រត់​យឺត​ៗ​ ​ឬ​ Slow ​Jogging ​ត្រឹម​ ​១០ ​នាទី ​ជួយ​ផ្លាស់ប្តូរ​ទាំង​សុខភាព​ផ្លូវកាយ ​និង​ផ្លូវចិត្ត​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រត់​យឺត​ៗ​ ​ឬ​ Slow ​Jogging ​ត្រឹម​ ​១០ ​នាទី ​ជួយ​ផ្លាស់ប្តូរ​ទាំង​សុខភាព​ផ្លូវកាយ ​និង​ផ្លូវចិត្ត​

រត់​យឺត​ៗ​ ​ឬ​ Slow ​Jogging ​ត្រឹម​ ​១០ ​នាទី ​ជួយ​ផ្លាស់ប្តូរ​ទាំង​សុខភាព​ផ្លូវកាយ ​និង​ផ្លូវចិត្ត​

​មនុស្ស​ជា​ច្រើន​តែង​យល់​ថា​ ​ការ​ហាត់ប្រាណ​ដើម្បី​ទទួល​បាន​សុខភាព​ល្អ​ ​ទាមទារ​ឱ្យ​មាន​ការ​បញ្ចេញ​កម្លាំង​ខ្លាំង ​រត់​ឱ្យ​អស់​ល្បឿន ​ឬ​ធ្វើ​លំហាត់ប្រាណ​រហូតដល់​អស់​កម្លាំង​ល្ហិតល្ហៃ​។ ​ប៉ុន្តែ​ បច្ចុប្បន្ន​នេះ​ និន្នាការ​ហាត់ប្រាណ​ថ្មី​មួយ​ដែល​កំពុង​ផ្ទុះ​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​លើ​បណ្តាញ​សង្គម​ ​មកពី​ប្រទេស​ជប៉ុន​ ​និង​កូរ៉េ​ខាង​ត្បូង​ ​គឺ​ ​«​Slow ​Jogging​»​ ​ឬ​ការ​រត់​ក្នុង​ល្បឿន​យឺត ​ដែល​កំពុង​ផ្លាស់ប្តូរ​ទស្សនៈ​នៃ​ការ​ហាត់ប្រាណ​បែបប្រពៃណី។

​អ្នក​ជំនាញ​ផ្នែក​កាយសម្បទា​បាន​លើកឡើង​ថា​ ​ការ​រត់​ត្រឹក​ៗ​យឺត​ៗ​នេះ​ ​ជា​ការ​បោះជំហាន​ខ្លី​ៗ​ក្នុង​ល្បឿន​ស្រាល​ស្រទន់ ​ដែល​ស្ថិត​នៅ​ចន្លោះ​កណ្តាល​រវាង​ការ​ដើរ ​និង​ការ​រត់​ធម្មតា​។ ​លើស​ពី​នេះ​ វា​ក៏​ជា​សកម្មភាព​សង្គម​ដ៏​រីករាយ​មួយ​ ព្រោះ​អ្នក​ហាត់​អាច​ជជែកគ្នា​លេង​បាន​យ៉ាង​ស្រួល​ក្នុងពេល​កំពុង​រត់។

​តើ​ ​Slow ​Jogging ​គឺជា​អ្វី​?​

Slow ​Jogging ​គឺជា​ការ​រត់ក្នុង​ល្បឿន​មួយ​ដែល​លឿន​ជាង​ការ​ដើរ​បន្តិចបន្តួច​ប៉ុណ្ណោះ​។ ​នៅ​ប្រទេស​ជប៉ុន​ ​គេ​ច្រើន​ហៅ​ការ​រត់​បែបនេះ​ថា​ ​«​Niko ​Niko Running​» ​ដែល​មាន​ន័យ​ថា​ ​«​ការ​រត់​ទាំង​ស្នាមញញឹម​»​។

​នៅក្នុង​ផ្នែក​វេជ្ជសាស្ត្រ​កីឡា​ ​ល្បឿន​នេះ​ត្រូវ​បាន​ចាត់ទុកជា​ការ​ហ្វឹកហាត់​ក្នុង​កម្រិត​ ​Zone 2 ​ពោលគឺ​អត្រា​ចង្វាក់​បេះដូង​លោត​ក្នុង​កម្រិត​បង្គួរ​ ​ចន្លោះ​ពី​ ​៦០​ ​ទៅ​ ៧០​ ​ភាគរយ ​នៃ​សមត្ថភាព​អតិបរមា​របស់​បេះដូង​។

​លោក​វេជ្ជបណ្ឌិត​ ថូម៉ាស​ ដេននីងហ្គឺ ​(​Thomas Denninger​)​ ​អ្នក​ឯកទេស​ចលនា​សម្បទា​មកពី​រដ្ឋ​ ​South ​Carolina ​បាន​គូសបញ្ជាក់​ថា​ ​«​ការ​ហាត់ប្រាណ​មិន​ចាំបាច់​ទាល់តែ​ខ្លាំងក្លា ​ទើប​ទទួល​បាន​ប្រសិទ្ធភាព​នោះ​ទេ​។ ​មនុស្ស​ភាគ​ច្រើន​យល់​ច្រឡំ​ថា​ ​ត្រូវតែ​ធ្វើ​លំហាត់ប្រាណ​ធ្ងន់​ៗ​ ​(​HI​IT​)​ ​ឬ​រត់​ឱ្យ​អស់​ពី​កម្លាំង​ ​ប៉ុន្តែ​ការពិត​មិន​ដូច្នោះ​ឡើយ​»​។

​អត្ថ​ប្រយោជន៍​ចម្បង​ៗ​ចំពោះ​សុខភាព​

យោង​តាម​ការ​សិក្សា​ ​និង​ការ​បញ្ជាក់​ពី​អ្នក​ជំនាញ​សុខភាព​ ការ​រត់​ត្រឹក​ៗ​យឺត​ៗ​ផ្តល់​អត្ថប្រយោជន៍​សំខាន់​ៗ​មួយចំនួន​ដូចជា​៖​

​១​.​ ​កាត់បន្ថយ​សម្ពាធ​ផ្លូវចិត្ត​ ​និង​ងាយស្រួល​អនុវត្ត​ជាប់​លាប់ ​៖​ ​មនុស្ស​ជា​ច្រើន​ខ្លាច​ការ​រត់​ ព្រោះ​ខ្លាច​ហត់​ដង្ហក់ ​ឬ​មិន​អាច​តាម​ទាន់​អ្នក​ដទៃ​។ Slow ​Jogging ​បំបាត់​ឧបសគ្គ​ផ្លូវចិត្ត​ទាំងនេះ ​ដែល​ធ្វើឱ្យ​មនុស្ស​ងាយស្រួល​ចាប់ផ្តើម​ ​និង​រក្សា​ទម្លាប់​បាន​យូរ​អង្វែង។

​២​.​ ​ពង្រឹង​សុខភាព​បេះដូង ​និង​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់ ​៖​ ​ទោះបីជា​មាន​ល្បឿន​យឺត ​ប៉ុន្តែ​វា​ជួយ​ឱ្យ​បេះដូង​ ​និង​សួត​ដំណើរការ​បាន​ល្អ​។ ការ​ហ្វឹកហាត់​ក្នុង​កម្រិត​ ​Zone 2 ​ក៏​ជួយ​រាងកាយ​ឱ្យ​ទាញ​យក​ជាតិ​ខ្លាញ់​មក​ដុត​បំផ្លាញ​ជា​ថាមពល​ចម្បង​ផងដែរ។

​៣​.​ ​ជួយ​ដល់​សុខភាព​ខួរក្បាល ​និង​អារម្មណ៍​ ​៖​ ការ​សិក្សា​ថ្មី​មួយ​ដែល​ចុះ​ផ្សាយ​ក្នុង​ទស្សនាវដ្តី​ ​Imaging ​Neuroscience ​បាន​រកឃើញ​ថា​ ​ការ​រត់​យឺត​ៗ​ត្រឹមតែ​ ​១០ ​នាទី​ ​អាច​ជួយ​កែលម្អអារម្មណ៍​ ​មុខងារ​ប្រតិបត្តិការ​របស់​ខួរក្បាល​ ​និង​បង្កើន​សមត្ថភាព​នៃ​ការ​គិត​ឱ្យ​កាន់តែ​ប្រសើរឡើង។​

៤​.​ ​បង្កើន​ការ​ស៊ូទ្រាំ​ ​(​Endurance​)​ ៖​ ការ​រត់​យឺត​ៗ​ជួយ​ពង្រឹង​សាច់ដុំ​ ​សរសៃ​ពួរ ​និង​ឆ្អឹង​ ​ឱ្យ​ស៊ាំ​ទៅ​នឹង​កម្លាំង​ទង្គិច​នៃ​ការ​រត់​បន្តិច​ម្តង​ៗ​ ​ដោយ​មិន​បង្ក​ភាព​នឿយ​ហត់​ខ្លាំង​ពេក​ឡើយ។

​គន្លឹះ​ងាយ​ៗ​ដើម្បី​ចាប់ផ្តើម​ Slow ​Jogging

​សម្រាប់​អ្នក​ដែល​ចង់​ចាប់ផ្តើម​ ​អាច​អនុវត្ត​តាម​ការ​ណែនាំ​ដូច​ខាង​ក្រោម​៖​

​អនុវត្ត​ឆ្លាស់​គ្នា​ ​៖​ ​ចាប់ផ្តើម​ដោយ​ការ​ដើរ​ឆ្លាស់​គ្នា​ជាមួយ​ការ​រត់​ត្រឹក​ៗ​យឺត​ៗ ​រួច​សឹម​បង្កើន​រយៈពេល​នៃ​ការ​រត់​ឱ្យ​បាន​វែង​ជាង​មុន​ជា​លំដាប់។​

​វាស់ស្ទង់​ដោយ​ការ​សន្ទនា ​៖ ​ប្រសិនបើ​អ្នក​នៅតែ​អាច​និយាយ​ពេញ​មួយ​ប្រយោគ​ ​ឬ​ជជែកគ្នា​លេង​បាន​ដោយ​មិន​ដង្ហក់ ​នោះ​មាន​ន័យ​ថា​អ្នក​កំពុង​ស្ថិត​ក្នុង​ល្បឿន​ត្រឹមត្រូវ​ហើយ។

​ស្តាប់​សញ្ញា​របស់​រាងកាយ​ ​៖​ ​ក្រោយពេល​ហាត់​ ​សាច់ដុំ​គួរតែ​មាន​អារម្មណ៍​ថា​រឹងមាំ​ ​មិន​មែន​ឈឺ​ចាប់​ខ្លាំង​ហួសហេតុ​នោះ​ទេ​។ ប្រសិនបើ​មាន​ការ​ឈឺ​ចាប់​សន្លាក់ ​ឬ​សាច់ដុំ​ខុស​ប្រក្រតី ​នោះ​ជា​សញ្ញា​បញ្ជាក់​ថា​អ្នក​ត្រូវ​សម្រាក។

​តើ​នរណា​ខ្លះ​គួរ ​និង​មិន​គួរ​អនុវត្ត​?​

​Slow ​Jogging ​គឺ​ស័ក្តិសម​បំផុត​សម្រាប់​ ​អ្នក​ទើប​ចាប់ផ្ដើម​ហាត់ប្រាណ​ដំបូង​,​ ​អ្នក​ដែល​ទើប​ជា​សះស្បើយ​ពី​ជំងឺ​,​ ​ឬ​អ្នក​ដែល​ចង់​ពង្រឹង​សុខភាព​បេះដូង​ ​ប៉ុន្តែ​មិន​ចូលចិត្ត​ការ​បញ្ចេញ​កម្លាំង​ខ្លាំងក្លា។

ការ​ក្រើន​រំលឹក​ ​៖​ ​ទោះបី​ជា​វា​ជា​ការ​រត់​យឺត​ៗ​ក៏​ដោយ​ វា​នៅតែ​មាន​កម្លាំង​ទង្គិច​ខ្លះ​ៗ​ទៅលើ​សន្លាក់​ ​និង​សាច់ដុំ​។ ​ដូច្នេះ ​សម្រាប់​បុគ្គល​ដែល​មាន​ជំងឺ​ប្រចាំ​កាយ​ទាក់ទង​នឹង​បេះដូង​ ​ឬ​បញ្ហា​សន្លាក់​ធ្ងន់ធ្ងរ​ គប្បី​ពិគ្រោះយោបល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​ជា​មុន ​មុននឹង​ចាប់ផ្តើម​ការ​ហ្វឹកហាត់៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា