តិចនិកសន្សំលុយឱ្យមានប្រសិទ្ធភាពសម្រាប់និស្សិត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តិចនិកសន្សំលុយឱ្យមានប្រសិទ្ធភាពសម្រាប់និស្សិត

តិចនិកសន្សំលុយឱ្យមានប្រសិទ្ធភាពសម្រាប់និស្សិត

ការរស់នៅជានិស្សិត ជារឿយៗតែងតែជួបបញ្ហាខ្វះមុខខ្វះក្រោយ។ ប៉ុន្តែ បើអ្នកចេះរៀបចំផែនការឱ្យបានត្រឹមត្រូវ អ្នកនឹងអាចរស់នៅបានយ៉ាងស្រួល ហើយថែមទាំងមានលុយសល់ទៀតផង។ ខាងក្រោមនេះ គឺជាគន្លឹះចំនួន៤ ដែលនិស្សិតរស់ឆ្ងាយពីផ្ទះ អាច​ប្រើប្រាស់​ក្នុងការសន្សំ ៖

Advertisement

១. រូបមន្តបែងចែកលុយ ៥០-៣០-២០ (50-30-20 Rule) ៖ រូបមន្តនេះជួយឱ្យអ្នកដឹងថា តើគួរចំណាយលុយលើអ្វីខ្លះ

៥០% តម្រូវការចាំបាច់ (Needs) ដូចជា ថ្លៃឈ្នួលផ្ទះ/អន្តេវាសិកដ្ឋាន, ទឹក-ភ្លើង, អ៊ីនធឺណិត, ម្ហូបអាហារ, សម្ភារៈសិក្សា, និងថ្លៃធ្វើដំណើរ។

៣០% សម្រាប់ទិញរបស់ដែលចង់បាន ដូចជា ការកម្សាន្ត (មើលកុន ស្តាប់តន្រ្តី), ទិញសម្លៀកបំពាក់ថ្មីៗ និងដំណើរកម្សាន្តផ្សេងៗ។

២០% សម្រាប់ការសន្សំ (Savings) អាចជាប្រាក់សន្សំសម្រាប់គ្រាអាសន្ន, ការសងប្រាក់កម្ចីសិក្សា, ឬសន្សំទុកសម្រាប់គោលដៅធំៗនៅថ្ងៃអនាគត។

២. យុទ្ធសាស្ត្រ Full Belly (ពោះឆ្អែត) ៖ ក្បួននេះសាមញ្ញ តែមានប្រសិទ្ធភាពខ្លាំង, ដូចជា កុំទៅផ្សារទាំងឃ្លាន ប្រសិនបើអ្នកទៅទិញអីវ៉ាន់ទាំងពោះទទេ អ្នកនឹងងាយចាញ់បោក “ក្រពះ” ខ្លួនឯង ដោយទិញរបស់មិនចាំបាច់ច្រើនពេក (ដូចជានំកញ្ចប់ ឬអាហារសម្រន់ដែលមិនមានផ្តល់ជីវជាតិ)។ កាត់បន្ថយការញ៉ាំក្រៅ ដោយកំណត់ចំនួនដងដែលត្រូវញ៉ាំអីនៅហាងក្នុងមួយខែ។ ការរៀនធ្វើម្ហូបញ៉ាំខ្លួនឯងនៅផ្ទះ មិនត្រឹមតែចំណេញលុយទេ តែថែមទាំងមានអនាម័យទៀតផង។

៣. រៀបចំកញ្ចប់ថវិកា (Budgeting) ៖ កុំចាំតែចាយអស់ទើបឆ្ងល់ថា “លុយទៅណាអស់?” ត្រូវអនុវត្ត ៣ ជំហាននេះ៖

ជំហានទី ១៖ ប្រមូលព័ត៌មាន, កត់ត្រាចំណូល (អាហារូបករណ៍, ម៉ាក់ប៉ាឱ្យ, ការងារក្រៅម៉ោង)។ បញ្ជីចំណាយប្រចាំខែ និងបំណុលដែលត្រូវសង។

ជំហានទី ២៖ បង្កើតផែនការ, បែងចែកលុយទៅតាមអាទិភាព (របស់ចាំបាច់ត្រូវមានមុនគេ)។

ជំហានទី ៣៖ តាមដានការចំណាយ, ផ្ទៀងផ្ទាត់រាល់ថ្ងៃ ឬរាល់សប្តាហ៍ ដើម្បីដឹងថាអ្នកកំពុងចាយលើសផែនការដែរឬទេ និងកែតម្រូវវាភ្លាមៗ។

៤. ប្រើប្រាស់របស់ជជុះ (Second Hand) ៖ របស់ថ្មីមិនមែនល្អជានិច្ចនោះទេ ជាពិសេសសម្រាប់កាបូបលុយនិស្សិត, ដូច្នេះ អ្នកគួរកុំទិញសៀវភៅថ្មីដែលមានតម្លៃថ្លៃ បើអ្នកប្រើវាតែមួយឆមាស។ ព្យាយាមខ្ចីពីបណ្ណាល័យ ឬទិញសៀវភៅពីសិស្សច្បង។

លក់របស់ដែលឈប់ប្រើ, សម្លៀកបំពាក់ គ្រឿងសង្ហារឹម ឬឧបករណ៍អេឡិចត្រូនិចដែលអ្នកលែងប្រើ អាចយកទៅលក់តាមអនឡាញដើម្បីបានលុយមកវិញខ្លះ។

តែយ៉ាងណាចូរចាំថា ការសន្សំមិនមែនមានន័យថា ត្រូវធ្វើបាបខ្លួនឯងមិនឱ្យចាយទាល់តែសោះនោះទេ ប៉ុន្តែវាគឺជាការ “ចាយដោយឆ្លាតវៃ” ដើម្បីកុំឱ្យមានសម្ពាធហិរញ្ញវត្ថុនៅថ្ងៃក្រោយ៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា