និងការថប់បារម្ភទាបជាងមុនយ៉ាងច្បាស់ បើធៀបនឹងពេលទទួលទានរបបអាហារធម្មតារបស់ពួកគេ។
  • តាមរយៈរង្វាស់ជំងឺបាក់ទឹកចិត្ត (PHQ-9) ពិន្ទុជាមធ្យមរបស់អ្នកចូលរួមបានធ្លាក់ចុះពី ៨,៦៨ មកត្រឹម ៥,៥៣ នៅពេលពួកគេអនុវត្តរបបអាហារដែលមាន UPFs ទាប។

តើអាហារកែច្នៃកម្រិតខ្ពស់ជះឥទ្ធិពលដល់អារម្មណ៍យ៉ាងដូចម្តេច?

អ្នកជំនាញផ្នែកចិត្តវិទ្យា និងអាហារូបត្ថម្ភ បានពន្យល់ពីមូលហេតុចម្បងៗមួយចំនួនដែលធ្វើឱ្យអាហារទាំងនេះប៉ះពាល់ដល់សុខភាពផ្លូវចិត្ត៖

  • កង្វះសារធាតុចិញ្ចឹមសំខាន់ៗ៖ អាហារកែច្នៃកម្រិតខ្ពស់ ច្រើនតែខ្វះជាតិសរសៃ វីតាមីន និងសារធាតុរ៉ែ ដែលជាតម្រូវការចាំបាច់សម្រាប់សុខភាពខួរក្បាល។
  • ការរំខានដល់ប្រព័ន្ធពោះវៀន៖ គ្រឿងផ្សំមួយចំនួនដូចជា សារធាតុផ្អែមសិប្បនិម្មិត (Aspartame) អាចបំផ្លាញតុល្យភាពបាក់តេរីល្អក្នុងពោះវៀន។ លោកស្រីវេជ្ជបណ្ឌិត Dara Houp អ្នកចិត្តសាស្រ្តព្យាបាលបានលើកឡើងថា ពោះវៀនគឺជាកន្លែងផលិតសារធាតុបញ្ជូនសរសៃប្រសាទ Serotonin រហូតដល់ជាង ៩០% នៃរាងកាយ។ នៅពេលពោះវៀនមានបញ្ហា ការផលិតអ័រម៉ូនរីករាយនេះក៏ត្រូវរំខានដែរ។
  • ភាពតានតឹងអុកស៊ីតកម្ម និងការរលាក៖ ការញ៉ាំអាហារកែច្នៃកម្រិតខ្ពស់ ច្រើន ធ្វើឱ្យរាងកាយខ្វះសារធាតុប្រឆាំងអុកស៊ីតកម្ម (Antioxidants) ដែលមានក្នុងបន្លែ និងផ្លែឈើ នាំឱ្យមានការរលាកក្នុងរាងកាយ និងប៉ះពាល់ដល់អារម្មណ៍។

វិធីសាស្ត្រងាយៗក្នុងការកាត់បន្ថយអាហារកែច្នៃកម្រិតខ្ពស់

អ្នកជំនាញអាហារូបត្ថម្ភ Michelle Routhenstein បានណែនាំថា ការផ្លាស់ប្តូរមិនចាំបាច់ធ្វើឡើងដោយតឹងរ៉ឹងពេកនោះទេ ប៉ុន្តែគួរចាប់ផ្តើមពីចំណុចតូចៗដែលអាចធ្វើបានជាប្រចាំ៖

  1. ផ្លាស់ប្តូរអាហារដែលញ៉ាំញឹកញាប់បំផុត៖ សង្កេតមើលអាហារកែច្នៃកម្រិតខ្ពស់ ១ ឬ ២ មុខដែលអ្នកញ៉ាំរាល់ថ្ងៃ រួចប្តូរវាចេញ។ ឧទាហរណ៍៖ ប្តូរពីការផឹកភេសជ្ជៈផ្អែម មកផឹកទឹកធម្មតា ឬប្តូរពីនំកញ្ចប់ មកញ៉ាំផ្លែឈើ ឬគ្រាប់ធញ្ញជាតិវិញ។
  2. ចម្អិនអាហារនៅផ្ទះ៖ ព្យាយាមចម្អិនអាហារដោយប្រើប្រាស់គ្រឿងផ្សំធម្មជាតិស្រស់ៗឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។
  3. ផ្តោតលើអាហារធម្មជាតិ៖ រៀបចំរបបអាហារដោយផ្តោតលើបន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ និងប្រូតេអ៊ីនគ្មានខ្លាញ់។
  4. ជ្រើសរើសអាហារកែច្នៃកម្រិតទាប៖ អ្នកមិនចាំបាច់បោះបង់ភាពងាយស្រួលទាំងស្រុងនោះទេ។ អ្នកនៅតែអាចប្រើប្រាស់បន្លែបង្កក សណ្តែកកំប៉ុង ត្រីកំប៉ុង ស្រូវសាលី (Oats) ឬតៅហ៊ូ ដែលជាអាហារកែច្នៃកម្រិតស្រាល និងមានជីវជាតិខ្ពស់។

គោលដៅសំខាន់មិនមែនជាការតមអាហារកែច្នៃឱ្យបាន ១០០% នោះទេ ប៉ុន្តែគឺជាការកែប្រែទម្លាប់បន្តិចម្តងៗ ឆ្ពោះទៅរកការទទួលទានអាហារដែលសម្បូរទៅដោយជាតិសរសៃ ប្រូតេអ៊ីន ខ្លាញ់ល្អ និងវីតាមីន ដើម្បីទ្រទ្រង់ទាំងសុខភាពរាងកាយ និងសុខភាពផ្លូវចិត្តឱ្យកាន់តែរឹងមាំ៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា