រត់ត្រឹមតែ ១០នាទីក្នុងមួយថ្ងៃ ជួយទាំងសុខភាពកាយ និងផ្លូវចិត្ត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រត់ត្រឹមតែ ១០នាទីក្នុងមួយថ្ងៃ ជួយទាំងសុខភាពកាយ និងផ្លូវចិត្ត

រត់ត្រឹមតែ ១០នាទីក្នុងមួយថ្ងៃ ជួយទាំងសុខភាពកាយ និងផ្លូវចិត្ត

ការរត់គឺជាទម្រង់ នៃ ការហាត់ប្រាណដ៏ពេញនិយម ព្រោះថា មិនត្រូវការឧបករណ៍សុំាញុំាច្រើន ហើយ អ្នកអាចធ្វើវាបាន នៅគ្រប់ទីកន្លែង ឬ គ្រប់ពេលវេលា។ «រត់» ធ្វើឱ្យ​បេះដូង របស់អ្នករឹងមាំ ជួយអ្នកបង្កើតសាច់ដុំ និង បង្កើនអារម្មណ៍ល្អ។ មិនចាំបាច់ ជាអ្នករត់ម៉ារ៉ាតុង សូម្បីតែការរត់ ត្រឹមរយៈពេល១០នាទី ជារៀងរាល់ថ្ងៃ គឺគ្រប់គ្រាន់ដើម្បីកែលម្អ ទាំងសុខភាពផ្លូវចិត្ត និង រាងកាយរបស់អ្នកដោយ​មិននឹកស្មានដល់។

Advertisement

១. ការរត់ផ្តល់អត្ថប្រយោជន៍ចំពោះសុខភាពរាងកាយ

ការពារជំងឺបេះដូង ៖ ការរត់ ១០នាទីក្នុងមួយថ្ងៃ កាត់បន្ថយហានិភ័យនៃជំងឺគាំងសរសៃឈាមបេះដូងបានរហូតដល់ ៥០%។
គេងលក់ស្កប់ស្កល់ ៖ ជួយឱ្យរាងកាយបញ្ចេញសារធាតុ Endorphins ដែលធ្វើឱ្យអ្នកឆាប់គេងលក់ និងគេងបានជ្រៅ។
ឆ្អឹង និងសន្លាក់រឹងមាំ ៖ ការសិក្សាបង្ហាញថា អ្នករត់ជាប្រចាំមានអត្រាឈឺជង្គង់ និងខ្នងទាបជាងអ្នកមិនរត់។
ពង្រឹងប្រព័ន្ធភាពស៊ាំ ៖ រត់យ៉ាងហោច ៥ថ្ងៃក្នុងមួយសប្តាហ៍ អាចកាត់បន្ថយការឆ្លងជំងឺផ្លូវដង្ហើម និងផ្តាសាយបានដល់ទៅ ៤៣%។
គ្រប់គ្រងទម្ងន់ ៖ ជួយដុតកាឡូរី បង្ការជំងឺទឹកនោមផ្អែមប្រភេទទី២ និងការធាត់លើសទម្ងន់។

២. អត្ថប្រយោជន៍ចំពោះសុខភាពផ្លូវចិត្ត

ពង្រឹងការចងចាំ ៖ ការរត់ជួយឱ្យចង្វាក់បេះដូងដើរល្អ បញ្ជូនឈាមទៅចិញ្ចឹមខួរក្បាល ធ្វើឱ្យការចងចាំកាន់តែប្រសើរ។
កាត់បន្ថយស្រ្តេស និងការបាក់ទឹកចិត្ត ៖ ការរត់ត្រឹម ១៥នាទី អាចកាត់បន្ថយការកើតជំងឺបាក់ទឹកចិត្តបាន ២៦% និងជួយកាត់បន្ថយអរម៉ូនស្រ្តេស (Cortisol)។
អារម្មណ៍ស្រស់ស្រាយ៖ ការរត់នៅទីធ្លាខាងក្រៅជាមួយធម្មជាតិ ផ្តល់នូវភាពស្ងប់ស្ងាត់ និងបង្កើនថាមពលវិជ្ជមាន។

៣. តិចនិកជំរុញទឹកចិត្ត ៖ ធ្វើដូចម្តេចឱ្យចង់រត់ជារៀងរាល់ថ្ងៃ?

បើតាមគេហទំព័រ Web MD របស់អាមេរិក ដែលផ្សព្វផ្សាយព័ត៌មាន អំពីសុខភាព និង សុខុមាលភាពរបស់មនុស្ស បានបង្ហាញថា ការមានគោលដៅ ក្នុងចិត្ត ដែលចង់សំដៅ រត់ដើម្បីអ្វី នោះគឺជាវិធីសាស្ត្រ ជំរុញយើង រក្សាការប្តេជ្ញាចិត្ត។ ជាឧទាហរណ៍ថា យើងរត់ ដើម្បីកែលម្អ កាយសម្បទា ឬអាចចង់បានរូបរាង្គស្អាត ល្អ រឹងមាំ, ដើម្បីសម្រកទម្ងន់ ឬ ហ្វឹកហាត់ សម្រាប់ការប្រណាំងប្រជែង ជាដើម។ មិនថា គោលដៅរបស់អ្នកជាអ្វីនោះទេ គ្រាន់តែធ្វើឱ្យប្រាកដថា វាមានភាពប្រាកដនិយម និងជាក់លាក់ ដែលមានន័យថា សកម្មភាពរត់ របស់យើង សមនឹងរបៀបរស់នៅ, សមត្ថភាព និង អាចវាស់វែងបាន ដូច្នេះ យើងអាចតាមដានវឌ្ឍនភាព ពីការរត់នេះ។

៤. វិធីការពាររបួសពេលរត់

ដើម្បីរត់បានយូរអង្វែង និងគ្មានរបួស អ្នកគួរ៖
កម្តៅសាច់ដុំ ៖ ចំណាយពេល ២-៣ នាទីលាតសន្ធឹងដៃជើងមុន និងក្រោយពេលរត់។
ជ្រើសរើសស្បែកជើងឱ្យត្រូវ ៖ ប្រើស្បែកជើងសម្រាប់រត់ និងស្លៀកពាក់ឱ្យសមស្របតាមអាកាសធាតុ។
កុំបង្ខំល្បឿន ៖ បង្កើនចម្ងាយ និងល្បឿនបន្តិចម្តងៗតាមសមត្ថភាពជាក់ស្តែង។
រត់លើផ្ទៃរាបស្មើ ៖ ជៀសវាងការរត់លើផ្ទៃរអិល ឬដីបេតុងរឹងពេក បើអាចគួររត់លើដីទន់ល្មម។

យ៉ាងណាក៏ដោយ​ជា​ដំបូន្មានពីអ្នកជំនាញ ប្រសិនបើអ្នកមានបញ្ហាសុខភាពស្រាប់ ឬមិនបានហាត់ប្រាណយូរឆ្នាំមកហើយ គួរពិភាក្សាជាមួយគ្រូពេទ្យជាមុនសិន មុន​នឹងចាប់ផ្តើមកម្មវិធីរត់៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា